ក្រុមសកម្មជន និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ប្រមាណជាង១០នាក់ បាននាំញត្តិទៅដាក់នៅតាមស្ថានទូតនៃបណ្តាប្រទេស ដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថា (អាស៊ាន) និងការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងគោលបំណង ទាមទារឲ្យមានកិច្ចអន្តរាគមន៍ដោះលែង អ្នកការពារសិទិ្ធលំនៅដ្ឋាន អ្នកស្រី ទេព វន្នីដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង។
អ្នកស្រី បូវ សោភា សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ បានប្រាប់ VOA នៅខាងក្រៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមថា ការដាក់ញត្តិស្វែងរកយុត្តិធម៌ជូនអ្នកស្រី ទេព វន្នី នាពេលនេះ ធ្វើឡើង នៅមុនមួយថ្ងៃនៃខួបមួយ ឆ្នាំសម្រាប់ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី។ អ្នកស្រីនិយាយបន្តថា ការកាត់ទោសយ៉ាងអយុត្តិធម៌របស់សាលាឧទ្ធរណ៍ ក៏ជាផ្នែកមួយនៃការដាក់ញត្តិថ្ងៃនេះ ទៅកាន់ប្រទេសសមាជិកអាស៊ាន និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
«នៅក្នុងតុលាការ យើងមើលឃើញហើយថា អ្នកស្រី ទេព វន្នី ភស្តុតាងដាក់បន្ទុក ក៏អត់មាន សាក្សីក៏អត់មាន របស់ប៉ូលិសក៏ខុស ប្រាសចាកពីការពិត ហើយអីចឹងទង្វើ អស់ទាំងនេះ មួយទៀត ចៅក្រមព្រះរាជអាជ្ញាគាត់បានឆ្លើយឡើងថា មិនអាចដោះលែងឲ្យអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពបានទេ ព្រោះអី? បើសិនជាលែងទៅធ្វើឲ្យចលនាសង្គម អាទង្វើអស់ទាំងនេះហើយ ដែលតុលាការ គាត់ឆ្លើយ មិនមានការដូចថា ឆន្ទានុសិទ្ធិរបស់គាត់ ដែលគាត់កាត់នោះទេ បែរជាគាត់ឆ្លើយតាមការ បញ្ជា ឬមួយតាមការណែនាំរបស់គេទៅវិញ»។
ការដាក់ញត្តិរបស់ពួកគេ នៅថ្ងៃចន្ទនេះ កើតមានឡើង ក្រោយពីសាលាឧទ្ធរណ៍កាលពីសប្តាហ៍មុនមិនព្រមផ្តល់សេរីភាព ដល់អ្នកស្រីទេព វន្នី ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ខែ ពីបទប្រព្រឹត្តអំពើហិង្សា ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំ ២០១៣។
កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ អ្នកស្រី ទេព វន្នី វ័យ៣៧ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសកម្រិតធ្ងន់ នៅគ្រាដែលសកម្មជនការពារសិទ្ធិលំនៅដ្ឋានរូបនេះដឹកនាំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅយ៉ាងសកម្មទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.។ ក្រោយការឃុំខ្លួនបណ្តោះអាសន្ននោះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏បានសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ដែលជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices។
អ្នកស្រី បូវ សោភា បានប្រាប់ VOA បន្ថែមថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដែលបានផ្អាកតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរ នឹងបន្តឡើងវិញ ក្នុងករណីដែលប្រព័ន្ធយុត្តិធម៌កម្ពុជា បន្តឃុំអ្នកស្រី ទេព វន្នី ដែលជាអ្នកតវ៉ា ប្រកាន់ខ្ជាប់នូវធម៌អហិង្សា។
«ថ្ងៃច័ន្ទពណ៌ខ្មៅ គឺយើងធ្វើឡើងនៅក្នុងការដែលឃុំខ្លួនសង្គមស៊ីវិល ដោយភាពអយុត្តិធម៌ តែដោយឡែកនៅអ្នកស្រី ទេព វន្នីមួយទៀត ដែលមិនទាន់មានការដោះលែង អញ្ចឹងគឺយើងនៅតែធ្វើ នៅតែធ្វើនូវយុទ្ធនាការថ្ងៃច័ន្ទដដែល បើសិនជា មិនមានការដោះលែងអ្នកស្រី ទេព វន្នី។ ឥឡូវហ្នឹងគឺយើងធ្វើសម្រាប់គម្រប់ខួបមួយឆ្នាំគាត់សិន យុទ្ធនាការមួយឆ្នាំនៅក្នុងគុករបស់អ្នកស្រី ទេព វន្នី»។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមសកម្មជនការពារដីធ្លី និងប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ បានដាក់ញត្តិទៅអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី។
តាមការបញ្ជាក់របស់កញ្ញា សុង ស្រីលាភ សកម្មជនការពារដីធ្លីម្នាក់ទៀត នៅតំបន់បឹងកក់បានឲ្យដឹងថា អ្នកស្រី ស្មីតមិនទាន់មានការឆ្លើយតបបែបណានឹងញត្តិនោះនៅឡើយទេ។ ដោយឈរនៅមុខស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កញ្ញា សុង ស្រីលាភ បានឲ្យដឹងថា គោលបំណងនៃការដាក់ទៅកាន់ប្រទេសសមាជិកអាស៊ាន គឺដើម្បីឲ្យមេដឹកនាំនៃប្រទេសទាំងអស់នោះ ពិនិត្យឡើងវិញនូវស្ថានភាពគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋនៅកម្ពុជា។
«គាត់គឺជាប្រទេសអាស៊ានហ្នឹង សុំឲ្យគាត់ចូលរួមក្នុងការឃ្លាំមើល ពាក់ព័ន្ធសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរឹតត្បិតយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះហើយអ្នកស្រីទេព វន្នី គឺគាត់ជាប់ពន្ធនាគារ ដោយសារការ ចូលរួមនៅក្នុងការសម្តែងមតិ ជាពិសេសគឺសេរីភាពនៃការជួបជុំ ត្រូវបានបំបិទសិទ្ធិយ៉ាងធ្ងន់ធ្ងរ»។
កញ្ញា សុង ស្រីលាភ បញ្ជាក់បន្តថា៖
«គាត់ត្រូវបានជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយពួកខ្ញុំមកដាក់ញត្តិ ជូនប្រទេសអាស៊ានសង្ឃឹមថាគាត់ នឹងជួយអន្តរាគមន៍ ពាក់ព័ន្ធពីបញ្ហានេះ ពីព្រោះកន្លងមកយើងបានមើលឃើញថា ប្រធានសភាអាស៊ាន គាត់ក៏បាននិយាយពាក់ព័ន្ធពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹងពួកខ្ញុំសង្ឃឹមថា គាត់នឹងជួយអន្តរាគមន៍ ឲ្យអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពមកវិញ ក្នុងរយៈពេលមួយឆ្នាំហើយដែលគាត់ត្រូវជួបរឿងអយុត្តិធម៌»។
ការបន្តដាក់ញត្តិរបស់សកម្មជនការពារសិទ្ធិដីធ្លី និងប្រជាពលរដ្ឋនៅសហគមន៍បឹងកក់នេះ ធ្វើឡើងនៅខណៈដែលអ្នកស្រី រ៉ូណា ស្មីតកំពុងបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពិនិត្យស្ថានភាពសិទ្ធិកុមារនិងសិទ្ធិមនុស្សទូទៅនៅក្នុងប្រទេសនេះ។
ក្នុងការដាក់ញត្តិទៅកាន់ប្រទេសអាស៊ាននាថ្ងៃចន្ទនេះ មានស្ថានទូតចំនួន៦បានទទួលយកញត្តិក្នុងនោះ មានស្ថានទូតម៉ាឡេស៊ី ភូមា និងហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់កញ្ញា សុង ស្រីលាភ សកម្មជនការពារសិទ្ធិដីធ្លីនៅសហគមន៍បឹងកក់។
ទូតចំនួនបីដែលមិនព្រមទទួលយកញត្តិ ក្នុងនោះរួមមានស្ថានទូតព្រះរាជាណាចក្រថៃ ដែលអះអាងថា មិនមានមន្ត្រីធ្វើការ ស្ថានទូតឡាវ និងវៀតណាម ដែលមន្ត្រីសន្តិសុខនៅទីនោះអះអាងថា គ្មានអ្នកតំណាងស្ថានទូតនៅចាំទទួលយកញត្តិ។ VOA ព្យាយាមសុំការអធិប្បាយពីស្ថានទូតម៉ាឡេស៊ី តែមិនមានអ្នកលើកទូរស័ព្ទ។ ចំណែកឯមន្ត្រីស្ថានទូតឡាវមួយរូប បានបញ្ជាក់ប្រាប់ VOAថា បញ្ហាតំបន់បឹងកក់ជាបញ្ហាផ្ទៃក្នុងកម្ពុជា ដូច្នេះប្រទេសឡាវគ្មានសិទ្ធិជ្រៀតជ្រែក។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់ឆ្លើយសំណួររបស់ VOA តាមសារអេឡិចត្រូនិច ឬ Email មកទល់នឹងល្ងាចថ្ងៃចន្ទនេះ។
កញ្ញា សុង ស្រីលាភ បានឲ្យដឹងថា ក្រុមសកម្មជន និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ នឹងបន្តដាក់ញត្តិទៅកាន់ប្រទេសមហាអំណាចធំៗនៅកម្ពុជានៅថ្ងៃអង្គារស្អែកនេះ ក្នុងគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ដល់ការទទួលបានយុត្តិធម៌ដល់អ្នកស្រី ទេព វន្នី ដែលជាអតីតស្រ្តីមេផ្ទះ តែបានក្លាយជាអ្នកប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានដីធ្លី ពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ដ៏ចម្រូងចម្រាស និងពោរពេញដោយហិង្សា៕