ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖ មនុស្ស​ជាង​៥​លាន​នាក់​នឹង​ចាក​ចេញ​ពី​ប្រទេស​វេណេស៊ុយអេឡា​នៅ​ត្រឹម​បំណាច់​ចុង​ឆ្នាំ​២០១៩


រូបឯកសារ៖ ជន​ជាតិ​វេណេស៊ុយអេឡា​បាន​មក​ដល់​ទីក្រុង Huaquillas ប្រទេស​អេក្វាទ័រជាប់​ព្រំដែន​ប្រទេស​ប៉េរូ កាល​ពី​ខែ​តុលា ២០១៨។

អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃសុក្រ​បាន​ទស្សន៍​ទាយ​ថា​ ពលរដ្ឋ​វេណេស៊ុយអេឡា​ប្រមាណ​៥,៣​លាន​នាក់​នឹង​ចាក​ចេញ​ពី​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ​ត្រឹម​បំណាច់​ចុងឆ្នាំ​ក្រោយ​ដើម្បី​គេច​ចេញ​ពី​វិបត្តិ​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​នេះ។

ការព្យាករណ៍​នេះ​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​គម្រោងស្តី​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ដ៏​ធំ​មួយ​របស់​ពលរដ្ឋនៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អាមេរិក​ឡាទីន​នា​ពេល​បច្ចុប្បន្ន​នេះ។ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​រួមគ្នា​ដោយ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ UNHCR​ និង​អង្គការ​ទេសន្តរប្រវេសន៍​អ​ន្តរជាតិ​ IOM។

លោក ​Eduardo Stein ​តំណាង​ពិសេស​របស់​អង្គការ​ UNHCR​ និង​ IOM​ ប្រចាំ​ប្រទេស​វេណេស៊ុយអេឡា​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុងហ្សឺណែវ​ថា៖ «យើង​ពិតជា​កំពុង​ប្រឈម​នឹងវិបត្តិចំណាក​ស្រុក​ដ៏​រង្គោះរង្គើរ»។

ពលរដ្ឋ​វេណេស៊ុយអេឡា​ប្រមាណ​២,៣​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ​ហើយ​ពលរដ្ឋ​ចំនួន​២​លាន​នាក់​ទៀត​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ចាក​ចេញ​ពី​ប្រទេស​នៅ​ឆ្នាំ​ក្រោយ​នេះ។​ ពលរដ្ឋ​សរុប​ចំនួន​៣,៣លាន​នាក់​កំពុង​រស់​នៅក្រៅ​ប្រទេស​នា​ពេល​បច្ចុប្បន្ន។

នាយក​អង្គការ ​UNHCR​ លោក​ Filippo Grandi​ បាន​ថ្លែង​ថា​ហេតុផល​នានា​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ចាក​ចេញ​ពី​ប្រទេស​នេះ​គឺ​ចាប់​ផ្តើម​ពី​ភាព​អត់​ឃ្លាន​ រហូត​ដល់​អំពើ​ហិង្សា​និង​កង្វះ​ខាត​សន្តិសុខ។ ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ថវិកា​ចំនួន​៧៣៨​លាន​ដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ​វេណេស៊ុយអេឡា​ដែល​បាន​ផ្លាស់​ទីលំនៅ​និង​ដល់​ប្រទេសនានា​ដែល​ទទួល​យក​ពួកគេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG