ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​មិនផ្តល់​សេរីភាព​ដល់​សកម្មជន​ដីធ្លី​ទេព វន្នី​ ដោយ​បារម្ភ​ពី​ការ​ប៉ះពាល់​នីតិវិធី​ស៊ើប​អង្កេត​​


ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)
ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)

សាលា​ឧទ្ធរណ៍​បាន​ច្រានចោល​បណ្តឹង​ជំទាស់​របស់​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​ ​អ្នកស្រី​ ​ទេព វន្នី​ ហើយ​រក្សា​ការកាត់​សេចក្តី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​៣០ខែ​ដដែល​។​

សកម្មជន​ដីធ្លី​មួយ​ចំនួន​នៅ​តំបន់​បឹង​កក់​ ស្រែក​ទ្រហោយំ​ នៅ​មុខ​ច្រកទ្វារ​ចូល​របស់​សាលា​ឧទ្ធរណ៍​ នាព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​ស្ថាប័ន​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ​បាន​សម្រេច​មិន​ផ្តល់​សេរីភាព​ដល់​ អ្នកស្រី​ ​ទេព វន្នី​ ដែល​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​៣០ខែ​ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​កាល​ពីឆ្នាំ​ ២០១៣។​

អ្នកស្រី​ គង់ ចន្ថា​ ដែល​ជា​សាក្សី​របស់​អ្នកស្រី​ ​ទេព វន្នី​ ក្នុង​សំណុំ​រឿង​ដែល​មាន​អាយុកាល​បួន​ឆ្នាំ​ និង​ជា​សកម្មជន​ការពារ​ផ្ទះ​សម្បែង​នៅ​សហគមន៍បឹង​កក់​ ​បាន​ស្រែកយំ​ ​សម្រក់​ទឹកភ្នែក​ ​នៅ​មុខ​សាលា​ឧទ្ធរណ៍​ ​ហើយ​បាន​និយាយ​ថា​ ​ចៅក្រម​សាលាឧទ្ធរណ៍​ ​បាន​យល់​ស្រប​ទៅ​តាម​ការកាត់​ទោស​របស់​តុលាការ​រាជធានី​ភ្នំពេញ​ ​ដោយ​មិន​អនុញ្ញាតឲ្យ​អ្នកស្រី​ ទេព វន្នី​ មាន​សិទ្ធិ​សេរីភាព​ ​បាន​ជួបជុំ​គ្រួសារ​វិញ​នោះ​ឡើយ។​ ​សកម្មជន​រូប​នេះ​ ​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ ​ហៅ​កាត់​ថា​ អាស៊ាន​ ឲ្យ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​«ប្រទេស​ខ្មែរ​នេះ​តែម្តង​ គឺសិទ្ធិមនុស្ស​ក៏បាត់​ សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ក៏គ្មាន​ បាត់​បង់​ផ្ទះសម្បែង​សព្វបែបយ៉ាង​ អញ្ចឹង​សុំ​ប្រទេស​ចូលអាស៊ាន​ ជួយ​ដល់​ប្រទេស​ខ្មែរ​ផង»។​ នេះបើ​តាម​សម្តី​របស់​អ្នកស្រី​ ​គង់ ចន្ថា។

អ្នកស្រី​ គង់ ចន្ថា​ សកម្មជន​ដីធ្លី​នៅតំបន់​បឹង​កក់​ និង​សាក្សី​របស់​អ្នកស្រី ទេព វន្នី​ កាលពីថ្ងៃ​ទី​៨ ខែ សីហា​ ឆ្នាំ​ ២០១៧​ បាន​ស្រែកយំ​នៅមុខសាលាឧទ្ធរណ៍ និង​អំពាវនាវ​ឲ្យ​ប្រទេស​ជាសមាជិក​របស់​អាស៊ានសម្លឹង​មើល​បញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA
អ្នកស្រី​ គង់ ចន្ថា​ សកម្មជន​ដីធ្លី​នៅតំបន់​បឹង​កក់​ និង​សាក្សី​របស់​អ្នកស្រី ទេព វន្នី​ កាលពីថ្ងៃ​ទី​៨ ខែ សីហា​ ឆ្នាំ​ ២០១៧​ បាន​ស្រែកយំ​នៅមុខសាលាឧទ្ធរណ៍ និង​អំពាវនាវ​ឲ្យ​ប្រទេស​ជាសមាជិក​របស់​អាស៊ានសម្លឹង​មើល​បញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA

​សកម្មជន​ម្នាក់​ទៀតក្នុង​សហគមន៍​បឹងកក់​ គឺកញ្ញា​ ​សុង​ ស្រីលាភ​ ​ក៏​បាន​ស្រែក​ទ្រហោយំ​ និង​ចោទ​ថា​តុលាការ​មាន​ចេតនា​ទុច្ចរិត​និង​សមគំនិត​ជា​មួយ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដើម្បី​ធ្វើ​បាប​ អ្នកស្រី​ ​ទេព វន្នី​ ​ដែល​ជា​ជន​ស្លូតត្រង់។​

«ទេព វន្នី​ អត់​បាន​ធ្វើអី​ខុស​ទេ​ ហេតុអី?​ ហេតុអី​ តុលាការ​ទៅឃុបឃិត​ ជាមួយ​ពួកពុកអាលួយ​ ធ្វើ បាប​ពួកយើង»។

អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៧​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ពាក់​ព័ន្ធ​នឹង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ឬ​ត្រូវ​មាន​ទោស​កម្រិត​ធ្ងន់។ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ​ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ​នៅថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក៏​បាន​សម្រេច​កាត់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ​ដែល​ជាម្ចាស់ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​និង​៦ខែ។

​កាល​ពី​ចុងខែ​កក្កដា​កន្លង​ទៅ​ អ្នកស្រី​ ​ទេព វន្នី​ បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ ​ដើម្បី​ទទួល​ការ​ជនុំ​ជម្រះ​អំពី​បណ្តឹង​ទាស់​របស់​អ្នកស្រី​ ក្នុងរឿងក្តី​បង្ក​ហិង្សា​ក្បែរ​ផ្ទះ​លោក​ ​ហ៊ុន សែន។​ ​អ្នកស្រី​បាន​ប្រាប់​ តុលាការ​សាលា​ឧទ្ធរណ៍​ថា​ ការចោទប្រកាន់​មក​លើ​អ្នកស្រី​ថា​បាន​ប្រពឹ្រត្ត​អំពើ​ហិង្សា​នោះ​ គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​ ​ហើយ​ថា​អ្នកស្រី​តែង​ប្រកាន់​យក​ធម៌​អហិង្សា​ក្នុង​ការតវ៉ា​នា​នា។

លោក​ ​ទូច ថារិទ្ធ​ មន្ត្រីនាំពាក្យ​សាលាឧទ្ធរណ៍​ មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ ​ប៉ុល សំអឿន​ ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំនុំជម្រះ​ បាន​ប្រកាស​រក្សា​ការ​កាត់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល។​ លោក​បានបញ្ជាក់​បន្តថា​ សាលា​ឧទ្ធរណ៍​ មិន​អាច​លើក​លែង​ការចោទ​ប្រកាន់​ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​រាជធានីភ្នំពេញ​បាន​នោះ​ទេ​ ​ដោយ​ហេតុ​ថា​ ការ​ផ្តល់​សេរីភាព​ដល់​ អ្នកស្រី​ ទេព វន្នី​ អាចនឹង​រំខាន​ដល់​មន្ត្រី​តុលាការ​ដែលកំពុង​បន្ត​កិច្ច​ស៊ើប​អង្កេត​អង្គសេចក្តី​នៃ​រឿងក្តីក្តាំ​នេះ។

«ព្រឹកមិញ​ហ្នឹង​ដោយ​ ​លោក​ចៅក្រម​ ប៉ុល សំអឿន​ ហ្នឹង​គាត់​បាន​តម្កល់​សាលក្រម​ របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ហ្នឹង​ទុក​ជាបាន​ការ​ដដែល​ដោយ​ ដាក់​ទោស​អ្នកស្រី​ ទេព វន្នី​ ជាប់​ ២​ឆ្នាំ​ ៦ខែ​ ដដែល​ពីបទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោសហ្នឹង​ អញ្ចឹង​នៅដដែល​។ ហើយ​ដោយ​យល់​ឃើញថា​ បើសិន​ជា​អាច​មានការ​នៅក្រៅ​ឃុំ​ វាអាច​ប៉ះពាល់​ដល់ ពាក់​ព័ន្ធ​ទៅនឹង​ការ​ស៊ើប​អង្កេត​នៅ តាម​ផ្លូវតុលាការ​ នៅពាក់​ព័ន្ធ​ទៅនឹង​រឿង​អង្គសេចក្តី​ទៀត​ហ្អាស់»។

​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​ ​បាន​ប្រកាស​សាលដីកា​ ​ដល់​អ្នកស្រី​ ទេព វន្នី​ ​លោក​ ​ស៊ឹង​ សែនករុណា​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​អង្គារនេះ​ បានប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្រៅ​សាលា​ឧទ្ធរណ៍​ថា​ ​ចៅ​ក្រម​សាលា​ឧទ្ធរណ៍​មិនកាត់​សេច​ក្តី​ ផ្អែក​ទៅ​តាម​នីតិវិធី​ត្រឹម​ត្រូវ​តាមច្បាប់នោះទេ។​ លោកពន្យល់​ថា​ ដើមបណ្តឹង និងសាក្សីរបស់​ដើមបណ្តឹងពុំបាន​បង្ហាញខ្លួនក្នុងពេលសវនាការ​ ហើយ​ចៅក្រម​ក៏មិន​អាច​រកភស្តុតាង​ជាក់លាក់​មកដាក់​បន្ទុក​លើ​អ្នកស្រី​ ទេព វន្នី​ ក្រៅតែពី​ផ្អែកលើ​ចម្លើយ​សាក្សី​របស់​ដើម​បណ្តឹង​ដែល​ជា​កង​សន្តិសុខ​ពីរ​នាក់​មក​ពី​ខណ្ឌដូនពេញ។​

លោក​ ​ស៊ឹង​ សែនករុណា​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក៖​

លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)
លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

​ «​សាក្សី​របស់​លោក​ស្រី​ ទេព វន្នី​ បានបញ្ជាក់​ហើយ​ថា​ គាត់មិនបាន​មាន​ការបញ្ជា​ទេ​ ហើយ​សូម្បី​តែ​វត្ថុ​តាង​ដែល​ ប្រព្រឹត្តហ្នឹង​ក៏មិនមាន​ដែរ​ ដូច​ជា​ ការលើកឡើង​ថា​ មាន​ដុំថ្ម​ក្នុង​កាបូប​ មាន​ប្រើ​ Speaker​ [ឧបករណ៍បំពងសំឡេង] ​មេក្រូហ្វូនហ្នឹង​វាយ​ទៅលើ​ ក្រុម​សន្តិសុខ​អី​ជាដើម​ហ្នឹង​។​ អញ្ចឹង​គាត់​ក៏​មាន​សាក្សី​បញ្ជាក់​ដែរ​ថា​ គាត់​អត់​បាន​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​ហ្នឹង​ទេ»។

មន្ត្រី​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ ​ការ​សម្រេច​ដោយ​អយុត្តិធម៌​របស់​សាលា​ឧទ្ធរណ៍ ​ទៅ​លើ​រឿង​ក្តី​ដែល​គេ​ជឿ​ថា​ មានជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នេះ​ នឹង​បំផ្លាញ​មុខ​មាត់​ និង​កិត្តិយស​ របស់​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា។

យ៉ាងណា​ក៏​ដោយ​ ​លោក​ ទូច​ ថារិទ្ធ មន្ត្រី​នាំពាក្យ​សាលាឧទ្ធរណ៍ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ទាក់​ទិនឥទិ្ធពល​ខាង​នយោ​បាយ​មក​លើ​ក្តីក្តាំ​អ្នកស្រី​ ទេព​ វន្នី​ តែបាន​ការពារ​ការកាត់សេចក្តី​របស់​សាលា​ឧទ្ធរណ៍ថា​ បាន​ធ្វើ​ទៅ​តាម​នីតិ​វិធី​ត្រឹមត្រូវ​របស់​តុលាការ។​ លោកថា​ អ្នកស្រី​ទេព វន្នី​ នៅ​មាន​សិទ្ធិ​បឹ្តង​តវ៉ា​ ​ទៅ​តុលាការ​កំពូល​ដើម្បី​បញ្ជាក់​ពីភាព​គ្មានទោស​ពៃរិ៍​របស់​អ្នកស្រី។

ក្រុម​សកម្ម​ជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់​ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ​បាន​ព្យាយាម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អ្នកស្រីរ៉ូណា ស្មីត​ (Rhona Smith)​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ដែល​បាន​ផ្តើមទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា​នាថ្ងៃ​អង្គារ​នេះ។

​មន្ត្រី​ទំនាក់​ទំនង​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ (OHCHR)​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាមសារ​អេឡិចត្រូនិក​ ឬ Email​ ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​អ្នកស្រី​ ស្មីត​ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ ​អង្គ វង្សវឌ្ឍ​ ​នៅថ្ងៃទី​ ១០​ ខែ​សីហា។​ ​ប៉ុន្តែ​មន្ត្រីរូបនោះ មិន​អាច​បញ្ជាក់បាន​ថា​ ជំនាញ​ការ​រូបនេះ​ នឹង​លើក​ឡើង​ពីករណី​អ្នក​ស្រី​ ទេព វន្នី​ មក​ពិភាក្សា​ក្នុង​ជំនួប​នោះ​ឡើយ​ គ្រា​ដែល​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា​ អ្នកស្រី​ស្មីត​ មិន​អាចដាក់​សម្ពាធខាងផ្លូវច្បាប់​ណាមួយ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​បាន​ទេ៕

XS
SM
MD
LG