លោក Lula បានចុះហត្ថលេខាលើក្រិត្យផ្លូវការនៅថ្ងៃចុងក្រោយនៃការប្រមូលផ្តុំ៥ថ្ងៃរបស់ជនជាតិដើមមកពីទូទាំងប្រទេសដែលគេហៅថា ជាជំរំដីធ្លីសេរី The Free Land Camp នៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា។
ការទទួលស្គាល់ដីធ្លីទាំងនេះជាការបំពេញតាមការសន្យាដែលលោកបានធ្វើដើម្បីបញ្ឈប់ការកាប់ព្រៃឈើភាគច្រើនក្នុងតំបន់ Amazon នៅពេលលោក Bolsonaro កាន់តំណែង។ អតីតប្រធានាធិបតីរូបនេះដែលត្រូវរ៉ូវគ្នាជាមួយកសិឧស្សាហកម្ម និងឧស្សាហកម្មឈើបានតាំងចិត្តថាមិនផ្តល់«ដីសូម្បីមួយស.ម. ថែមទៀត»ឱ្យជនជាតិដើមទេ។
ទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិរាយការណ៍ថា នៅពេលលោក Bolsonaro កាន់តំណែង ការកាប់ព្រៃឈើបានកើនឡើង១២៩% នៅក្នុងតំបន់ Amazon “biome,” មានន័យថា សហគមន៍ជីវសាស្ត្រនៃប្រទេសប្រេស៊ីល។
ពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថា ព្រៃស្រោង Amazon ជាទ្រនាប់សំខាន់មួយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពីព្រោះព្រៃស្រោងធំៗស្រូបយកសារធាតុកាបោនឌីអុកស៊ីតច្រើនគួរសមជារៀងរាល់ឆ្នាំ។ តំបន់ចំនួនពីរក្នុងចំណោមតំបន់ជនជាតិដើមទាំង៦កន្លែងដែលត្រូវកំណត់កាលពីថ្ងៃសុក្រទី២៨ ខែមេសា ជាតំបន់អភិរក្សនោះ មានទំហំប្រមាណ១សែន ៦ម៉ឺន ១ពាន់ ៥រយ ហិកតា។
កន្លែងអភិរក្សជនជាតិដើមពីរទៀតស្ថិតក្នុងប៉ែកឦសានប្រទេស ហើយមួយទៀតនៅខាងត្បូងនិងមួយទៀតនៅផ្នែកកណ្តាលប្រទេស។ ផ្ទៃដីទាំងនេះស្ថិតនៅក្រោមយុត្តាធិការរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែការកំណត់នេះផ្តល់ឱ្យជនជាតិដើមនូវសិទ្ធិប្រើដីទាំងនេះតាមរបៀបប្រពៃណីរបស់ពួកគេ។
នៅថ្ងៃទីមួយនៃការកាន់តំណែងរបស់លោកកាលពីខែមករា លោកប្រធានាធិបតី Lula បានបង្កើតក្រសួងជនជាតិដើមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសប្រេស៊ីល៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ