ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​ចិន​និយាយ​ថា​​ធម្មនុញ្ញ​ហុងកុង​នឹង​មាន​ការ​ផ្លាស់ប្តូរ


នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam លើក​កែវស្រា​អបអរ ក្នុងពិធី​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ​ចិន នៅ​មហាសាល​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam លើក​កែវស្រា​អបអរ ក្នុងពិធី​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ​ចិន នៅ​មហាសាល​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​ចិន​ម្នាក់​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពិចារណាផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ខ្នាតតូច​របស់​ទី​ក្រុង​ហុងកុង​ ​បន្ទាប់​ពី​បាន​ដាក់​ចេញវិធានការ​ជា​បន្តបន្ទាប់​ដើម្បី​រឹតបន្តឹង​ការ​គ្រប់គ្រង​របស់​ខ្លួនទៅ​លើទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​នេះ។​

ក្នុង​សិក្ខាសាលា​មួយ​នៅ​ទី​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អង្គារ លោក​ Zhang Xiaoming ​អនុប្រធាន​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ាកាវ​បាន​និយាយ​ថា​ គោលដៅ​គឺ​«ដើម្បី​ឱ្យ​ច្បាប់​មូលដ្ឋាននៅ​រស់​រវើក» មាន​ន័យ​ថា ជា​ច្បាប់បើក​ឱ្យ​មាន​ការ​បកស្រាយ​ផ្សេងៗ​បាន។​

ច្បាប់​មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​ការ​គ្រប់គ្រង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឱ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ​តាម​គំនិត​ «ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​ ដែល​ធានា​ឱ្យ​ទីក្រុង​នេះ​មាន​កម្រិត​សេរីភាព​ច្រើន​ជាងធម្មតា ​ព្រមទាំង​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។​

រដ្ឋាភិបាល​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិទូលំទូលាយថ្មី​មួយ​កាល​ពី​ខែ​មិថុនា​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ធំ​ដែល​ផ្ទុះ​ឡើងពេញ​ទី​ក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​មុន។​ ច្បាប់​សន្តិសុខ​ថ្មី​នេះ រួម​បញ្ចូល​ទាំង​ការ​តម្រូវ​ឲ្យសមាជិក​សភា​និង​មន្រ្តី​រដ្ឋការ​ស៊ីវិល​ស្បថ​ភក្តីភាព​ចំពោះច្បាប់​មូលដ្ឋាន​នេះ។​

ការ​អត្ថាធិប្បាយ​របស់​លោក​ Zhang កើត​ឡើង​ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ហុងកុង​ចំនួន​៤​រូប​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុម​ប្រឹក្សា​នីតិបញ្ញតិ្ត​បន្ទាប់​ពី​គណៈ​កម្មាធិការ​នីតិប្បញ្ញត្តិ​ចិន​បាន​សម្រេច​ថា រដ្ឋាភិបាល​ហុងកុង​អាច​ដក​សិទ្ធិ​តំណាងរាស្ត្រ​ណាមួយ​ដែល​គេ​ជឿ​ថា​ គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​តុលាការ។​ ការ​ដកចេញ​នេះ​បាន​នាំ​ឲ្យ​សមាជិក​សភាដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​១៥​នាក់​ផ្សេង​ទៀត​លាឈប់​ពី​តំណែងដោយ​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​៧០​នាក់​នេះ​នៅ​សល់​តែ​អ្នក​គាំទ្រ​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ៕

XS
SM
MD
LG