ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ត្រៀម​ធ្វើ​កូដកម្ម​ផ្លូវដែក​ធំ​បំផុត​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍


រូបឯកសារ៖ សេចក្តីជូនដំណឹងណែនាំដល់អ្នកធ្វើដំណើរថាមិនមានសេវារថភ្លើងក្រោមដីសម្រាប់ទីក្រុងឡុងដ៍ ដែលដំណើរការពីតំបន់ Walthamstow ភាគខាងកើតទីក្រុងឡុងដ៍ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុងពេលមួយថ្ងៃនៃសកម្មភាពកូដកម្ម។
រូបឯកសារ៖ សេចក្តីជូនដំណឹងណែនាំដល់អ្នកធ្វើដំណើរថាមិនមានសេវារថភ្លើងក្រោមដីសម្រាប់ទីក្រុងឡុងដ៍ ដែលដំណើរការពីតំបន់ Walthamstow ភាគខាងកើតទីក្រុងឡុងដ៍ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុងពេលមួយថ្ងៃនៃសកម្មភាពកូដកម្ម។

បណ្តាញ​ផ្លូវដែក​ចក្រភព​អង់គ្លេស​នៅ​សប្តាហ៍​នេះ​ប្រឈម​មុខ​នឹង​សកម្ម​ភាព​កូដកម្ម​ដ៏​ធំ​បំផុតក្នុង​រយៈ​ពេល​ជាង​៣ ទសវត្សរ៍​ជាប់ៗ​គ្នា​ទាក់ទង​ប្រាក់​ខែ​ ខណៈ​ប្រាក់​ចំណូល​ខ្វះ​ខាត​ដោយ​សារ​កំណើន​អតិផរណា។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។​

សហជីព​ផ្លូវ​ដែក​ (RMT) ​បាន​និយាយ​ថា ​កម្មករ​ជាង​៥០.០០០​នាក់​នឹង​ចូល​រួម​ក្នុង​កូដកម្ម​ថ្នាក់​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​ ​ស្របពេល​មាន​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ រួម​ទាំង​ពិធី​បុណ្យ​តន្ត្រី ​Glastonbury ​ផង​ដែរ។​ សាលា​រៀន​កំពុង​ព្រមាន​ថា​ សិស្ស​រាប់ពាន់​នាក់​ដែល​ប្រឡង​ទូទាំង​ប្រទេស​ក៏​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ។​

សហជីព​ផ្លូវ​ដែក​អះអាង​ថា​ កូដកម្ម​គឺ​ចាំបាច់ ​ដោយសារ​ប្រាក់​ខែ​មិន​អាច​ទប់ទល់​នឹង​អតិផរណា ​ដែល​ឡើង​ខ្លាំង​រយៈ​ពេល​៤០​ឆ្នាំ​នេះ។​ ការងារ​ក៏​មាន​ហានិភ័យ​ផង​ដែរ​ខណៈ​ចរាចរណ៍​អ្នក​ដំណើរ​មិន​ទាន់​បាន​កើន​ឡើង​វិញ​ពេញ​លេញ​ បន្ទាប់ពី​លុប​ចោល​ការ​បិទ​សកម្ម​ភាព​សង្គម​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩។​ ប្រទេស​នានា​ជុំវិញ​ពិភព​លោក​កំពុង​រង​ការ​ប៉ះពាល់​ដោយ​សារ​អតិផរណា​ខ្ពស់​រាប់​ទសវត្សរ៍​ ដោយសារ​សង្រ្គាម​នៅ​អ៊ុយក្រែន​ និង​វិបត្តិ​ថាមពល​ប្រេង​ឥន្ធនៈ​ និង​ការ​ដំឡើង​ថ្លៃ​ម្ហូប​អាហារ។​

កូដកម្ម​ត្រូវ​បាន​គ្រោង​ធ្វើ​សម្រាប់​ថ្ងៃ​អង្គារ ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃសៅរ៍​ដែល​ជា​ជម្លោះ​ដ៏​ធំ​បំផុត​ក្នុង​បណ្តាញ​ផ្លូវ​ដែក​របស់​ចក្រភព​អង់គ្លេស​ចាប់តាំង​ពី​ឆ្នាំ ១៩៨៩។​ នេះ​បើ​យោង​តាម​សហជីព​ផ្លូវ​ដែក។​ សហជីព​នេះ​ក៏​បាន​ប្រកាស​ថា ​កម្មករ​ដែល​ជា​សមាជិក​របស់​ខ្លួន​នៅ​Tube ​ ដែល​ជា​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ឡុងដ៍ ​នឹង​មិន​ធ្វើ​ការ​រយៈ​ពេល​ ២៤​ ម៉ោង​នៅ​ថ្ងៃ​អង្គារ។​

ទោះជា​យ៉ាង​ណាក៏​ដោយ ​ប្រតិបត្តិករ​ផ្លូវដែក​ព្រមាន​ពី​ការ​រំខាន​ពេញ​មួយ​សប្តាហ៍​ ព្រោះ​ផ្លូវ​ខ្លះ​ ទោះបី​ជា​មិន​ប៉ះពាល់​ដោយ​កូដកម្ម ​ ក៏ប៉ុន្តែ​ត្រូវ​បន្ថយ​សេវា​កម្ម។​ លោក ​Andrew Haines​ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ផ្លូវដែក​(Network Rail)​ ដែល​គ្រប់គ្រង​ផ្លូវដែក​របស់​ប្រទេស​នេះ​បាន​និយាយ​ថា​ «ការ​ចរចា​មិន​បាន​រីក​ចម្រើន​ដូច​ដែល​ខ្ញុំ​រំពឹង​ទុក​ទេ​ ដូច្នេះ​យើង​ត្រូវតែ​ត្រៀម​សម្រាប់​កូដកម្ម​ផ្លូវដែក​ថ្នាក់​ជាតិហើយនឹង​ការ​ខូច​ខាត​ដែល​អាច​នឹង​កើត​មាន។ ​យើង ​និង​សហការី​ដែល​កំពុង​ប្រតិបត្តិការ​រថភ្លើង​របស់​យើង​ កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ដំណើរ​ការ​សេវា​កម្ម​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន​ សម្រាប់​អ្នក​ដំណើរ​ និង​អ្នក​ដឹក​ទំនិញ​នៅ​សប្តាហ៍​ក្រោយ​ បើ​ទោះបី​ជា​មាន​កូដកម្ម​របស់​សហជីព​ផ្លូវ​ដែក​ក៏​ដោយ»។

កូដកម្ម​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​វិស័យ​អាកាសចរណ៍​ផងដែរ​ បន្ទាប់​ពីក្រុមហ៊ុន​អាកាស​ចរណ៍​ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់​បន្ថយ​ជើង​យន្តហោះ​ដោយសារ​កង្វះ​បុគ្គលិក​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ពន្យារ​ពេល​យូរ ​និង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខកចិត្ត។

កម្មករ​រាប់ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពីការងារ​នៅ​ក្នុង​ឧស្សាហ​កម្ម​អាកាសចរណ៍​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​រាតត្បាត ​ប៉ុន្តែ​វិស័យ​នេះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ ខណៈ​ដែល​តម្រូវ​ការ​ផ្នែក​ធ្វើ​ដំណើរ​កើន​ឡើង​ បន្ទាប់ពី​លុប​ចោល​ការ​រាំង​ខ្ទប់​ដោយសារ​ជំងឺ​រាតត្បាត៕

XS
SM
MD
LG