កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញប្រទេសបារាំង និងចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយបំផុតដែលបានបន្ថែមទម្ងន់នៅពីក្រោយការប្រឆាំងតវ៉ានៅតាមផ្លូវដ៏ខ្លាំងដែលបង្ខំឲ្យប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro ចុះចេញពីតំណែងដោយបានហៅមេដឹកនាំប្រទេសនេះថាជាមេដឹកនាំខុសច្បាប់។
ពលរដ្ឋវ៉េណេស៊ុយអេឡារាប់សែននាក់បានធ្វើបាតុកម្មដើម្បីបន្តទាមទារឲ្យលោក Maduro ចុះចេញពីតំណែង ដែលទិដ្ឋភាពនេះបានធ្វើឲ្យគេនឹកឃើញដល់ការផ្ទុះឡើងកម្លាំងប្រជានិយមនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដែលបានបណ្តេញមេដឹកនាំដែលគាំទ្រដោយរដ្ឋាភិបាលក្រុងម៉ូស្គូចេញពីអំណាច។ ប្រធានាធិបតីបារាំង លោកEmmanuel Macronបានបង្ហាញការគាំទ្ររបស់លោក ដោយបាននិយាយថា លោកស្វាគមន៍ចំពោះការលើកទឹកចិត្តដល់ពលរដ្ឋវ៉េណេស៊ុយអេឡារាប់សែននាក់ដែលទាមទារសេរីភាពរបស់ពួកគេ។
មេដឹកនាំក្រុមប្រឆាំងវ៉េណេស៊ុយអេឡានិងជាប្រធានរដ្ឋសភាជាតិលោក Juan Guaido បានប្រកាសខ្លួនឯងថាជាមេដឹកប្រទេសវ៉េណេស៊ុយអេឡាបណ្តោះអាសន្នកាលពីថ្ងៃពុធ ដោយបានទទួលការគាំទ្រពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋជាច្រើនទៀតនៅតំបន់អាមេរិកឡាទីន រួមទាំងប្រទេសកូឡុំប៊ីដែលជាប្រទេសជិតខាងរបស់ប្រទេសវ៉េណេស៊ុយអេឡាផងដែរ។
ការប្រកាសដូចនេះរបស់លោក Juan Guaidoបានធ្វើឲ្យលោក Maduroដែលបានដឹកនាំប្រទេសសម្បូរប្រេងមួយនេះតាំងពីឆ្នាំ២០១៣មកផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនិងបានទាមទារឲ្យអ្នកការទូត៧៥នាក់ទៀតចាកចេញពីប្រទេស៕