នៅថ្ងៃអង្គារស្អែកនេះ អ្នកស្រី ទេព វន្នី នឹងទទួលសាលដីកាពីសាសាឧទ្ធរណ៍ទាក់ទិនបណ្តឹងជំទាស់របស់អ្នកស្រីនឹងការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញពីបទចោទប្រកាន់ថា បានបង្កហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីបួនឆ្នាំមុន។
មួយថ្ងៃមុនពេលការចេញសាលដីការបស់សាលាឧទ្ធរណ៍ ក្រុមសកម្មជនដីធ្លីក្នុងតំបន់បឹងកក់ បាននាំយកញត្តិទៅដាក់នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ពីអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលនឹងមកបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃអង្គារស្អែកនេះ។
ក្រុមសកម្មជនដីធ្លីនៅតំបន់បឹងកក់ បានបន្តផ្អាកធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» តែបាននាំយកញត្តិទៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីដាក់ជូនអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រុមសកម្មជនការពារដីធ្លីនៅតំបន់បឹកកក់។
អ្នកស្រី បូវ សោភា សកម្មជនដីធ្លីនៅតំបន់បឹងកក់ បានប្រាប់ VOA នៅព្រឹកថ្ងៃចន្ទនេះថា ក្រុមសកម្មជនដីធ្លីបានដាក់ញតិ្តទៅអ្នកស្រី ស្មីត តាមរយៈអ្នកស្រី Wan Hea Lee តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីឲ្យអ្នកស្រី ស្មីត លើកឡើងពីរឿងក្តីក្តាំរបស់អ្នកស្រី ទេព វន្នី ក្នុងជំនួបរបស់អ្នកស្រី ជាមួយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា។ អ្នកស្រីបន្តថា ការដាក់ញត្តិនេះ មិនមែនជាផ្នែកមួយនៃការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនោះទេ តែជាការទាមទារសេរីភាពដល់សហការីអ្នកស្រី គឺអ្នកស្រី ទេព វន្នី ដែលបានជាប់ពន្ធនាគារ ជិត៤០០ថ្ងៃមកហើយ។
«ខ្ញុំដាក់ញតិ្ត ញត្តិថ្ងៃនេះ គឺជាញត្តិកិច្ចអន្តរាគមន៍ពីអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ខ្ញុំអត់បានធ្វើពាក់ព័ន្ធលាយគ្នា ជាមួយថ្ងៃចន្ទពណ៌ខ្មៅទេ។ តែរូបភាពដែលខ្ញុំនៅតែពាក់អាវពណ៌ខ្មៅសម្រាប់ថ្ងៃចន្ទនេះគឺ ខ្ញុំចង់បញ្ជាក់ថា សម្រាប់ពួកខ្ញុំនៅតែមិនទាន់មានយុត្តិធម៌ សម្រាប់អ្នកស្រី ទេព វន្នី។ ខ្ញុំចង់ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី គឺពួកខ្ញុំនឹងឈប់ពាក់ឯកសណ្ឋានពណ៌ខ្មៅ នៅក្នុងថ្ងៃចន្ទហ្នឹង។ នេះជារូបភាពមួយដែលចេញពីទឹកចិត្តរបស់ពួកយើងម្នាក់ៗ ដែលជាគេហៅថា បុគ្គល មិនមែនពាក់ព័ន្ធទៅនឹងរឿងស្ថាប័ន ឬមួយក៏ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាល»។
អ្នកស្រី ស្មីត នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទីបួនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែល VOA ទទួលបានកាលពីសបា្តហ៍មុន។
មន្ត្រីទំនាក់ទំនងរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email នៅថ្ងៃចន្ទនេះថា អ្នកស្រី Lee បានទទួលញត្តិពីក្រុមសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលបានដាក់ទៅជូនអ្នកស្រី ស្មីត តែការិយាល័យនេះមិនទាន់អាចបញ្ជាក់បានថា អ្នកស្រី ស្មីត នឹងជួបលោក អង្គ វង្សវឌ្ឍនា រដ្នមន្ត្រីនៃក្រសួងយុត្តិធម៌ នៅពេលណានោះទេ។ យ៉ាងណាក្តី ការិយាល័យនេះបានបញ្ជាក់ថា អ្នកស្រី ស្មីត នឹងជួបមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើនផ្សេងទៀត ហើយថា ខ្លួននៅបន្តធ្វើការតស៊ូមតិ ដើម្បីឲ្យមានការផ្តល់យុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស ដែលបានអនុវត្តន៍សិទ្ធិរបស់ពួកគេដោយសន្តិវិធី។
អ្នកស្រី ទេព វន្នី វ័យ៣៧ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសកម្រិតធ្ងន់។ ក្រោយការឃុំខ្លួនបណ្តោះអាសន្ននោះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏បានសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ VOA នៅល្ងាចថ្ងៃចន្ទនេះថា អ្នកស្រី ស្មីត គ្រោងជួបលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា នៅព្រឹកថ្ងៃទី ១០ ខែសីហា នៅក្រសួងយុត្តិធម៌។ លោកមានប្រសាសន៍ថា សកម្មជនដីធ្លីនៅតំបន់បឹងកក់ មានសិទ្ធិសុំអន្តារគមន៍ពីអ្នកស្រី ស្មីត ដែលលោកជឿថា នឹងមិនអាចដាក់សម្ពាធលើក្រសួងយុត្តិធម៌ ឲ្យមានការសម្រេចចិត្តខាងផ្លូវច្បាប់ណាមួយដើម្បីជួយអ្នកស្រី ទេព វន្នី នោះឡើយ។
«ជាទូទៅ ការស្នើសុំជាសិទ្ធិសេរីភាពរបស់គាត់ ក៏ប៉ុន្តែ ខ្ញុំយល់ថា លោកស្រី រ៉ូណា ស្មីត គាត់ជាអ្នកច្បាប់ គាត់យល់ដឹងពីទិដ្ឋភាពច្បាប់ គោលការណ៍រដ្ឋធម្មនុញ្ញច្បាស់ណាស់ ហើយក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាតំណាងអំណាចនីតិប្រតិបត្តិ មិនអាចទៅជ្រៀតជ្រែក ឲ្យមានការដោះលែង មានការឃុំ ឬក៏លើកលែងការចោទប្រកាន់អី ដែលជាអំណាចតុលាការ ដែលជាអំណាចឯករាជ្យនោះទេ។ អញ្ចឹងទេ ការសើ្នសុំនេះ គឺជាសិទ្ធិរបស់គាត់ តែខ្ញុំក៏ជឿជាក់ថា លោកស្រី រ៉ូណា ស្មីត គឺជាអ្នកច្បាប់មួយដែលយល់ដឹងច្បាស់ពីគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ខ្ញុំជឿថា គាត់មិនដាក់សម្ពាធ ឬក៏ស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ហ្នឹង ប្រព្រឹត្តខុសគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញនោះទេបាទ»។
កាលពីចុងខែកក្កដា អ្នកស្រី ទេព វន្នី បានបង្ហាញខ្លួននៅសាលាឧទ្ធរណ៍ ដើម្បីទទួលការជនុំជម្រះអំពីបណ្តឹងទាស់របស់អ្នកស្រី ក្នុងរឿងក្តីបង្កហិង្សាក្បែរផ្ទះលោក ហ៊ុន សែន។ អ្នកស្រីបានប្រាប់ តុលាការសាលាឧទ្ធរណ៍ថា ការចោទប្រកាន់មកលើអ្នកស្រីថាបានប្រពឹ្រត្តអំពើហិង្សានោះ គឺជាការចោទប្រកាន់គ្មានភស្តុតាង ហើយថាអ្នកស្រីតែងប្រកាន់យកធម៌អហិង្សាក្នុងការតវ៉ានានា។ ក្រោយពីបញ្ចប់ការជំនុំជម្រះនោះ សាលាឧទ្ធរណ៍សម្រេចយកថ្ងៃទី៨ ខែសីហា ស្អែកនេះ ជាថ្ងៃប្រកាសសាលដីកា។
ការឃុំខ្លួន និងការកាត់ទោសអ្នកស្រី ទេព វន្នី កាលពីពេលកន្លងមកនោះ ធ្វើឡើងក្រោយពីសកម្មជនដីធ្លីរូបនេះដឹកនាំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅយ៉ាងសកម្មទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងទាមទារយុត្តិធម៌ជូនលោក កែម ឡី អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូប ដែលត្រូវគេបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦ នៅកណ្ដាលទីក្រុងភ្នំពេញ៕