កាលពីថ្ងៃចន្ទម្សិលមិញ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយនឹងទីក្រុងហុងកុង ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិនបានដាក់លើទីក្រុងនេះកាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បានប្រកាសដូចនេះ នៅពេលលោកថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភា ដោយលោកបានបន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានបន្ថែមបម្រាមដល់ទីក្រុងហុងកុង អំពីការលក់អាវុធដល់ប្រទេសចិន។
លោក Raab បានបង្ហាញការព្រួយបារម្ភថា អ្នកណាដែលត្រូវបានផ្ដន្ទាទោសនៅក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ អាចនឹងត្រូវគេធ្វើបត្យាប័នបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ទោស។
ភ្លាមៗបន្ទាប់ពីលោក Raab បានប្រកាសដូចនេះ អ្នកនាំពាក្យស្ថានទូតចិននៅក្នុងទីក្រុងឡុងដ៍ បានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថាបានជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងបានសន្យាថា ចក្រភពអង់គ្លេសនឹង «ទទួលផលវិបាក ប្រសិនបើនៅតែទទូចដើរលើផ្លូវខុស»៕