ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​មាន​តម្លាភាព​លើ​មូលដ្ឋាន​កង​ទ័ព​រាម​ដែល​ចិន​កំពុង​ធ្វើ​ទំនើបកម្ម


រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បាន​ជំរុញ​ឲ្យ​កម្ពុជា​មាន​តម្លាភាពទៅ​លើ​បញ្ហា​ចម្រូងចម្រាស​នៅ​មូលដ្ឋានកងទ័ពរាម ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រទេស​ចិន​បាន​ជួយ​ក្នុង​ការ​ធ្វើទំនើបកម្ម។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ ក្នុង​រាជធានីភ្នំពេញ លោក Blinken ដែលបាន​មកចូលរួម​កិច្ច​ប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ដែល​កម្ពុជាធ្វើជា​ម្ចាស់​ផ្ទះ​បាន​ថ្លែងថា​ ប្រសិន​បើ​មូលដ្ឋាន​កងទ័ពរាម​ត្រូវ​បាន​ប្រើប្រាស់​ដោយ​យោធាចិន​ នោះ​វា​នឹង​បង្ក​ជាហានិភ័យ​មួយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។

លោក Blinken បាន​ថ្លែងថា៖ «ទាក់ទិន​នឹង​រឿង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ខ្ញុំ​គិត​ថា ប្រទេស​នានា​នៅ​ទូទាំង​តំបន់ ក៏មាន​ក្ដី​បារម្ភ​យ៉ាងខ្លាំងដែរ ប្រសិនបើ​ប្រទេស​ណា​មួយ​មាន​ការ​ត្រួតត្រា​ឬ​ការប្រើ​ផ្ដាច់​មុខ​លើ​ផ្នែក​ណា​មួយ​នៃ​មូលដ្ឋាន​នោះ ឬ​ក៏​ធ្វើ​កិច្ចការ​ណា​មួយ​នៅ​ទីនោះ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់»។

លោកបន្ថែម​ថា៖ «ដូច្នេះ ខ្ញុំ​គិត​ថា វា​គឺ​ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​មាន​តម្លាភាព​និង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា មូលដ្ឋាន​នោះ​បើក​ចំហ​សម្រាប់​ប្រទេស​ទាំង​អស់ មិន​មែន​សម្រាប់​ការ​ប្រើ​ផ្ដាច់​មុខ​របស់​ប្រទេស​ណា​មួយ​នោះ​ទេ»។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា រដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក​ បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ​លោក​ក៏បាន​លើក​ឡើងអំពីបញ្ហា​នៅមូលដ្ឋានកងទ័ពរាម​នេះផងដែរ។

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា​និង​ចិន​បាន​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូលដ្ឋាន​រាម​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន និង​សាងសង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ ប៉ុន្តែ​ការ​សាង​សង់​សំណង់​ថ្មី និង​ការ​ធ្វើ​ទំនើប​កម្មផ្សេងៗ​ក្នុង​មូលដ្ឋាននេះ ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋអាមេរិក​ថា ​ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​នេះ​សម្រាប់​ពង្រីក​អំណាច​របស់​ខ្លួន។

កាលពីកន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ថា កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​បញ្ជា​ការដ្ឋាន​រាម ដែល​លោក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​ផង​ដែរ។ ប៉ុន្តែ​លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​ការធ្វើទំនើបកម្មនេះ មិន​មែន​ធ្វើ​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ឡើយ។

លោកបាន​ថ្លែង​ថា៖ «កម្ពុជា​គ្មាន​ចេតនា​បង្ក​ការ​គំរាម​កំហែង​ដល់​បណ្តា​ប្រទេស​ណា​មួយ​ ហើយ​កម្ពុជា​ក៏​មិន​ដែល​ជំទាស់​រាល់​ការ​ចូលរួម​អភិវឌ្ឍ​សមត្ថភាព​កង​ទ័ព​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។ កម្ពុជា​គ្រាន់​តែ​ចង់​លើក​កម្រិត​សមត្ថភាព​ការពារ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ធានា​បាន​ភាព​ទប់​ទល់ ​នឹង​សម្ពាធ​ និង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន»។

ភាគី​កម្ពុជា និង​ចិន មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​នៃ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិនលើ​ការធ្វើទំនើប​កម្ម​មូលដ្ឋាន​រាម​ឡើយ។ គម្រោង​ធ្វើ​ទំនើបកម្ម ដែល​មាន​ការ​សាងសង់​ថ្មី និង​ជួស​ជុល​ផង​នោះ នឹង​ប្រើ​រយៈ​ពេល​ ២៤ ​ខែ។

កាលពីកន្លងទៅ លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនា​យក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃក្រសួង​ការពារជាតិ បាន​ឲ្យ​ដឹងថា សំណង់​ដែល​ត្រូវ​សាង​សង់​ថ្មី មាន​ដូច​ជា​អគារ​ប្រជុំ អគារ​បុគ្គលិក អគារ​ជួសជុល កន្លែង​កីឡា អាហារដ្ឋាន ផែ​សំចត​នាវា​ថ្មី​ពីរ​កន្លែង​សម្រាប់​នាវា​ធុនមធ្យម​ ស្តារ​ឃ្លង​ដែល​នៅ​រាក់​នៅ​ឡើយ រៀប​ចំ​ប្រព័ន្ធ​ទឹក អគ្គិសនី លូ និង​កន្លែង​ស្តុក​ប្រេង​ឥន្ធនៈ​សម្រាប់​ឧទ្ធម្ភាគចក្រ​ជា​ដើម។

លោក អៀ សុផល អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​កាលពីថ្ងៃសុក្រថា រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​បញ្ជាក់​ជាថ្មី​នូវ​អ្វី​ដែល​បានដឹងជាច្រើន​ឆ្នាំ​មកហើយ ហើយ​កម្ពុជា​គួរតែ​បើក​ចំហ និង​មានតម្លាភាព​លើ​មូលដ្ឋាន​កងទ័ព​រាមនេះ​។ លោក​បន្ថែម​ថា ​ការ​អនុញ្ញាត​ឲ្យ​ប្រទេសមួយ​ប្រើប្រាស់ «វា​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព​តំបន់​អាស៊ីអាគ្នេយ៍»។

គួរបញ្ជាក់ថា​ដំណើរទស្សនកិច្ច​របស់​លោក Blinken មក​កម្ពុជានាពេលនេះ ចំពេលមានភាព​តានតឹង​រវាង​អាមេរិក ​និង​ចិន ​កំពុង​កើន​ឡើង​លើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi ទៅលើ​បញ្ហា​នៅ​កោះតៃវ៉ាន់។ ចិន​បាន​បាញ់គ្រាប់​មីស៊ីល​ផ្លោងចូលទៅ​ក្នុង​ដែន​ទឹក ជាប្រតិកម្ម​ទៅនឹង​ដំណើរ​ទស្សនកិច្ច​នេះ។

លោក Blinken បានថ្លែងថា​ ទោះជា​ប្រទេស​ចិន​គិត​យ៉ាង​ម៉េច​ចំពោះ​ដំណើរទស្សនកិច្ច​នេះ ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល ១១ គ្រាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បាញ់​កាត់​ពី​លើ​តៃវ៉ាន់ និង​ការ​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​ជុំវិញ​កោះ​តៃវ៉ាន់​ផងដែរ គឺ​ពិតជា​ច្រើនហួសហេតុ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំងណាស់៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG