ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សាថ្មី៖ ព្រៃ​អាម៉ាហ្សូន​ចំនួន​៨% ត្រូវបាន​កាប់​បំផ្លាញ​ចាប់​តាំងពី​ឆ្នាំ២០០០​មក


រូបឯកសារ៖ នៅក្នុង​រូបថត​នេះ ដែល​បាន​ថត​នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ធនធាន​ធម្មជាតិ និង​ធនធាន​ប្រើប្រាស់​ឡើងវិញ​របស់​ប្រេស៊ីល បង្ហាញ​ពី​​ការកាប់ព្រៃឈើ​​​​ដោយ​ខុសច្បាប់ នៅក្នុង​ព្រៃ​អាម៉ាហ្សូន។
រូបឯកសារ៖ នៅក្នុង​រូបថត​នេះ ដែល​បាន​ថត​នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ធនធាន​ធម្មជាតិ និង​ធនធាន​ប្រើប្រាស់​ឡើងវិញ​របស់​ប្រេស៊ីល បង្ហាញ​ពី​​ការកាប់ព្រៃឈើ​​​​ដោយ​ខុសច្បាប់ នៅក្នុង​ព្រៃ​អាម៉ាហ្សូន។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ បាន​ទន្ទ្រាន​យក​ព្រៃ​អាម៉ាហ្សូន​ចំនួន​ ៨% ក្នុង​រយៈពេល​ត្រឹមតែ​១៨ឆ្នាំ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​ធ្នូ។

ទំហំ​ដី​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ចាប់​ពី​ចន្លោះ​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១៨ ​ស្មើ​នឹង​ទំហំ​ប្រទេស​អេស្ប៉ាញ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​បរិស្ថាន​សង្គម​ដោយ​ផ្អែក​លើ​ភូមិសាស្ត្រ​អាម៉ាហ្សូន (RAISG)។

អង្គការ RAISG បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ព្រៃ​អាម៉ាហ្សូន​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ខ្លាំង​ជាង​កាលពី​៨ឆ្នាំ​មុន។

ផែនទី​ចុងក្រោយ​របស់​អង្គការ​នេះ​ដែល​តាមដាន​ការ​បាត់បង់​ព្រៃឈើ​ ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ២០១២។

ផែនទី​បច្ចុប្បន្ន ដែល​ជា​ការ​សហការ​រវាង​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រៃ​ឈើ​នៅ​លើ​ផ្ទៃដី​ទំហំ ៥១៣.០១៦ គីឡូម៉ែត្រ​ការ៉េ​ បាន​បាត់បង់​ចាប់តាំង​ពី​ឆ្នាំ២០០០​មក។

បើ​យោង​តាម​របាយការណ៍​នេះ ទិន្នន័យ​ចុងក្រោយ​បង្អស់​បង្ហាញ​ពី​សញ្ញាណ​ដ៏​អាក្រក់​មួយ។ ខណៈ​ដែល​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ បាន​ធ្លាក់​ចុះ​នៅ​ចន្លោះ​ឆ្នាំ២០០៣ ដល់​២០១០ ការ​កាប់​ឈើ​ហ៊ុប ការ​ធ្វើ​កសិដ្ឋាន ការ​បរបាញ់ ការ​រុករក​រ៉ែ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទសវត្សរ៍​ចុងក្រោយ ​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ព្រៃ​អាម៉ាហ្សូន។

ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​លោក Jair Bolsonaro បាន​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន និង​បាន​បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន។

ការ​សិក្សា​របស់​អង្គការ RAISG បាន​លើក​ឡើង​ថា «នៅ​ក្នុង​ឆ្នាំ២០១៨​តែ​មួយ ព្រៃ​ឈើ​នៅ​លើ​ផ្ទៃដី​ទំហំ​ ៣១.២៦៩ គីឡូម៉ែត្រ​ការ៉េ ​ត្រូវ​បាន​បំផ្លាញ​នៅ​ទូទាំង​តំបន់​អាម៉ាហ្សូន ដែល​នេះ​ជា​កាប់​បំផ្លាញ​ព្រៃឈើ​ប្រចាំ​ឆ្នាំ​ដ៏​អាក្រក់​បំផុត ​ចាប់​តាំង​ពី​ឆ្នាំ២០០៣​មក»។

ការ​បំផ្លាញ​ព្រៃត្រូពិក​ពេញ​វ័យ ​គឺ​ជា​ការ​ប៉ះពាល់​ដ៏​ខ្លាំងក្លា​ទៅ​លើ​ជីវៈចម្រុះ និង​ជា​មូលហេតុ​នៃ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត​ប្រមាណ​៨% ​នៅ​ក្នុង​សាកលលោក នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ធនធាន​ពិភពលោក ដែល​ជា​អង្គការ​ស្រាវជ្រាវ និង​តស៊ូមតិ​មួយ​ដែល​ត្រួតពិនិត្យ​ការ​ឃ្លាំមើល​ព្រៃឈើ​ក្នុង​សាកលលោក (Global Forest Watch)។​

ដោយសារ​តែ​ព្រៃឈើ​ជា​ភ្នាក់ងារ​ស្រូប​កាបូនឌីអុកស៊ីត​ដ៏​ខ្លាំងក្លា ការ​បង្កើន​ព្រៃឈើ​អាច​ដើរ​តួ​លើស​ពី​ការ​ស្មាន​ក្នុង​ការ​ប្រយុទ្ធ​នឹងបញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ការ​សិក្សា​របស់​អង្គការ RAISG ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី០៨ ខែធ្នូ មុន​បន្តិច​នៃ​ខួប​លើក​ទី៥​នៃ​កិច្ចព្រមព្រៀង​ប៉ារីស ដែល​មាន​ប្រទេស​ចំនួន ១៩៥ បាន​យល់ព្រម​ជាមួយ​នឹង​វិធានការ​ដែល​អាច​រឹតត្បឹត​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​ចំណាត់ការ​ដ៏​ចម្រូងចម្រាស​មួយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​ឆ្នាំ២០១៧៕

XS
SM
MD
LG