ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការ​បរទេសអាមេរិក​លោក Blinken ជួប​មេដឹកនាំគណបក្ស​ប្រឆាំង​នៅ​កម្ពុជា


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​សុក្រ​នេះ បាន​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​កាន់តែ​ដុនដាប​របស់​កម្ពុជា មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិនៅ​ឆ្នាំ​ក្រោយ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេសម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ដ៏​យូរ​ជាង​គេ​បង្អស់​មួយចំនួន​ក្នុង​ពិភពលោក។ លោក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៣៧ ឆ្នាំ​មក​ហើយ។ នៅ​ឆ្នាំ ២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​ឈ្នះ​ក្នុងការ​បោះឆ្នោត​ដោយ​គ្រប់គ្រង​អសនៈ​ទាំងអស់​ក្នុងរដ្ឋសភា​ជាតិ។

ហើយ​កាលពី​ខែ​មិថុនា សាលាដំបូង​រាជធានី​ភ្នំពេញ​បានផ្តន្ទាទោស​សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ ៦០ នាក់ រួម​ទាំង​អ្នកនាង ធារី សេង ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ផង នៅ​ក្នុង​សវនាការ​កាត់ទោស​ពី​បទ​ក្បត់ជាតិ ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ថាជា​សេចក្តី​សម្រេច​ដែល​មាន​លក្ខណៈ​នយោបាយ។ ​

លោក Blinken បាន​ថ្លែង​ថា លោក​បានសម្តែង​នូវ​ក្តី​បារម្ភ​ដោយ​ផ្ទាល់​អំពី​លទ្ធិប្រជាធិបតេយ្យ​ដ៏​ដុនដាប​របស់​កម្ពុជា នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​លោក​ចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ។

លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួមធ្វើ​នយោបាយ​យ៉ាង​ទូលាយ នឹង​ពង្រឹង​ប្រទេស​កម្ពុជា។

លោក Antony Blinken បាន​ថ្លែង​ថា៖ «រឿងមួយ​ក្នុង​ចំណោមរឿង​ជាច្រើន ដែល​រារាំង​ដល់ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​របស់​យើង គឺ​ក្តីបារម្ភ​របស់​យើង​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែលកាន់តែ​ដុនដាប​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក Blinken បានថ្លែងថា​នៅ​ព្រឹក​ថ្ងៃ​សុក្រ លោកបាន​ជួប​ជាមួយ​លោក កឹម សុខា ដែល​កំពុង​ជាប់​រឿង​ក្តីក្តាំ​ពី​បទ​ក្បត់ជាតិ ដែល​បាន​កើត​ឡើង​តាំងពី​ខែ​មករា ឆ្នាំ ២០២០ មក ហើយ​រឿង​ក្តី​នេះ​អាច​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ​ទេ។

នៅ​ក្នុង​អំឡុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន លោក Blinken ថែមទាំងបាន​លើកឡើង​ផងដែរ​អំពី​ករណី​កាត់ទោស​អ្នកនាង ធារី សេង ឲ្យ​ជាប់​ពន្ធនាគារ៦ ឆ្នាំ ពី​បទ​ក្បត់ជាតិ កាលពី​ខែ​មិថុនា៕

XS
SM
MD
LG