អ្នកបោះឆ្នោតនៅប្រទេសប្រេស៊ីលចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។ អ្នកសង្កេតការណ៍និយាយថាប្រេស៊ីលពលរដ្ឋប្រេស៊ីលទំនងជានឹងជ្រើសរើសបេក្ខជនស្តាំនិយមឱ្យឡើងកាន់អំណាច។ គូប្រជែងរបស់លោកនិយាយថាជ័យជម្នះរបស់បេក្ខជនស្តាំនិយមនេះនឹងគំរាមកំហែងដល់ប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំនៅក្នុងពិភពលោក។
លោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) អ្នកតំណាងរាស្រ្តប្រេស៊ីលនិងជាបេក្ខជននាំមុខត្រូវបានគេដាក់រហ័សនាមថា «លោកត្រាំត្រូពិក» ដោយសារតែចរិកបង្ហាញការប្រយុទ្ធ មានទស្សនៈដែលធ្វើឱ្យប្រទេសបែងចែកគ្នានិងជំហរប្រឆាំងនឹងស្ថាប័នរដ្ឋ។
លោក បូលសូណារ៉ូ ធ្លាប់ជាអនុសេនីយ៍ឯកកងទ័ពហើយត្រូវបានរងការរិះគន់ដោយសារតែលោកសរសើរមេដឹកនាំយោធាផ្តាច់ការប្រេស៊ីលដែលបានកាន់អំណាចពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៨៥និងអត្ថាធិប្បាយមើលងាយអ្នកស្រឡាញ់ភេទដូចគ្នា ជនស្បែកខ្មៅ និងស្ត្រី។
ការស្ទង់មតិថ្មីៗ នេះបង្ហាញថាលោក បូលសូណារ៉ូ និងគណបក្សសង្គមសេរីនិយមរបស់គាត់ទទួលបានការគាំទ្រចំនួន៥៧ភាគរយហើយលោក ហ្វែណង់ដូ ហាដាដ (Fernando Haddad) ប្រធានគណបក្សពលករដែលប្រកាន់និន្នាការឆ្វេងនិយមទទួលបានសំឡេង៤៣ភាគរយបើទោះបីជាគណបក្សនេះធ្លាប់កាន់អំណាចពីឆ្នាំ២០០៣ដល់២០១៦ក៏ដោយ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះគឺជាការបោះឆ្នោតនៅជុំទីពីរនិងជាវគ្គផ្តាច់ព្រ័តសម្រាប់ដំណើរការនៃការបោះឆ្នោតប្រធានាធិបតីនៅប្រេស៊ីល។ ការបោះឆ្នោតជុំទីមួយបានធ្វើឡើងកាលពីថ្ងៃទី៧ខែតុលាហើយបានជម្រុះនៅសល់បេក្ខជនពីរនាក់គឺលោក បូលសូណារ៉ូ បាននាំ មុខដោយទទួលបានសំឡេងគាំទ្រចំនួន៤៦ភាគរយ៕