ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រេស៊ីល​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ


លោក​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro ថ្លែង​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នា២០១៩។
លោក​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro ថ្លែង​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នា២០១៩។

ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​របស់​ទីភ្នាក់ងារ CIA សហរដ្ឋ​អាមេរិក និង​ក្រោយ​មក​បាន​ថ្លែង​សរសើរ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ដែល​ជា​ដំណើរ​ទស្សនកិច្ច​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ប្រទេស​លោក​ទៅ​រក​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​មុន។

ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ដែល​ជា​អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល ដែល​បាន​យក​ឈ្នះ​អ្នក​នយោបាយ​ឆ្វេង​និយម​នៅ​ចំ​ពេល​ដែល​ប្រទេស​ប្រេស៊ីល​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក​អម​ដោយ​រដ្ឋមន្ត្រី ៦ នាក់ ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

លោក​គ្រោង​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​ទាំង​មធ្យោបាយ​បង្កើន​ការ​វិនិយោគ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ផង​ដែរ។

ប្រទេស​ប្រេស៊ីល​កំពុង​ស្វែងរក​ការ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ខ្លួន​បាន​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ និង​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម។ រដ្ឋាភិបាល​របស់​លោក Bolsonaro មាន​បំណង​កាត់​បន្ថយ​គម្លាត​ចំណាយ​រវាង​រដ្ឋ និង​ឯកជន និង​ធ្វើ​ឯកជនូបនីយកម្ម​សហគ្រាស​រដ្ឋ ដើម្បី​កាត់​បន្ថយ​បំណុល និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន។

មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​កត់​សម្គាល់​ឃើញ​ថា សហរដ្ឋ​អាមេរិក​មាន​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​ចំនួន ២៧ ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ប្រេស៊ីល និង​មាន​ឱកាស​ដើម្បី​ឲ្យ​សហគមន៍​អាជីវកម្ម​ប្រទេស​ទាំង​ពីរ​កាន់តែ​ខិត​ជិត​គ្នា៕

XS
SM
MD
LG