ព្រះមហាក្សត្រ Charles ទី ៣ របស់ប្រទេសអង់គ្លេសបានឡើងគ្រងរាជ្យជាផ្លូវការនៅព្រះវិហារ Westminster Abbey ដូចព្រះមហាក្សត្រដទៃទៀតមុនព្រះអង្គដែរ។ ព្រះរាជពិធីឡើងគ្រងរាជ្យចុងក្រោយបំផុតត្រូវធ្វើឡើងកាលពី៧០ឆ្នាំមុននៅពេលដែលព្រះរាជមាតារបស់ព្រះអង្គគឺព្រះមហាក្សត្រិយានី Elizabeth ឡើងគ្រងរាជ្យ។
ព្រះរាជពិធីដ៏មហោឡារិកនេះត្រូវបានធ្វើឡើងដោយមានបុព្វជិត អ្នកបន់ស្រន់ តន្ត្រីដ៏អស្ចារ្យនិងសំឡេងច្រៀងបន្ទរឡើងដោយក្មេងប្រុសស្រី។
ព្រះរាជពិធីឡើងគ្រងរាជ្យនេះធ្វើឡើងនៅចុងសប្តាហ៍នេះអមដោយសកម្មភាពដែលត្រូវបានគ្រោងទុកជាមុនជាច្រើន។ ខណៈព្រះរាជពិធីនេះត្រូវបានរាយការណ៍ថាបានកាត់បន្ថយគម្រោងខ្លះដែលបានគ្រោងទុកពីដើមឡើយ ព្រះរាជពិធីនេះត្រូវបានគេជឿថានៅតែត្រូវចំណាយថវិកាអស់រាប់លានដុល្លារ។
ព្រះមហាក្សត្រ Charles គឺជាព្រះមហាក្សត្រដំបូងដែលបន់ស្រន់ឮៗនៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ។ ព្រះអង្គបានបន់ស្រន់ថា៖ «សូមព្រះប្រទានពរដល់កូនចៅទាំងអស់។ សូមឱ្យយើងទាំងអស់គ្នាអាចស្វែងរកសុខសន្តិភាពបាន»។
មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកអាចទស្សនាព្រះរាជពិធីឡើងគ្រងរាជ្យនេះនៅតាមទូរទស្សន៍និងតាមអ៊ីនធើណិតបាន។
សំណួរមួយក្នុងនោះគឺតើព្រះអង្គម្ចាស់ Harry មានតួនាទីអ្វីនៅក្នុងព្រះរាជពិធីនោះ។ ព្រះអង្គម្ចាស់ Harry បានដើរចូលក្នុងពិធីនោះជាមួយនឹងរាជវង្សានុវង្សនិងយាងគង់ជាមួយពួកគេមុននឹងព្រះរាជពិធីបានចាប់ផ្តើម។
ព្រះអង្គម្ចាស់ Harry និងគ្រួសាររាជវង្សានុវង្សមានរឿងចម្រូងចម្រាស តាំងពីព្រះអង្គនិងព្រះជាយាជនជាតិអាមេរិកាំង Meghan Markle បានលាតត្រដាងពីរឿងផ្ទៃក្នុងរបស់គ្រួសាររាជវង្សមួយនេះ។
ម្ចាស់បងរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ William ក៏បានចូលរួមក្នុងព្រះរាជពិធីនេះដែរ។ បន្ទាប់ពីព្រះមហាក្សត្រ Charles ត្រូវបានអភិសេកឡើងគ្រងរាជ្យ ព្រះអង្គម្ចាស់ William បានលុតជង្គង់មុខព្រះរាជបិតាហើយសច្ចាពីភក្តីភាពរបស់ព្រះអង្គចំពោះមុខព្រះរាជបិតា។
មកុដរបស់ព្រះមហាក្សត្រ Charles ធ្វើពីមាសទម្ងន់ ២,២ គីឡូក្រាម លម្អដោយគ្រឿងអលង្ការមានតម្លៃ។ មកុដនេះត្រូវបានប្រើប្រាស់ក្នុងពិធីឡើងគ្រងរាជ្យដំបូងរបស់ព្រះមហាក្សត្រ Charles ទី២ កាលពីឆ្នាំ១៦៦១។
ព្រះអង្គបានពាក់មកុដផ្សេងមួយទៀតនៅចុងបញ្ចប់នៃព្រះរាជពិធីឡើងគ្រងរាជ្យនេះដែលជាទូទៅត្រូវបានពាក់ដោយព្រះមហាក្សត្រមុនៗសម្រាប់ពិធីផ្លូវការនានា៕