ក្រុមគិលានុបដ្ឋាកនៃក្រសួងសុខាភិបាលអង់គ្លេស ធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ ជាលើកដំបូង មិនធ្លាប់មានពីមុន ខណ:ពេលដែលមានវិវាទដ៏ជូចត់ជាមួយរដ្ឋាភិបាល ជុំវិញរឿងដាក់សម្ពាធឲ្យដំឡើងប្រាក់ខែ ដែលមន្ទីរពេទ្យនានាកំពុងខ្វះធនធាននិងនៅចំពេលមមាញឹកប្រចាំឆ្នាំ។
ក្រុមគិលានុបដ្ឋាកប្រមាណ១សែននាក់នឹងធ្វើកូដកម្មនៅឯមន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន៧៦កន្លែង ដោយលុបចោលការណាត់ជួបចំនួនប្រមាណ៧ម៉ឺន ដើម្បីពិនិត្យព្យាបាលជំងឺ ការធ្វើតេស្តសុខភាពនិងការវះកាត់ ក្នុងមណ្ឌលសុខភាពនៃក្រសួងសុខាភិបាលដែលគាំទ្រដោយថវិកាពីរដ្ឋាភិបាលអង់គ្លេស។
ចក្រភពអង់គ្លេសកំពុងប្រឈមនឹងរលកសកម្មភាពពីឧស្សាហកម្មនានានៅក្នុងរដូវរងានេះ ដោយមានកូដកម្មកើតឡើងដែលបណ្តាលឲ្យបង្អាក់ដល់ប្រព័ន្ធរថភ្លើង និង សេវាកម្មប្រៃសណីយ៍ និងព្រលានយន្តហោះជាច្រើនដែលត្រូវអាក់ខានក្នុងពេលបុណ្យណូអែល។
អតិផរណាកើនឡើងដល់ទៅជាង១០ភាគរយ ហើយការដំឡើងប្រាក់ខែត្រឹមតែ៤ភាគរយបានធ្វើឲ្យមានភាពតានតឹងរវាងសហជីពនិងនិយោជក។ នៅគ្រប់ទាំងកូដកម្ម នឹងត្រូវគេ ឃើញថាមានបុគ្គលិកសុខាភិបាលតម្រៀបជួរធ្វើការតវ៉ា ដែលនេះនឹងក្លាយជារូបភាពលេចធ្លោសម្រាប់ពលរដ្ឋអង់គ្លេសនៅរដូវរងានេះ។
អ្នកស្រី Pat Cullen ប្រធានសហជីពគិលានុបដ្ឋាក Royal College បានថ្លែងប្រាប់ទូរទស្សន៍ BBCនៅពេលឈរតម្រង់ជួរធ្វើកូដកម្មថា៖ «ជារឿងសោកនាដកម្មណាស់។ នេះជាថ្ងៃសោកនាដកម្មចំពោះគិលានុបដ្ឋាក។ វាជាថ្ងៃសោកនាដកម្មសម្រាប់អ្នកជំងឺ អ្នកជំងឺដែលស្ថិតនៅក្នុងមន្ទីរពេទ្យរបៀបនេះ ហើយវាជាសោកនាដកម្មសម្រាប់ពលរដ្ឋក្នុងសង្គម និង សម្រាប់ក្រសួងសុខាភិបាលរបស់យើងដែរ»។
សេវាផ្នែកគិលានុបដ្ឋាកដែលត្រូវបានកោតសរសើរដ៏ទូលំទូលាយដែលនឹងត្រូវបិទផ្នែកខ្លះនៃក្រសួង សុខាភិបាល នឹងធ្វើឲ្យប៉ះពាល់ដល់ផ្នែកថែទាំសុខភាពនៅពេល ដែលខ្វះធនធានក្នុងរដូវរងានិងកកស្ទះក្នុងកម្រិតខ្ពស់ដោយសារការពន្យារពេលព្រោះជំងឺកូវីដ។ ការតវ៉ានេះជាលើកដំបូងតាំងពីកកើតឡើងកាលពីឆ្នាំ១៩៤៨ ដែលជាឆ្នាំបង្កើតការប្រើប្រាស់សេវាព្យាបាលដោយឥតគិតថ្លៃ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Steve Barclay បានថ្លែងថា វាជារឿងសោកស្តាយដែលកូដកម្មនៅបន្តទៅមុខដូច្នេះ៕