ឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុងដែលជាតំបន់ការពារធម្មជាតិ ដែលមានជម្លោះដីធ្លី និងកំពុងអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនឯកជន ត្រូវបានកាត់បន្ថយផ្ទៃដីទំហំផ្ទៃដីជាង ២៧.០០០ ហិកតា។ នេះបើយោងតាមអនុក្រឹត្យមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
នៅក្នុងអនុក្រឹត្យដែលបង្ហោះនៅលើហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋាភិបាលបានសម្រេចកែប្រែទំហំដីនៃឧទ្យានជាតិបុទុមសាគរពីទំហំដីប្រមាណ១៧ម៉ឺនហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យចុះកាលពីឆ្នាំ១៩៩៣ មកផ្ទៃដីទំហំប្រមាណ១៤ម៉ឺនហិកតា ដែលថយចុះប្រមាណ២៧.០០០ហិកតា។ អនុក្រឹត្យមិនបានបញ្ជាក់អំពីមូលហេតុនៃការថយចុះផ្ទៃដីនៃតំបន់ការពារធម្មជាតិនេះឡើយ។
បើតាមអនុក្រឹត្យ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានបទុមសាគរ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តកោះកុង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព។
សារព័ត៌មានខេមបូចារាយការណ៍កាលពីខែកក្កដាថា ក្រុមហ៊ុនកូនប្រុសរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានទទួលដីទំហំ៦.២៣៤ ហិកតានៅក្នុងឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង។ ដីនោះត្រូវបានផ្តល់ដល់ក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន [Koh Kong Rubber Plantation] ដែលមានកូនលោក លី យ៉ុងផាត់ គឺលោក លី ភូនរ៉ាត់ ជាអគ្គនាយក។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការកាត់ដីទៅឱ្យក្រុមហ៊ុនឯកជននៅក្នុងតំបន់ឧទ្យានបទុមសាគរ កើតមានឡើងជាបន្តបន្ទាប់ ដែលលោកសម្តែងការព្រួយបារម្ភ ដោយសារតែការកាត់ទាំងដីនេះ មិនមានតម្លាភាព និងការពិគ្រោះយោបល់ជាមុន។
លោកថ្លែងថា៖ «បើសិនជានៅតែកាត់ទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយមិនមានការពិគ្រោះ ឬប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធទេ ខ្ញុំយល់ថា វានឹងបង្កការខាតបង់ច្រើនទាំងសង្គម វប្បធម៌ និងធនធានធម្មជាតិដែលយើងខិតខំធ្វើការអភិរក្ស និងការពារជាយូរលង់ណាស់មកហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការកាត់ដី ដើម្បីឱ្យក្រុមហ៊ុនឯកជនយកទៅអភិវឌ្ឍនេះ មិននាំផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋឡើយ ប៉ុន្តែទៅមនុស្សមួយក្រុមដែលមានសែស្រឡាយស្និទ្ធនឹងគណបក្សកាន់អំណាច។ លោកជំរុញឱ្យការពារនិងថែរក្សាសម្បត្តិធនធានធម្មជាតិ ជាជាងកាត់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងចំណុចនេះខ្ញុំយល់ថាអ្វីដែលមានកន្លងមកគួរតែខិតខំ ថែរក្សា ការពារ ដើម្បីទុកទៅដល់ក្មេងជំនាន់ក្រោយ ឬក៏អ្នកជំនាន់ក្រោយ ឱ្យបានដឹងអំពីអ្វីដែលជាធនធានរបស់ជាតិ។ ទ្រព្យសម្បត្តិរបស់ជាតិទាំងអស់ហ្នឹងគួរតែមានការថែរក្សាការពារ។ យើងអត់ចង់ឃើញរូបភាពនៃការបន្តកាត់បន្ថយឬក៏ផ្តល់កម្មសិទ្ធិទៅដល់ក្រុមហ៊ុន ឬក៏អ្នកមានឥទ្ធិពលណានោះទេ»។
វីអូអេបានទាក់ទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែលោកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយឱ្យទាក់ទងទៅអ្នកនាំពាក្យក្រសួងវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចទាក់ទងលោក លី យ៉ុងផាត់ បាននៅឡើយដែរ។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ប្រាប់វីអូអេថាផ្ទៃដីនៅតំបន់ឧទ្យានបទុមសាគរថយចុះ ដោយសាររដ្ឋាភិបាលផ្តល់ការវិនិយោគដល់ក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «បានន័យថាផ្ទៃដីមួយចំនួនត្រូវវិនិយោគ រាជរដ្ឋាភិបាលផ្តល់ជូនទៅក្រុមហ៊ុនក្នុងការវិនិយោគ មិនមែនយកទៅឱ្យក្រុមហ៊ុនទេ ក្រុមហ៊ុនជួលពីរដ្ឋ»។
នៅពេលសួរថាតើក្រុមហ៊ុនណាខ្លះទទួលបានដីវិនិយោគនេះ លោក ហ៊ុន ម៉ារ៉ាឌី បដិសេធមិនអត្ថាធិប្បាយ ដោយឱ្យទៅសួរក្រសួងបរិស្ថានវិញ។
កាលពីថ្ងៃទី១៩ ខែកក្កដា ក្រុមមាតាធម្មជាតិបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ពួកគេថាឧទ្យានជាតិបទុមសាគរ ដែលជាកេរដំណែលរបស់ព្រះបាទនរោត្តម សីហនុ «ត្រូវបានបំផ្លាញ» ដោយក្រុមហ៊ុនចិនUDG ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនផ្សេងៗទៀត តាមរយៈការផ្ដល់ដីសម្បទាន។
ក្រុមមាតាធម្មជាតិបានបង្ហោះសារថា៖ «ពួកយើងសោកស្ដាយខ្លាំងណាស់ដែលកេរដំណែលរបស់សម្តេចតា ព្រះបរមរតនកោដ្ឋត្រូវបានបំផ្លាញត្រឹមជំនាន់របស់យើង។ ពួកយើងសូមស្នើសុំរដ្ឋាភិបាលបញ្ឈប់ការលក់ឧទ្យានជាតិទៅឱ្យឯកជនបន្តទៀត»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ឈ្មោះយូញៀន ឌីវេឡុបមិនគ្រុប ឬ យូញៀនគ្រុប ឬ UDG ដែលទទួលបានដីអភិវឌ្ឍនៅតំបន់បទុមសាគរ ពាក់ព័ន្ធនឹងការបណ្តេញពលរដ្ឋចេញដោយមិនបានផ្តល់សំណងត្រឹមត្រូវ៕