សមាជិកសភាប្រកាន់ស្តាំនិយម លោក Jair Bolsonaro បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសប្រេស៊ីល ដែលបង្កឲ្យមានការភ័យខ្លាចអំពីការដើរថយក្រោយនៃសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ។
លោក Bolsonaro នៃគណបក្សសង្គមនិយមសេរីបានឈ្នះប្រហែល៥៦ភាគរយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ គូប្រជែងរបស់លោកដែលងាកទៅរកឆ្វេងនិយម គឺលោក Fernando Haddad នៃគណបក្សកម្មករទទួលបានសំឡេងឆ្នោតគាំទ្រ៤៤ភាគរយ។
លោក Bolsonaro គឺជាអតីតមេបញ្ជាការកងទ័ពដែលមានវោហារសាស្ត្រប្រកាន់ស្តាំនិយមនិងមានបុគ្គលលក្ខណៈបែបបង្ខិតបង្ខំ ដែលត្រូវបានគេឈ្មោះហៅក្រៅថា «លោក ត្រាំ តំបន់ត្រូពិក»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកបាន«សន្ទនាយ៉ាងរលូនជាមួយនឹងលោកប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មី» ហើយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា សហរដ្ឋអាមេរិកនិងប្រេស៊ីលនឹងសហការគ្នាយ៉ាងជិតស្និទ្ធទៅលើ «វិស័យពាណិជ្ជកម្ម យោធា និងវិស័យដទៃទៀត»។
ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទបានអបអរសាទរលោក Bolsonaro ចំពោះជ័យជម្នះរបស់លោក ក៏ដូចជាចំពោះប្រជាពលរដ្ឋប្រេស៊ីល «ចំពោះការចូលរួមនៅក្នុងការបោះឆ្នោតដ៏ជោគជ័យនេះ»។ លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា «យើងស្វាគមន៍ចំពោះការប្តេជ្ញាដ៏រឹងមាំរបស់ប្រេស៊ីលចំពោះលទ្ធិប្រជាធិបតេយ្យ»៕