ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​នៅ​កោះកុង​ប្តឹង​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង


រូបឯកសារ៖ សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)
រូបឯកសារ៖ សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​

សាលា​ដំបូង​ខេត្ត​កោះកុង​ ​បាន​កោះហៅ​ ប្រជាពល​រដ្ឋ​ពីរ​នាក់​រស់​នៅ​ក្នុងស្រុក​គិរី​សាគរ​ឲ្យ​ចូល​ខ្លួន ដើម្បី​ឆ្លើយបំភ្លឺ​ដំណើរ​រឿង​ដែល​ក្រុមហ៊ុន​ចិន​ ​Union Development Group (UDG) ប្តឹង​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំងពីរ​នាក់​ ​រុះរើ​ផ្ទះ​ របង​ និង​សម្ភារៈផ្សេងទៀត​ ​ចេញ​ពី​ដី​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន។​ ​នេះ​បើ​យោង​តាម​ឯកសារ​នៃ​ដីកា​កោះ​ ដែល​ ​VOA​ ​ទទួល​បាន​នៅថ្ងៃ​អង្គារ​នេះ​ ​និង​តាមការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។

បន្ទាប់​ពី​ពួកគេ​ត្រូវបានសាកសួរ​អស់​ជាច្រើន​ម៉ោងតាំងពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃអង្គារ​ ​ដោយ​ ព្រះរាជ​អាជ្ញារង​ម្នាក់​នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុងនោះមក ពួក​គេ​ទាំង​ពីរ​បាន​វិល​ត្រឡប់​មក​លំនៅដ្ឋាន​វិញ​ទាំង​មានក្តីបារម្ភ​ថា​ ផ្ទះ​សម្បែង​របស់​ពួកគេ​នឹង​ត្រូវ​ឈូសឆាយ​ បើពួកគេ​នៅ​ចចេស​មិន​ព្រម​ចាកចេញ​នោះ។

យោងតាម​ដីកាកោះ​ដាច់​ដោយឡែក​ពីគ្នា​របស់​លោក​ ​អ៊ីវ ត្រាយ​ ​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​កោះកុង​ ប្រជាពលរដ្ឋ​ពីរ​នាក់​ គឺ​លោក​ ​អ៊ុក សាវ៉ន​ ​វ័យ​៥៦ ឆ្នាំ និង​អ្នកស្រី​លីវ ភួង​ ​វ័យ៥២ឆ្នាំ​ ត្រូវបាន​កោះ​ឲ្យ​ចូលខ្លួន​នៅថ្ងៃ​អង្គារ​នេះ។

លោក​ ​ហួរ អ៊ីន​ ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ពលរដ្ឋ​ទាំង​ពីរ​នេះ​ ​គឺ​ស្ថិត​ក្នុង​ចំណោមប្រជាពល​រដ្ឋ​បួន​គ្រួសារ​ចុង​ក្រោយ​គេដែល​មិន​ព្រម​ចាកចេញ​ពីលំនៅដ្ឋាន​បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​ពយជប៉ុន​ ក្នុង​ភូមិ​ព្រែកស្មាច់​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរីសាគរ​ ​បន្ទាប់​ពី​ពួកគេ​ទទួលបាន​សំណង​ពីក្រុមហ៊ុន​ចំពោះ​ដីធ្លី​ដែល​ពួកគេ​បានកាន់​កាប់​នៅក្រៅ​ដីលំនៅដ្ឋានរបស់​ពូកគេ។

លោក​និយាយថា ពួកគេបាន​ព្យាយាម​តវ៉ា​ រក​សំណង​បន្ថែមពីក្រុមហ៊ុនចិន​UDG នេះ​ ជា​ដី​ទំហំ​មួយ​ហិក​តា​សម្រាប់​មួយ​គ្រួសារ ​មុន​នឹង​សម្រេចចាក​ចេញ​ពីលំនៅដ្ឋាន​បច្ចុប្បន្ន​ ​ដែលក្រុម​ហ៊ុន​មិនព្រម​ផ្តល់​សំណង​ឲ្យ​នោះ។

«ដំណើរ​រឿង​គឺ​វាអី​ចេះ​ ​ពី​មុនគាត់​ធ្លាប់​បាន​ទទួល​សំណង​ តែដី​ចំការ ហើយនឹង​ដីធ្លី​ផ្ទះគាត់ តែ​វានៅ​កន្លែង​ផ្សេង​ កន្លែង​ផ្សេង​ទៀត។​ ​អ៊ីចឹង​គាត់​បាន​ទទួល​មែន​ បានមួយគ្រួសារ​ ១០០០ [ដុល្លារ] ជាង។ ១០០​០ជាង​អ៊ីចឹង​ ក៏ប៉ុន្តែ ខាង​ក្រុមហ៊ុន​ ​គេប្តឹង​ទាមទារ​ ទាំងដី​លំនៅដ្ឋានរបស់​គាត់​នៅពយជប៉ុននេះ​ទៀត។​ ​អ៊ីចឹង​មានន័យថា​ ​ដីលំ​នៅ​ដ្ឋាន​រប​ស់​គាត់​នៅ​ពយ​ជប៉ុននេះ​ គឺអត់​ទាន់​បាន​ទទួល​សំណង​ពី​ក្រុម​ហ៊ុន​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​គេប្តឹង​ទាមទារ​យក។​ ​គេ​សំអាង​ថា​ ​គេ​បាន​ប្រគល់​សំណង​ហើយ​ ប៉ុន្តែ​សំណង​ហ្នឹង​គឺប្រ​គល់​ហ្នឹង​ គឺសង​ដី​នៅ​កន្លែង​ផ្សេង​ទេ​ ​មិនមែន​ជា​ដី​លំនៅដ្ឋាន​ ដែលគាត់​កំពុង​តែ​រស់​នៅ​ហ្នឹង​ទេ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​ បាន​បញ្ជាក់​បន្ថែម​ទៀតថា​ ការប្តឹង​ផ្តល់​របស់​ក្រុមហ៊ុន​ចិន​ ​UDG​ ​នេះ​ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​លំនៅ​ដ្ឋាន​របស់​ពលរដ្ឋ។

ក្រុមហ៊ុន​ ​Union Development Group​ ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨។​ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្កឹមស្កៃ​នេះ​កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង​។

​អ្នកស្រី​លីវ​ ភួង​ វ័យ​៥២​ ឆ្នាំ​ ដែល​បាន​ចូលទៅបំភ្លឺ​ជាមួយ​លោក​ អ៊ុក សាវ៉ន​ ​នៅសាលាដំបូង​ខេត្ត​កោះ​កុង​ ថ្លែងថាអ្នកស្រី​មិនព្រម​ចាកចេញ​ពី​លំ​នៅ​ដ្ឋាន​បច្ចុប្បន្ន​ ​ដោយសារ​តែ​អ្នកស្រី​បាន​ព្រម​កាត់​ដីលំ​នៅ​ដ្ឋាន​បច្ចុប្បន្ន​តែ​កន្លះ​ហិកតា​លើ​ផ្ទៃ​ដី​សរុប​មួយ​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន។ ដូច្នេះអ្នកស្រីថា​ ទាល់​តែ​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ដី​ទំហំ​កន្លះ​ហិកតា​ទៀត​ និង​ដីចម្ការ​ចំនួន​៥ហិកតា​ ទើបអ្នកស្រី​អាច​ចាកចេញ​ពីលំនៅដ្ឋាន​បច្ចុប្បន្នបាន​។

អ្នកស្រី​ប្រាប់​ ​VOA ​បន្ថែមថា ក្រុមហ៊ុន​បាន​យក​ដីចំការ​របស់​អ្នកស្រី​ជាង​បួន​ហិកតា ​រួច​ទៅហើយ ដោយ​បាន​ផ្តល់លុយ​ជាង​១០០០ដុល្លារ​ ហើយបាន​សន្យាថា​ នឹង​ផ្តល់ដី​ប្រាំ​ហិកតា​ផ្សេងទៀត​ជាថ្នូរ​នឹង​ការបាត់បង់​ដី​ចំការ​នោះ​។​ ​តែ​អ្នក​ស្រី​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​ក្រុមហ៊ុន​មិន​បាន​ធ្វើតាម​សន្យា​ទេ​ ហើយថែម​ទាំង​ចង់បាន​ដីភូមិដ្ឋានសព្វថ្ងៃ​ដែលស្ថិត​នៅក្នុងតំបន់​ពយជប៉ុន​ ទល់មុខ​កោះ​ស្តេច​នេះ​ទៀត​។

«គាត់​ថា​ ខ្ញុំមិន​អាច​សុំដី សុំធ្លី​គេបាន​ទៀតទេ​...យើង​ខ្ញុំយក​អី​ទៀត​ បើខ្ញុំ​យក​រួចហើយ​ ត្រូវតែដើរ​ចេញ​ទៅ​ មានតែ​ខ្ញុំហ្នឹង​សុំ​ថវិកា​គេបន្តិច​បន្តួច​ រុះរើ​ ថ្លៃរុះរើ​ទៅនៅ​អាកន្លែង​ខ្ញុំយក​ មួយកន្លែង​ហ្នឹង​ទៅ​ បើ[មិន]ចឹង​ គេត្រូវធ្វើតាម​ច្បាប់ ច្បាប់​គេដាក់តាមចិន​ហ្នឹង​ដាក់មកឲ្យ​គេ​ មើលតាម​សំណង​គេ​ហ្នុងទៅ គេថា​ ខ្ញុំ​ត្រូវ​តែ​ចេញ​ចឹង​ហ្មង»។​

អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​ព្រម​ចាកចេញ​ពីលំនៅដ្ឋាន​បច្ចុប្បន្ន ប្រសិន​បើ​ក្រុមហ៊ុនផ្តល់​ដី​ចំនួន​៥ហិ​កតា ដែលបានសន្យាថា​ឲ្យកាលពីពេលមុននោះ និង​សំណង​សម្រាប់​ដីភូមិ​ដែល​ក្រុមហ៊ុន​ចង់​បាន​។ អ្នកស្រីបាន​បង្ហាញក្តីបារម្ភ​ចំពោះការ​ឈូស​ឆាយ​ដី​ពីសំណាក់​ក្រុមហ៊ុន​ ព្រោះតំណាង​អយ្យការ​លោក​អ៊ីវ ត្រាយ​ប្រាប់ថា​ អ្នកស្រីមិនអាច​តវ៉ាបានទៀតទេ។​

«គេថា​ យើង​មិន​អាចតវ៉ា​បាន​ យើង​ត្រូវ​តែ​ចេញ​ បើមិន​ចេញ​គេដាក់​ដីកាទៅ​ឈូសចោល​ចឹង​ហ្មង​ ចឹង​ភ័យ​ចឹង​ហ្មង​ ភ័យ​កន្លែង​ហ្នឹង​ ដល់​ពេល​គេឈូស​ចោល​ យើងមិន​ដឹង​ធ្វើ​ម៉េចកើត​? យើង​ទៅ​តតាំង​គេម៉េច​កើត​ បើគេ​សុទ្ធ​តែ​គ្រឿង​ចក្រ»។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីក្រុមហ៊ុន​ UDG តាម​ទូរស័ព្ទលើ​តុ​ តែទូរស័ព្ទ​នោះរោទិ៍​គ្មាន​អ្នក​ទទួល​។

លោក​ ​អ៊ីវ ត្រាយ​ ​ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​ខេត្តកោះកុង​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​លោក​ជាប់រវល់។

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគេ​កាន់​កាប់​ បន្ទាប់​ពី​ពួក​គេ​បានយល់​ព្រម​ថា​នឹងចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ ​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។

គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​របស់​ក្រុមហ៊ុន​ UDG ​នេះ​ ​អាច​នឹង​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង។​ ​ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​ នឹង​មាន​វាល​ព្រលាន​យន្តហោះ​ ​មណ្ឌល​ពាណិជ្ជ​កម្ម​ កំពង់ផែ​ និង​ទីកន្លែង​កំសាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក។

ក៏​ប៉ុន្តែ ​លោក​ហ៊ួរ អ៊ីន​ ​មន្ត្រីសិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​ ប្រចាំខេត្ត​កោះកុង​ ថ្លែង​ថា​ មានការ​វិវត្តន៍យ៉ាង​យឺតយ៉ាវចំពោះ​គម្រោង​ដ៏ធំនេះ​ ដោយ​សារ​តែ​ដីធ្លីដែល​បាន​មក​ពីការ​ផ្តល់សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ និងដីដែល​ទាមទារ​បាន​ពីប្រ​ជាពលរដ្ឋ​ជិត​៤៦​០០០​ហិកតា​នោះ​ ត្រូវ​បាន​ទុកឲ្យនៅ​ទំ​នេរ​ចោល​ ឬធ្វើសកម្មភាពដាំដុះ​បន្តិចបន្តួច​តែប៉ុណ្ណោះ៕

XS
SM
MD
LG