ចៅក្រមប្រទេសអង់គ្លេសមួយរូប បានបដិសេធក្នុងការធ្វើបត្យាប័នស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange ទៅសហរដ្ឋអាមេរិក ដើម្បីទទួលការចោទប្រកាន់ជាច្រើនករណីដែលរួមមានបទធ្វើចារកម្មផងដែរ។
ចៅក្រម Vanessa Baraitser បាននិយាយកាលពីថ្ងៃចន្ទនៅតុលាការព្រហ្មទណ្ឌកណ្តាល (Old Bailey) ក្នុងទីក្រុងឡុងដ៍ថា លោក Assange អាចធ្វើអត្តឃាត ប្រសិនបើលោកត្រូវបានគេបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។
ចៅក្រមរូបនេះ ក៏បានបញ្ជាឲ្យដោះលែងរូបលោកផងដែរ។
មេធាវីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា គេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។
សហរដ្ឋអាមេរិក បានស្នើសុំធ្វើបត្យាប័នលោក Assange ដែលមានអាយុ៤៩ឆ្នាំ កើតក្នុងប្រទេសអូស្ត្រាលី ពីបទធ្វើចារកម្មចំនួន១៧ករណី និងមួយករណីទៀត ពីការប្រើប្រាស់កំព្យូទ័រដោយខុសច្បាប់ ក្នុងការផ្សព្វផ្សាយឯកសារសម្ងាត់របស់អាមេរិករាប់ពាន់ទំព័រលើគេហទំព័រ WikiLeaks ក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ ដែលឯកសារទាំងនោះភាគច្រើន និយាយពីសង្គ្រាមក្នុងប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់។
ការចោទប្រកាន់ទាំងអស់ អាចធ្វើឲ្យលោក Assange ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងចំនួនទោសសរុប១៧៥ឆ្នាំ។
ក្រុមមេធាវីលោក Assange ដែលបានតស៊ូខាងផ្លូវច្បាប់ប្រឆាំងនឹងការស្នើសុំធ្វើបត្យាប័នរបស់អាមេរិកនោះ បានលើកឡើងដោយអះអាងថា ការចោទប្រកាន់របស់អាមេរិកនោះ មានលក្ខណៈនយោបាយ ហើយថាជំងឺខួរក្បាលរបស់លោក Assangeអាចប្រឈមនឹងហានិភ័យ។ ពួកគេក៏បានបញ្ជាក់ផងដែរថា ស្ថានភាពពន្ធនាគាររបស់អាមេរិក រំលោភច្បាប់សិទ្ធិមនុស្សរបស់អង់គ្លេស។ ចៅក្រម Baraitser ទទួលយកការបកស្រាយរបស់តំណាងក្រុមមេធាវីរបស់លោក Assange។
ក្រុមអ្នកគាំទ្រលោក Assange និងអ្នកផ្សេងៗទៀត បានមកជួបជុំគ្នានៅខាងមុខតុលាការ ព្រហ្មទណ្ឌកណ្តាលដោយបានអបអរសេចក្តីសម្រេចរបស់ចៅក្រមអង់គ្លេស ថា ជាជ័យជម្នះមួយនៃសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសម្រាប់លោក Assange ខ្លួនឯងផងដែរ៕