ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ដែល​មាន​ទំនោរ​រក​អឺរ៉ុប​នៅតែ​គ្រប់គ្រង​រដ្ឋសភា​អឺរ៉ុប​ទោះបីជា​ចាញ់​ឆ្នោត​ក៏​ដោយ


កុមារ​ម្នាក់​គ្រវី​ទង់ជាតិ​អឺរ៉ុប​ខណៈដែល​ខ្លួន​កំពុង​មើល​កញ្ចក់ទូរទស្សន៍​ដ៏​ធំនៅ​ខាងក្រៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុចសែល​ប្រទេស​ប៊ែលហ្ស៊ិកកាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
កុមារ​ម្នាក់​គ្រវី​ទង់ជាតិ​អឺរ៉ុប​ខណៈដែល​ខ្លួន​កំពុង​មើល​កញ្ចក់ទូរទស្សន៍​ដ៏​ធំនៅ​ខាងក្រៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុចសែល​ប្រទេស​ប៊ែលហ្ស៊ិកកាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

ការ​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​របស់​គណបក្ស​ប្រកាន់​គោលការណ៍​បៃតង និង​របស់​គណបក្ស​សេរី​និយម និង​គណបក្ស​រិះគន់​សហភាព​អឺរ៉ុប ត្រូវ​គេ​រំពឹង​ថា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ប្រេះស្រាំ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋសភា​របស់​សហភាព​អឺរ៉ុប។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​នានា​នៅ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា​កន្លង​ទៅ​នេះ ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សហភាព​អឺរ៉ុប និង​អំពី​បេក្ខជន​ដែល​ត្រូវ​ជំនួស​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker។

លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​កណ្ដាល​និយម​បាន​បាត់បង់​មូលដ្ឋាន​គាំទ្រ​មួយ​ចំនួន ចំណែក​ឯ​គណបក្ស​ស្ដាំ​និយម​ជ្រុល និង​ប្រជា​និយម ដែល​ប្រកាន់​គោលការណ៍​ប្រឆាំង​នឹង​អន្តោប្រវេសន៍ ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដូចជា​ចក្រភព​អង់គ្លេស អ៊ីតាលី និង​បារាំង​ជា​ដើម។

ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រកាន់​គោលការណ៍​បៃតង ដែល​ផ្ដោត​គោល​នយោបាយ​លើ​យុត្តិធម៌​សង្គម បរិស្ថាន និង​អំពើ​អហិង្សា ក៏​ដូចជា​គណបក្ស​សេរី​និយម​ផ្សេង​ទៀត ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​ខ្លាំង​បំផុត ដែល​ករណី​នេះ​បង្ហាញ​ថា បញ្ហា​សន្តិសុខ​បរិស្ថាន និង​សន្តិសុខ​សេដ្ឋកិច្ច​គឺ​ជា​បញ្ហា​ចម្បង​សម្រាប់​អ្នក​បោះ​ឆ្នោត​នៅ​ទ្វីប​អឺរ៉ុប។

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហភាព​អឺរ៉ុប ឧបនាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីតាលី​លោក Matteo Salvini ដែល​ជា​មេដឹកនាំ​នៃ​គណបក្ស​សម្ព័ន្ធ​ស្ដាំ​និយម បាន​និយាយ​ថា ជ័យជំនះ​របស់​គណបក្ស​ជាតិ​និយម​នានា​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន ២៨ ជា​សមាជិក។

លោក Matteo Salvini បាន​បញ្ជាក់​ដូច្នេះ​ថា៖

«គណបក្ស​សម្ព័ន្ធ​ភាព​គឺ​ជា​គណបក្ស​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ចំណែក​ឯ​គណបក្ស​របស់​អ្នកស្រី Marine Le Pen គឺ​ជា​គណបក្ស​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​បារាំង រី​ឯ​គណបក្ស Brexit របស់​លោក Nigel Farage វិញ គឺ​ជា​គណបក្ស​ដំបូង​គេ​នៅ​ក្នុង​ចក្រភព​អង់គ្លេស [ដែល​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត]។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា ទ្វីប​អឺរ៉ុប​កំពុង​ផ្លាស់ប្ដូរ»។

លោក Steve Bannon ដែល​ជា​អតីត​អ្នក​យុទ្ធសាស្ត្រ​ប្រចាំ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បាន​ទស្សន៍ទាយ​ស្រដៀង​គ្នា​នេះ​ដែរ។

លោក Steve Bannon បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ចលនា​សមាហរណកម្ម ដែល​ជា​ឥទ្ធិពល​មាន​ជា​បន្ត និង​មិន​ងាយ​ប្រែប្រួល ដែល​ជា​អ្វី​ដែល​ទ្វីប​អឺរ៉ុប​បង្ហាញ​ឲ្យ​ឃើញ​កន្លង​មក ឥឡូវ​នេះ​បាន​រលាយ​បាត់​បង់​ហើយ។ អ្នក​នឹង​មិន​ឃើញ​ចលនា​នេះ​ទៀត​ទេ​នៅ​សហភាព​អឺរ៉ុប។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker ឬ​ក៏​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត។ ប៉ុន្តែ ពួកគេ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ទ្វីប​អឺរ៉ុប​មិន​គាំទ្រ​រឿង​នេះ​ទេ»។

ប៉ុន្តែ លោក Guy Verhofstadt ដែល​ជា​មេដឹកនាំ​នៃ​គណបក្ស​សម្ព័ន្ធ​ភាព​អ្នក​សេរី​និយម និង​អ្នក​ប្រជាធិបតេយ្យ​និយម​សម្រាប់​ក្រុម​អឺរ៉ុប​នៅ​ក្នុង​រដ្ឋសភា​អឺរ៉ុប បាន​និយាយ​ថា រឿង​នេះ​មិន​ទៅ​ជា​ដូច្នេះ​ទេ។

លោក Guy Verhofstadt បញ្ជាក់​ដូច្នេះ​ថា៖ «ជ័យជំនះ​ដ៏​ធំ​បំផុត​គឺ​សម្រាប់​ក្រុម​អ្នក​សេរី​និយម។ ប្រហែល​ជា​អ្នក​មិន​បាន​ដឹង​ទេ​នៅ​ល្ងាច​នៃ​ថ្ងៃ​បោះ​ឆ្នោត​នោះ។ ប៉ុន្តែ ពួក​យើង​គឺ​ជា​អ្នក​ដែល​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន គឺ​បាន​ជាង ៤០ អាសនៈ​នៅ​ពេល​នោះ ហើយ​ឥឡូវ​នេះ ពួក​យើង​ក្លាយ​ជា​ក្រុម​ដ៏​ធំ​ដោយ​ទទួល​បាន​អាសនៈ​ប្រហែល ១១០ អាសនៈ ហើយ​អាច​ច្រើន​ជាង​នេះ​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ប្រជាប្រិយភាព [របស់​គណបក្ស​នីមួយៗ] គឺ​អាស្រ័យ​លើ​តុល្យភាព​អំណាច​ថ្មី​នៅ​ក្នុង​រដ្ឋសភា​អឺរ៉ុប»។

ការ​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​របស់​គណបក្ស​ប្រកាន់​គោលការណ៍​បៃតង និង​របស់​គណបក្ស​សេរី​និយម និង​គណបក្ស​រិះគន់​សហភាព​អឺរ៉ុប ត្រូវ​គេ​រំពឹង​ថា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ប្រេះស្រាំ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋសភា​របស់​សហភាព​អឺរ៉ុប។

ប៉ុន្តែ ទោះបីជា​គណបក្ស​ដែល​មាន​ទំនោរ​ទៅ​រក​សហភាព​អឺរ៉ុប​ចាញ់​ការ​គាំទ្រ​មួយ​ចំនួន​ក៏​ដោយ ក៏​ពួកគេ​នៅតែ​រក្សា​ការ​គ្រប់គ្រង​អំណាច​យ៉ាង​ខ្លាំងក្លា​ដដែល​នៅ​ក្នុង​រដ្ឋសភា​សហភាព​អឺរ៉ុប បន្ទាប់ពី​ការ​បោះ​ឆ្នោត។

មេដឹកនាំ​នយោបាយ​នានា​បាន​និយាយ​ថា អ្នក​បោះ​ឆ្នោត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាទិភាព​របស់​ពួកគេ​គឺ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​ទូទាំង​សហភាព​អឺរ៉ុប។ នាយករដ្ឋមន្ត្រី​ហូឡង់​លោក Mark Rutte បាន​និយាយ​ថា បញ្ហា​ទាំង​អស់​នេះ​នឹង​ក្លាយជា​ចំណុច​ផ្ដោត​ចម្បង​បំផុត​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ហើយ​ក៏​នឹង​ប៉ះពាល់​ដល់​ការ​ជ្រើសរើស​ប្រធាន​បន្ទាប់​នៃ​គណៈកម្មការ​អឺរ៉ុប ដើម្បី​ជំនួស​តំណែង​របស់​លោក Jean-Claude Juncker ដែល​នឹង​ជិត​អស់​អាណត្តិ​ផង​ដែរ។

លោក Mark Rutte និយាយ​ដូច្នេះ​ថា៖ «ប្រសិនបើ​អាទិភាព​នៅ​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ផ្ដោត​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ លើ​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាង​មុន ដែល​ផ្ដល់​នូវ​ការ​ការពារ​ផង​ដែរ លើ​អន្តោប្រវេសន៍ និង​លើ​ការ​ការពារ​ព្រំដែន​ខាង​ក្រៅ​របស់​យើង នោះ​ខ្ញុំ​គិត​ថា ជំហាន​បន្ទាប់​គឺ​ការ​ពិភាក្សា​អំពី​បេក្ខជន​ដ៏​សក្ដិសម​បំផុត​នៅ​ក្នុង​ការ​ធ្វើ​រឿង​ហ្នឹង‍»។

មន្ត្រី​កំពូល​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​អស់​អាណត្តិ​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ដូចជា ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Donald Tusk ប្រធាន​ធនាគារ​កណ្ដាល​អឺរ៉ុប​លោក Mario Draghi និង​អ្នក​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​អ្នកស្រី Federica Mogherini ជា​ដើម៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG