ក្រុមមន្ត្រីសិទ្ធិមនុស្សកំពុងស្វែងរកដំណោះស្រាយជូនដល់ក្រុមប្រជាពលរដ្ឋចំនួន៤០គ្រួសារដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានដើមរបស់ពួកគេនៅខេត្តកោះកុងយ៉ាងកំរោលកាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីសិទ្ធិមនុស្សនិងតំណាងពលរដ្ឋ។
ការស្វែងរកដំណោះស្រាយនេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរស្រុកបុទុមសាគរនិងមន្ត្រីនៃឧទ្យានជាតិបុទុមសាគរបានដឹកនាំកម្លាំងចម្រុះរួមមានក្រុមមន្ត្រីអាវុធហត្ថនិងក្រុមអង្គការសម្ព័ន្ធសត្វព្រៃ មានចំនួនប្រមាណ៣០នាក់ដែលខ្លះមានកាន់អាវុធវុងប្រភេទ AK៤៧ ទៅរុះរើផ្ទះប្រជាពលរដ្ឋនៅចំណុចកំពង់ភ្លូ ភូមិជីត្រេះ ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ដោយគ្មានការជូនដំណឹងនោះឡើយ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីសិទ្ធិមនុស្សមកពីអង្គការសិទ្ធិមនុស្សចំនួនពីរគឺអង្គការការពារសិទ្ធិមនុស្សលីកាដូនិងសមាគមការពារសិទ្ធិមនុស្សអាដហុក បានជួបពិភាក្សាជាមួយលោក អន ភារៈ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ដើម្បីរកដំណោះស្រាយ ជួយដល់ក្រុមប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅចំណុចកំពង់ភ្លូ ភូមិជីត្រេះ ឃុំ អណ្តូងទឹក។ លោកថា ក្នុងចំណោមក្រុមប្រជាពលរដ្ឋចំនួន៤០គ្រួសារ ដែលរងការបណ្តេញចេញយ៉ាងកម្រោលនោះ មានប្រមាណ៣០គ្រួសារ បានរុះរើលំនៅដ្ឋានចាស់របស់ពួកគាត់ ហើយទៅស្នាក់អាស្រ័យនៅជាមួយអ្នកភូមិក្នុងឃុំដដែល ដែលមានចម្ងាយប្រមាណជា១២គីឡូម៉ែត្រពីទីតាំងចាស់។
លោក អ៊ិន គង់ជិតបានចាត់ទុកការបណ្តេញពលរដ្ឋទាំងបង្ខំដោយគ្មានការទទួលខុសត្រូវនេះថាជាទង្វើធ្វើបាបប្រជាជន។
«យើងឃើញទង្វើនេះ ហាក់ដូចជា មិនបានជួយអ្វីដល់ប្រជាពលរដ្ឋក្រីក្រទេ នៅពេលដែល ខណៈដែលគាត់បាន បង្កបង្កើនផលដាំដុះផលដំណាំ រដ្ឋជួយការពារ គាំពារ ទៅលើប្រជាពលរដ្ឋដែល ប្រកបរបរកសិកម្មនេះ ហើយគួរតែគាំពារ គួរតែលើកស្ទួយ គួរតែការពារដល់ពួកគាត់។ ដោយឡែក ការព្រងើយកន្តើយមិនជួយពួកគាត់ ហើយបែរជាទៅបើកដៃឲ្យក្រុមហ៊ុនចិននិងខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការដោយបង្ខំទៅលើប្រជាពលរដ្ឋហ្នឹង វាជាករណីមួយដែលការណ៍ធ្វើបាប និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ»។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បានលើកឡើងបន្តថា អាជ្ញាធរខេត្តហាក់ដូចមិនបានបង្ហាញចេតនាជួយដល់ពលរដ្ឋនោះទេ តែថែមទាំងបានចោទប្រកាន់ពលរដ្ឋថាបានប្រព្រឹត្តបទល្មើសសត្វព្រៃនិងអារឈើ ក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ។ លោកអ៊ិន គង់ជិត បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកគ្រប់គ្រងឧទ្យានជាតិបុទុមសាគរ និងមន្ត្រីអង្គការសម្ព័ន្ធសត្វព្រៃ បានផ្តល់ជំហរស្រដៀងគ្នាថា តំបន់ដែលក្រុមប្រជាពលរដ្ឋ៤០គ្រួសាររស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៨៥មកនោះថា ជាតំបន់ស្នូលមានដីទំនាប និងជាតំបន់មានសត្វដំរីរស់នៅ។
នៅពេលដែល VOA សួរលោកបន្ថែមថា តើអាជ្ញាធរអាចនឹងមានដំណោះស្រាយដែរឬយ៉ាងណាសម្រាប់ក្រុមគ្រួសារពលរដ្ឋដែលត្រូវបានបណ្តេញចេញនោះ លោកអ៊ិន គង់ជិតបានថ្លែងថា លោកអភិបាលខេត្តរង អន ភារៈបានថ្លែងថា លោកនឹងស្នើទៅក្រសួងបរិស្ថាន ដើម្បីសុំដីសម្បទានសង្គមកិច្ចចំនួន៦០០ហិកតាជូនដល់ពលរដ្ឋដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានកាលពីសប្តាហ៍មុននេះ។ លោកថាផ្នែកខ្លះនៃដី៦០០ហិកតានេះ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ Sinomexim Investment Co., Ltd នៅទីតាំងដែល ក្រុមប្រជាពលរដ្ឋរងការបណ្តេញចេញកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ កំពុងចូលទៅស្នាក់នៅបណ្តោះអាសន្ន។
តែទោះជាយ៉ាងនេះក្តី មន្ត្រីសិទ្ធិមនុស្សរូបនេះ មិនជឿថា ការសន្យារបស់លោក អន ភារៈ ពិតជាអាចកើតមានឡើងនោះឡើយ។
«យើងហាក់ដូចជាអត់មានសង្ឃឹម អត់មានជំនឿទេ ដោយសារលោក អន ភារៈ ដែលអភិបាលរងខេត្តហ្នឹង គាត់ធ្លាប់មានប្រសាសន៍ប្រាប់ខ្ញុំថា កាលពីមួយឆ្នាំមុនហ្នឹងថា អាជ្ញាធរហ្នឹងបានស្នើសុំទៅ ក្រសួងបរិស្ថានហ្នឹងកាត់ឆ្វៀលដីទំហំ ៥០០ ហិកតាជាងនោះ ហើយមួយឆ្នាំជាងហើយ ឥឡូវវាអត់បានអត់ឃើញមាន ហើយយើងឃើញថា ចំពោះក្រុមហ៊ុនណាដែលស្នើសុំ ដីសម្បទានកសិឧស្សាហកម្មហ្នឹង គឺក្រសួងបរិស្ថានបានផ្តល់ឲ្យយ៉ាងរហ័ស»។
ជម្លោះដីធ្លីនៅខេត្តកោះកុងត្រូវគេជឿថា នៅបន្តកើតមាន និងមិនទាន់ត្រូវបានដោះស្រាយឲ្យចប់រួចរាល់នៅឡើយដោយហេតុថា វិវាទខ្លះគឺមានការជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច ដែលមាននិន្នាការនយោបាយទៅរកគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយវិវាទខ្លះទៀតគឺពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិន ក្នុងនោះមានក្រុមហ៊ុន Union Development Group ហៅកាត់ថា (UDG)។
ក្រុមហ៊ុន UDG ខាងលើនេះ បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតាពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះកំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់បានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគេកាន់កាប់ បន្ទាប់ពីពួកគេបានចាកចេញពីភូមិដ្ឋានចាស់ទៅតាំងលំនៅដ្ឋាននៅភូមិដ្ឋានថ្មី។
លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានបដិសេធមិនផ្តល់ការអធិប្បាយជុំវិញ ការបណ្តេញក្រុមប្រជាពលរដ្ឋចំនួន៤០គ្រួសារ ចេញពីឃុំអណ្តូងទឹក កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨កន្លងទៅ ដោយលោកបានស្នើឲ្យអ្នកយកព័ត៌មានទៅជួបលោកផ្ទាល់។
នៅមុនពេលទម្លាក់ទូរស័ព្ទចុះ លោកថ្លែងយ៉ាងដូច្នេះ៖
«អ្ហូ! អាហ្នឹង ទាល់នេះ មកជួបគ្នាផ្ទាល់ហ្មង សម្ភាសន៍ហ្មងទៅ ខ្ញុំពិបាកនិយាយតាមទូរសព្ទអ្ហាស់ ព្រោះអីមិនដឹង VOA មិនដឹង អាស៊ីសេរីផង»។
ចំណែក លោក អ៊ឹង វុន្នី នាយកឧទ្យានជាតិបុទុមសាគរ ក៏បានបដិសេធមិនផ្តល់អធិប្បាយ ដោយបានបង្វែរសំណួរទៅខាងអាជ្ញាធរខេត្តវិញ។
«បងសួរទៅខាងខេត្តចុះបាទ។ ខ្ញុំអត់ដឹងដែរ បាទ។ បងអញ្ជើញសួរខេត្តចុះ»។
លោក ណុប ណេត តំណាងអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដែលក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា បានចូលរួមក្នុងប្រតិបត្តិការបណ្តេញប្រជាពលរដ្ឋនៅក្នុងឃុំអណ្តូងទឹកបានស្នើឲ្យអ្នកយកព័ត៌មានសួរទៅអាជ្ញាធរខេត្តនិងមន្ត្រីឧទ្យានជាតិបុទុមសាគរ នៅពេល VOA សួរលោកដើម្បីបញ្ជាក់ថា តើពលរដ្ឋដែលត្រូវបណ្តេញចេញនោះ ពិតជារស់នៅដោយបំពានក្នុងតំបន់ស្នូលរបស់ឧទ្យានជាតិបុទុមសាគរមែនឬយ៉ាងណានោះ។
ទាក់ទិនការចោទប្រកាន់ពីក្រុមមន្ត្រីសិទ្ធិមនុស្សដែលថា ការបណ្តេញពលរដ្ឋទាំងបង្ខំ ជាទង្វើធ្វើបាបពលរដ្ឋលោក ណុប ណេត បានថ្លែងយ៉ាងដូច្នេះ៖
«ខ្ញុំវាមិនដឹងថា យ៉ាងម៉េចទេ ព្រោះកន្លងមក រឿងរ៉ាវកន្លងមក ប្រជាពលរដ្ឋរវាងអាជ្ញាធរហ្នឹងឮថា មានចែកដីធ្លីហើយ ប៉ុន្តែគាត់បង្ខំចិត្តរុលទៅរស់ហ្នឹងដដែលវិញ តែប៉ុណ្ណឹង ខ្ញុំដឹងអីចឹងបង»។
បើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង អាជ្ញាធរខេត្តបានអះអាងថា កាលពីពេលកន្លងមក ប្រជាពលរដ្ឋរស់នៅតំបន់ដែលរងការបណ្តេញចេញនោះ ធ្លាប់បានទទួលដីទំហំ ៧០ គុណនឹង ១៣០ម៉ែត្រតែមានអ្នកខ្លះបានលក់ដូរ ហើយបានទៅចាប់ដីនៅតំបន់ដែលរងការបណ្តេញចេញនោះវិញដដែល។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបន្តថា ប្រជាពលរដ្ឋខ្លះ និយាយថា ពួកគាត់បានទទួលដីនោះមែន តែដីនោះមិនអំណោយផលសម្រាប់ការដាំដុះ ទើបពួកគាត់សម្រេចចិត្តមកបង្កបង្កើនផលក្នុងដីទំនាស់នាពេលបច្ចុប្បន្ននេះ៕