ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​លន់​តួ​អង្វរ​ឲ្យ​សាលា​ឧទ្ធរណ៍​ដោះលែង​សកម្មជន​ដីធ្លី​អ្នកស្រី​ទេព វន្នី


រូបឯកសារ៖ លោក​យាយ​ង៉ែត ឃុន​ ​សកម្មជន​បឹងកក់​ កាន់​រូបភាព​របស់​លោក​ស្រី​ ​ទេព វន្នី​​ឈតវ៉ា​នៅ​មុខសាលា​ដំបូង​ក្រុង​ភ្នំពេញ​ កាលពីថ្ងៃសុក្រទី​១៦ខែ​ធ្នូឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​យាយ​ង៉ែត ឃុន​ ​សកម្មជន​បឹងកក់​ កាន់​រូបភាព​របស់​លោក​ស្រី​ ​ទេព វន្នី​​ឈតវ៉ា​នៅ​មុខសាលា​ដំបូង​ក្រុង​ភ្នំពេញ​ កាលពីថ្ងៃសុក្រទី​១៦ខែ​ធ្នូឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

សាក្សីមួយ​រូប​ក្នុង​ចំណោម​សាក្សី​បី​រូប​របស់​អ្នកស្រី​ ទេព វន្នី​ បាន​លត់​ជង្គង់​នៅមុខ​ក្រុម​ប្រឹក្សា​អង្គ​ជនុំ​ជម្រះ​ នៅក្នុង​សាល​សវនាការ​សាលាឧទ្ធរណ៍​នា​រសៀលថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្វរ​សុំ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ​ទេព​ វន្នី​ ឲ្យ​មាន​សេរីភាព​ពី​បទចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

អ្នកស្រី​ បូ ឆវី​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ ត្រូវ​បាន​លោក​ ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ សួរ​ដេញ​ដោល​អំពី​ហេតុ​ការណ៍​ហិង្សា​មួយ​ដែល​បាន​កើតឡើង​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣​ ដែល​កង​សន្តិសុខ​ពីរ​រូប​ក្នុង​ខណ្ឌ​ដូនពេញ​ អះអាង​ថា​ ពួកគេ​ត្រូវស្ត្រី​ពីរនាក់​ធ្វើ​ឲ្យ​មាន​របួស​ស្នាម​នៅ​ត្រង់​ក្បាល​ និង​ផ្ទៃមុខ។​ ក្នុង​ការ​សួរ​ដេញ​ដោល​នោះ​ ​អ្នកស្រី​ បូ ឆវី​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ថា​ អ្នកស្រី​ ទេព វន្នី​ មិន​បាន​ធ្វើ​សកម្មភាព​បង្ក​ហិង្សា​នោះ​ទេ​ ហើយ​ក្រុម​ដែល​បង្ក​ហិង្សា​គឺ​កង​សន្តិសុខ។

ក្រោយ​ការ​សួរ​ដេញដោល​បាន​បញ្ចប់ ​អ្នកស្រី​ បូ ឆវី​ បាន​លត់ជង្គង់​ និង​លើកដៃ​សំពះ​អង្គ​ជំនុំ​ជម្រះ​ ហើយ​បាន​ស្បថ​ថា​ ការ​ផ្តល់​ចម្លើយ​របស់​អ្នកស្រី​ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​អ្នកស្រី​ ទេព វន្នី​ គឺ​ជា​ការណ៍​ពិត​ ហើយ​បើមិន​ពិត​ទេ​នោះ សុំឲ្យ​ទេព្តា​បរា​មុខ​អ្នកស្រី។​

អ្នកស្រី​ ទេព​ វន្នី ​វ័យ​៣៧​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ពាក់​ព័ន្ធ​នឹង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ឬ​ត្រូវ​មាន​ទោស​កម្រិត​ធ្ងន់។ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ​ សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ​នៅថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក៏​បាន​សម្រេច​កាត់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ​ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​និង​៦ខែ។​

ពេល​ឈរនៅ​មុខ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំជម្រះ ​ក្នុង​សាល​សវនាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​ ទេព វន្នី​ បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​អ្នកស្រី​ និង​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​ជួប​ជុំ​កូនៗ​ និង​ម្តាយ​ចាស់ជរា​ ដែល​កំពុង​រស់នៅ​ក្នុង​សភាព​ខ្វះខាត។​

នៅចុង​បញ្ចប់​សវនាការ​ លោក​ ​ប៉ុល សំអឿន​ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំនុំ​ជម្រះ​ បាន​សម្រេច​ថា​ តុលាការ​នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​ជំទាស់​របស់​អ្នកស្រី​ ទេព វន្នី ​នៅថ្ងៃ​ទី​៨​ ខែ​សីហា​ខាង​មុខ។

ជារឿយៗ​ គេ​សង្កេត​ឃើញ​ថា ​អ្នកស្រី​ ទេព វន្នី​ តែង​និយាយ​បង្អាក់​ការ​សួរដេញ​ដោល​របស់​អង្គ​ជំនុំ​ជម្រះ​ទៅលើ​សាក្សី​នីមួយៗ​របស់​អ្នកស្រី ​ក្នុង​សវនាការ​នោះ។​ ភាពតាន​តឹង​ខាង​ពាក្យ​សម្តី​ក៏​បាន​កើត​ឡើង នៅ​ពេល​លោក​ ង៉ែត សារ៉ាត់​ ​តំណាង​អយ្យការ​សួរនាំ​អ្នកស្រី​ ទេព វន្នី ​អំពី​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​ កាលពី​បួន​ឆ្នាំមុន។​ អ្នកស្រី ​ទេព វន្នី ​បាន​ចោទ​លោក​ ង៉ែត សារ៉ាត់ ថា​ ព្យាយាម​សួររក​តែ​កន្លែង​អាច​ចាប់​កំហុស​មនុស្ស​ស្លូត​ត្រង់។ ​តែលោក​ ង៉ែត សារ៉ាត់​ មិន​តបត​ ហើយ​បាន​ស្នើឲ្យ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​តម្កល់​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​ប្រឆាំង​នឹង​អ្នកស្រី​ ទេព វន្នី ​ទុកជា​បានការ។

លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​នៅមុខ​សាលា​ឧទ្ធរណ៍​អំពី​រឿង​ក្តី​អ្នកស្រី ទេព វន្នី កាលពីថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)
លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​នៅមុខ​សាលា​ឧទ្ធរណ៍​អំពី​រឿង​ក្តី​អ្នកស្រី ទេព វន្នី កាលពីថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)

រហូត​មកទល់​នឹង​ពេល​នេះ​ ​អ្នកស្រី​ ទេព វន្នី​ បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​៣៤៦ថ្ងៃ។ ​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​ មើល​មិន​ឃើញ​ពី​ភស្តុតាង​ដែល​អាច​គាំទ្រ​ដល់​ការ​កាត់​ទោស​អ្នកស្រី​ ទេព វន្នី​ នោះ​ឡើយ។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សម្តែង​ការ​សោកស្តាយ​ ដែល​ពុំមាន​វត្តមាន​ដើម​បណ្តឹង​ និង​សាក្សី​របស់​ដើមបណ្តឹង​ ដែល​ប្តឹង​ប្រឆាំង​អ្នកស្រី​ ទេព វន្នី។​ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ថា​ តាម​ការ​អង្កេត​ក្នុង​សាលសវនាការ​ ​តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់​លាក់​គាំទ្រ​ដល់​ការកាត់​ទោស​របស់​តុលាការ​រាជធានី​ភ្នំពេញ​នោះ​ឡើយ។​

«ឆ្លង​តាមការ​ជជែក​ដេញដោល​នេះ​ ​យើង​ខ្ញុំ​ដែល​ចូល​ស្តាប់​សវនាការ​ យើង​ហាក់បី​ដូច​ជា​មិន​រក​ឃើញ​ភស្តុតាង​ ឬ​ចំណុច​ណាមួយ​ដែល​ថា​ អ្នក​ស្រី​ ទេព​ វន្នី​ បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ។​ អីចឹង​យើង​គ្រាន់តែ​មាន​ការ​សង្ឃឹម​ថា​ សាលា​ឧទ្ធរណ៍​លោក​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​នេះ​ ហើយ​នឹង​ដោះលែង​អ្នកស្រី​ ទេព វន្នី ​ឲ្យ​មាន​សេរីភាព​វិញ»។​

រី​ឯ​ក្រុម​មេធាវី​ការពារ​ក្តី​អ្នកស្រី​ ទេព វន្នី​ បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​អង្គជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​ថា​ មាន​ចំណុច​សង្ស័យ​ជាច្រើន​ទាក់​ទិន​នឹង​នីតិវិធី​សើរើ​រឿងក្តី​ដែល​បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១៣​ និង​ចម្លើយ​របស់​សាក្សី​ ​ដែល​គំាទ្រ​ដើម​បណ្តឹង​ពីរ​រូប​គឺ​មាន​ឈ្មោះ​ អ៊ុក រតនា​ និង ​ហោ អឿន ដែល​ជា​កង​សន្តិសុខ​ដឹកនាំ​ដោយ​លោក​ គង់​ វុត្ថា​ប្រធាន​កង​សន្តិសុខ​ខណ្ឌដូនពេញ។

អ្នកស្រី​ សាម​ សុគន្ធា​ មេធាវី​ការពារក្តី​អ្នកស្រី​ ទេព វន្នី​ បាន​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​អង្គជំនុំ​ជម្រះ​លើក​លែង​បទ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ ទេព វន្នី​ និង​ដោះលែង​សកម្មជន​ដីធ្លី​រូបនេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​លោកស្រី​អះអាង​ថា​ មាន​វិមតិ​សង្ស័យ​ជាច្រើន​ក្នុង​ការ​កសាង​សំណុំរឿង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ដូនពេញ​ ដោយសារ​ហេតុ​ការណ៍​បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១៣​ ​តែបែរ​ជា​តុលាការ​លើក​យក​មក​ចោទ​ប្រកាន់​នៅ​ខែ​សីហា​ឆ្នាំ​២០១៦។ ​អ្នកស្រី​ពន្យល់​តុលាការ​ផង​ដែរ​ សាក្សី​ក៏​បាន​ផ្តល់​ចម្លើយ​មិន​ច្បាស់​លាស់​អំពី​អ្នក​បង្ក​ហិង្សា​ កាលពី​ថ្ងៃទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​នោះ។​

ការ​ឃុំ​ខ្លួន​ និង​ការ​កាត់​ទោស​កាលពី​ពេល​កន្លង​មក​នោះ​ធ្វើ​ឡើង​ ក្រោយ​ពី​សកម្មជន​ដីធ្លី​រូប​នេះ​ដឹក​នាំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​យ៉ាង​សកម្ម​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ និង​ទាមទារ​យុត្តិធម៌​ជូន​លោក​ កែម ឡី​ អ្នកវិភាគ​សង្គម​ និង​នយោបាយ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។

កញ្ញា សុង​ ស្រីលាភ​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅមុខ​សាលាឧទ្ធរណ៍​ថា​ យុត្តិធម៌​នឹង​មាន​ដល់​អ្នកស្រី​ ទេព វន្នី​ ប្រសិន​បើ​តុលាការ​ឯករាជ្យ។ (ហ៊ុល រស្មី/VOA)
កញ្ញា សុង​ ស្រីលាភ​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅមុខ​សាលាឧទ្ធរណ៍​ថា​ យុត្តិធម៌​នឹង​មាន​ដល់​អ្នកស្រី​ ទេព វន្នី​ ប្រសិន​បើ​តុលាការ​ឯករាជ្យ។ (ហ៊ុល រស្មី/VOA)

កញ្ញា ​សុង ស្រីលាភ​ សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ បានប្រាប់​ VOA ​ក្រោយ​សវនា​នៅ​សាលា​ឧទ្ធរណ៍​ថា ​យុត្តិធម៌​នឹង​មាន​សម្រាប់​អ្នកស្រី​ ទេព វន្នី​ ប្រសិន​បើ​តុលាការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ផ្លូវច្បាប់។

«បើ​តុលាការ​នោះ​ គាត់​មិន​កាន់​គោល​ជំហរ​មួយ​ ដែល​ឯករាជ្យ​ ធ្វើការ​សម្រាប់​ប្រជា​ពលរដ្ឋ​ ឬក៏​ធ្វើ​ការ​ឲ្យ​យុត្តិធម៌​ តាម​នីតិវិធី​ ឬ​ចំណេះ​វិជ្ជា​គាត់​ ដែល​បាន​រៀន​មក​នោះ​ គឺ​យើង​មិន​ងាយ​មើល​ឃើញ​ ពាក្យ​ថា​ យុត្តិធម៌​ជាមួយ​អ្នកស្រី​ ទេព វន្នី​ ក៏​ដូច​ជា​ពួក​យើង​រងគ្រោះ​កន្លង​មក​ទេ»។​

គ្រាដែល​ឆ្មាំ​ពន្ធនាគារ​នាំ​អ្នកស្រី ​ទេព វ​ន្នី ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​នោះ​ ​កូនស្រី​សកម្មជន​ដីធ្លី​រូប​នេះ​គឺ​កុមារី​ អ៊ូ គង់បញ្ញា​ វ័យ​១៣​ឆ្នាំ​ និយាយ​ថា​ គ្មាន​ម្តាយ​នៅ​ក្បែរ​ ខ្លួន​ញាំបាយ​មិន​សូវ​បាន​ ហើយ​ការ​រៀនសូត្រ​ក៏​ជួប​ការ​លំបាក​ផង​ដែរ៕

XS
SM
MD
LG