ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក Blinken ជំរុញឱ្យកម្ពុជាបង្ហាញតម្លាភាពអំពីសកម្មភាពចិន​នៅ​មូលដ្ឋាន​ទ័ព​រាម


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​ជំរុញ​ឱ្យលោកនាយករដ្ឋ​មន្ត្រីកម្ពុជា ហ៊ុន សែន បង្ហាញ​តម្លាភាព​ឲ្យ​បាន​ពេញលេញ​អំពី​សកម្មភាព​យោធា​របស់​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា លោក​ Blinken បាន​លើក​ឡើង​ថា «វត្តមាន​ផ្តាច់មុខ អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា សន្តិសុខ​ក្នុង​តំបន់ និង​សាមគ្គីភាព​របស់​អាស៊ាន»។

លោក​រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក Blinken ក៏​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​សកម្មជន​ទាំងអស់​ដែល​ត្រូវបាន​ឃុំ​ខ្លួន ដោយសារ​បទ​ចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ ហើយ​ឲ្យ​បង្កើត​លំហ​ប្រជាធិបតេយ្យ​បន្ថែមទៀត មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​លោក Ned Price៕

សេចក្តី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ប្រែសម្រួល​ជា​ភាសា​ខ្មែរដោយ​វីអូអេ​ទាំង​ស្រុង​ដូច​តទៅ៖

«កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស Blinken ជាមួយ​នាយករដ្ឋមន្រ្តី​ប្រទេស​កម្ពុជា ​លោក ហ៊ុន​ សែន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony J. Blinken នៅ​ថ្ងៃ​នេះ (៤ សីហា ២០២២) បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សមាគម​អាស៊ាន​ និង​ការ​ធ្វើ​ជា​ប្រធានអាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ ក៏ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ។​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ស្វាគមន៍​ភាព​ជា​ដៃគូ​របស់​កម្ពុជា ​ចំពោះ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ដូចជា​បញ្ហា​សុខភាព​ និង​សន្តិសុខ​ផ្នែកសុខភាព កិច្ច​សហប្រតិបត្តិការ​លើ​ការ​អនុវត្ត​ច្បាប់ ការស្វែងរក​អ្នក​បាត់ខ្លួន​ក្នុង​សម័យ​សង្គ្រាម (POW/MIA) និង​គំនិតផ្តួចផ្តើម​ក្នុង​តំបន់​ ដូចជា​កម្មវិធី​ភាព​ជា​ដៃគូ​តំបន់​ទន្លេ​មេគង្គ-សហរដ្ឋ​អាមេរិក​ជាដើម។​

ពួកគេ​ក៏​បាន​ពិភាក្សា​អំពី​វិបត្តិ​ដែល​កាន់​តែ​មាន​ស្ថានភាព​ដុនដាប​ទៅៗ​នៅ​មីយ៉ាន់ម៉ា ហើយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ក៏​បានកត់សម្គាល់ពី​សារៈសំខាន់​នៃតួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ការ​ធ្វើ​ជា​សហ​ស្ថាបនិក​ផ្ដួច​ផ្ដើម​នៃ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​រដ្ឋមន្ត្រី​ការបរទេស​ស្នើសុំ​ឱ្យលោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បង្ហាញ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​នានា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅមូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ដោយ​សង្កត់​ធ្ងន់​ថា វត្តមាន​ផ្តាច់មុខ​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យដល់​អធិបតេយ្យភាព​របស់​កម្ពុជា សន្តិសុខ​តំបន់ និង​សាមគ្គីភាព​របស់​អាស៊ាន»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ក៏បាន​ជំរុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​ជាថ្មី​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ និង​ធ្វើឱ្យ​មាន​វឌ្ឍនភាព​ខាង​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ធានា​ឱ្យ​បាន​ថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ រួមទាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ អាច​ចូលរួម​ដោយសេរី​ក្នុង​ដំណើរការ​នយោបាយ។​ លោករដ្ឋមន្ត្រី​ Blinken ក៏​បាន​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដោះលែង​សកម្មជន​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំខ្លួន ដោយសារ​បទ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ ដូច​ជា​ករណី​សកម្មជន​សញ្ជាតិ​ខ្មែរអាមេរិកាំង កញ្ញា សេង ធារី។ លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នារបស់​ពួក​គេ​ចង់​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​មាន​ភាព​រីកចម្រើន ប្រជាធិបតេយ្យ​ និង​ឯករាជ្យ ហើយ​ដែលសំឡេង​របស់​ប្រជាពលរដ្ឋទាំងអស់​ត្រូវ​បាន​ស្តាប់​និង​ឱ្យ​តម្លៃ ​ហើយ​ភាព​ម្ចាស់ការ​របស់​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​បាន​ការពារ៕‍»

XS
SM
MD
LG