ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ថា​ ការ​ឃាត់​ខ្លួន​លោក​​ញឹក ប៊ុនឆៃ​​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ


រូបឯកសារ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ​ខៀវ សុភ័គ​ ​និយាយថា​ ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​នីតិវិធី​​​ឲ្យ​នាំ​​ខ្លួន​​លោក​ ​ញឹក ប៊ុនឆៃ​ ​មកឆ្លើយបំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹង​​ហេតុ​ការណ៍​កើត​ឡើង​​កាលពី​១០ឆ្នាំ​មុន គឺជា​​ការ​សម្រេច​របស់​តុលាការ​ ​ដែល​លោកថា​ ​សមត្ថកិច្ច​គ្រាន់​តែ​ជា​អ្នក​ធ្វើ​តាម​ការ​បញ្ជា​របស់​តុលាការ​តែប៉ុណ្ណោះ។​​

តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​នាំ​ខ្លួនលោក​ ញឹក ប៊ុនឆៃ​ អតីត​មេ​បញ្ជាការ​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​សាកសួរ​ជា​បន្ទាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់​កាល​ពី​ឆ្នាំ ២០០៧។​ ការ​ឃាត់​ខ្លួនអតីត​មេទ័ព​រូប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​ព្រះ​មហាក្សត្រ​បញ្ចប់​តំណែង​ចុង​របស់​លោក​។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ​ការ​ឃាត់​ខ្លួន​លោក ​ញឹក ប៊ុនឆៃ​ មិនមាន​ការ​ពាក់​ព័ន្ធ​នយោបាយ​អ្វី​នោះ​ទេ។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រធាន​គណបក្ស​រួប​រួម​ជាតិ​ ​និង​ជា​អតីត​ទី​ប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​ ដែល​ទើប​ត្រូវ​បាន​ដកតំណែង​ ​គឺ​ពាក់​ព័ន្ធនឹងការ​ទទួល​ផលពី​ការ​ផលិត​គ្រឿង​ញៀន​កាលពី​១០​ឆ្នាំ​មុន​ ​មិន​ពាក់ព័ន្ធ​នឹង​ហេតុ​ផល​នយោបាយ​ណាមួយ​នោះ​ទេ។

លោក​ ​ញឹក ប៊ុនឆៃ​ ​អតីត​មេបញ្ជាការ​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សខ្មែរ​រួបរួម​ជាតិកាល​ពី​ព្រហស្បតិ៍​ ​ត្រូវ​បាន​សមត្ថកិច្ចឃាត់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួនរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តាម​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ចេញ​កាលពី​ថ្ងៃ​ទី​៣ខែ​សីហា​ ​ដែលចុះ​ហត្ថលេខាដោយ​លោក​ព្រះរាជ​អាជ្ញា​រង ​សៀង សុខ​ ​បាន​បង្គាប់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​សមគំនិត​ពី​បទ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់​ ​និង​នាំ​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​ប្រព្រឹត្តនៅ​ចំណុច​ភូមិ​ទី​ ១ ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី១​ ​ខែ​មេសា​ ​ឆ្នាំ​ ​២០០៧។​

នាយឧត្តមសេនីយ៍ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួ​ងមហាផ្ទៃប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​សមត្ថកិច្ចបានទៅ​នាំ​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​យក​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ផល​ពី​ការ​ផលិត​គ្រឿង​ញៀន​កាលពី​ឆ្នាំ​២០០៧​ ​ទៅ​តាម​ដីកា​បញ្ជា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ​លោក​បន្ថែម​ថា​ ​ការឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​មិនជាប់​ពាក់ព័ន្ធ​នឹងការ​ដកតំណែង​ ឬ​ហេតុផលន​យោបាយ​ណា​មួយ​នោះ​ទេ​ដោយ​ ​លោក​អះអាង​ថា​ ​ការ​ឃាត់​ខ្លួននេះ​ ​គឺ​កើត​ចេញពី​បទ​ល្មើស​គ្រឿង​ញៀន ​ដែល​នៅ​ពេល​នោះជំនួយ​ការ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ម្នាក់​ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​២៥ឆ្នាំ ។

«ករណី​ហ្នឹង​កើតឡើង​តាំង​នៅ​ត្រែង​ត្រយឹង​លើក​ណា​ម្តង​យើង​ចាប់​ជន​ល្មើសប៉ុន្មាន​នាក់​ដែល​ផលិត ATS​ ​អំហ្វេតាមីន​ ​ដីមាន​ប៉ុន្មាន​ហិកតា​ ​ហើយ​ដី​ហ្នឹង​ដី​គាត់។​ ​ហើយ​អ្នក​ដែល​ធ្វើ​ការងារ​ហ្នឹង​ ​គឺ​អាជំនួយ​ការ​ជួយ​គាត់ ទីប្រឹក្សា​គាត់ ហើយ​ដល់​វា​ជាប់​គុក​ទៅ​វា​ឆ្លើយ​ដាក់​តាំង​ពី​ហ្នឹង​មក។​ ​ពេល​ឥឡូវ​ហ្នឹង​ពេល​យើង​បន្ត​នីតិវិធីទៅ​យើង​ឃើញ​ថាគាត់​មាន​ករណី​ពាក់ព័ន្ធ​ទទួល​ផល ទទួល​អញ្ចឹង​មែន។​ ​ការ​បើកដៃ​ ​ហើយ​រហូត​ដល់​មាន​គេប្រុង​ទៅ​ចាប់​អាជុង [ជំនួយការ​លោក ញឹក ប៊ុនឆៃ]​ ​ហ្នឹង​ ​គាត់​បញ្ចេះ​ឲ្យ​អាហ្នឹង​រត់​ទៅ​ទៀត ដូច្នេះ​វា​អត់​មាន​ពាក់ព័ន្ធ​អីនឹង​ការ​អស់​អំណាច​អីទេ»។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​ ​ខៀវ សុភ័គ​ ​បន្ថែម​ថា​ ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​នីតិវិធី​ឲ្យ​នាំខ្លួនលោក​ ​ញឹក ប៊ុនឆៃ​ ​មកឆ្លើយបំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹងហេតុ​ការណ៍​កើត​ឡើងកាលពី​១០ឆ្នាំ​មុន គឺជាការ​សម្រេច​របស់​តុលាការ​ ​ដែល​លោកថា​ ​សមត្ថកិច្ច​គ្រាន់​តែ​ជា​អ្នក​ធ្វើ​តាម​ការ​បញ្ជា​របស់​តុលាការ​តែប៉ុណ្ណោះ។

លោក​ ​ញឹក ប៊ុនឆៃ​ ​អតីត​មេទ័ព​ស្មោះត្រង់​នឹង​រាជានិយម​ ​ដែល​ដឹកនាំ​ទ័ព​ក្នុង​ការ​ប្រយុទ្ធ​នា​ពេល​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ ​ត្រូវ​បាន​បញ្ចប់​តំណែង​កំពូលៗ​របស់​លោកជា​បន្តបន្ទាប់​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ​កាលពី​ពីរ​ខែ​មុន​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​កាត់​ផ្តាច់​សម្ព័ន្ធ​ភាព​ជា​មួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ ​ញឹក ប៊ុនឆៃ បន្ទាប់ពី​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មិន​ស្មោះត្រង់​ជាមួយ​នឹង​សម្ព័ន្ធ​ភាព​ ​ដោយលួច​ទាក់ទងជា​មួយ​លោក​ ​អេង ឆៃ អ៊ាង​ ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា​កន្លង​ទៅ។

បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ចោទថា​ ​លោក​ ​ញឹក ប៊ុនឆៃ​ ​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នោះ​ ​អតីត​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​ដែល​ធ្លាប់​ស្មោះត្រង់​នឹង​គណបក្សរាជានិយម​ ​ហ៊្វុន ស៊ិនប៉ិច​ ​រូបនេះ​ ក៏​ត្រូវ​បានព្រះ​មហាក្សត្រ​បញ្ចប់​តំណែងពី​ទីប្រឹក្សា​រដ្ឋា​ភិបាលតាមការ​ស្នើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និងត្រូវ​បានដក​ហូត​អាវុធ​ ​ព្រម​ទាំងក្រុម​អង្គរក្ស​ការពារ​ជា​បន្ទាន់។​

​លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ ​លើក​ឡើង​ថា​ ​ករណី​ឃាត់​ខ្លួន​លោក ញឹក ប៊ុនឆៃ​ ​ពាក់ព័ន្ធ​នឹងករណី​គ្រឿង​ញៀន​កាល​ពី​១០ឆ្នាំ​មុន​ ​បាន​បង្ហាញ​ពីការ​អនុវត្តច្បាប់​ដែល​មាន​ភាព​ទន់ខ្សោយ​និង​មាន​ស្តង់ដារ​ពីរ។​ ​លោក ​បន្ថែម​ថា​ ​ការ​ឃាត់​ខ្លួន​នេះ​ក៏​អាច​ពាក់ព័ន្ធ​នឹង​ល្បែង​នយោ​បាយ​ ​ក្រោយ​ពី​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បានគណបក្ស​កាន់​អំណាច​ចោទ​ថា​មិន​ស្មោះ​ត្រង់​នឹង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស។

​«យើង​ឃើញ​ថា​មួយ​រយៈ​ចុងក្រោយ​នេះ​ ​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​ដក​តំណែង​ ​ហើយ​ត្រូវ​បាន​ប្រកាស​ថា​មិនមែន​ជា​ដៃគូ​ ​ឬក៏​ជាជន​ដែល​ក្បត់​នឹង​សម្ព័ន្ធភាព​អី​ជាដើម។​ ​អញ្ចឹង​មើល​ទៅ​ខ្ញុំគិត​ថា​ ​ការ​ដែល​ឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ នេះ​ ​អាច​ដើម្បី​គំរាម​បុគ្គល​ ​ឬ​សកម្មជន​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ដែល​មាន​ជំហរ​មិន​ច្បាស់​លាស់​ជាមួយ​គណបក្ស​របស់​ខ្លួន»។​

​VOA​ ​មិនអាច​ទាក់​ទង​ ​លោក​ ​សៀង សុខ​ ​ព្រះរាជ​អាជ្ញារង​ដែល​ចេញ​ដីកា​នាំខ្លួន​ ​លោក​ ​ញឹក ប៊ុនឆៃ​ នឹង​មន្ត្រី​នគបាល​ដែល​ពាក់​ព័ន្ធ​ ដើម្បី​សុំ​សេចក្តី​អធិប្បាយ​ពី​ស្ថានភាព​របស់​លោក​ លោក​ ញឹក ប៊ុនឆៃ​ ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​ ​ខណៈដែល​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​លី សុផាណា​ ​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ ​ដោយ​អះអាង​ថា​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ។

នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​មាន​សេចក្តី​រាយការណ៍​មក​ថា​ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ដែល​ស្ថិត​នៅ​ខណ្ឌ​ជ្រោយ​ចង្វា​ ​រាជធានីភ្នំពេញ ជា​បន្ទាន់​ ។​ គិត​ត្រឹម​ម៉ោង​៦ល្ងាច​ថ្ងៃ​សុក្រ​នេះ​ មិនទាន់​មាន​ការសម្រេច​ឃុំ​ខ្លួន​ ឬ​ចោទ​ប្រកាន់លោក​ ​ញឹក ប៊ុនឆៃ​ ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG