រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធ បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសថៃ ពីព្រោះតែសមាជិកម្នាក់នៃក្រុមសារព័ត៌មានសហរដ្ឋអាមេរិកដែលបានធ្វើដំណើរជាមួយលោក បានធ្វើតេស្តវិជ្ជមានមានជំងឺកូវីដ១៩។
ដើមឡើយលោក Blinken មានគម្រោងចាកចេញពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសថៃនៅថ្ងៃព្រហស្បត៍នេះ ដែលជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីពង្រឹងចំណងទាក់ទងនៅក្នុងតំបន់មួយដែលឥទ្ធិពលរបស់ចិន បន្តកើនឡើង។
ព្រឹត្តិការណ៍កាលពីថ្ងៃពុធ បានបង្ខំឲ្យមន្ត្រីការទូតកំពូលរបស់អាមេរិក កាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានចូលកាន់តំណែងក្នុងខែមករាមក។ ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា លោក Blinken បានជម្រាបឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai អំពីការសម្រេចចិត្តរបស់លោកកាលពីថ្ងៃពុធ ដែលមិនបានទៅបំពេញទស្សនកិច្ចដូចតាមការគ្រោងទុក។
លោក Price បានមានប្រសាសន៍ទៀតថា លោក Blinken បានអញ្ជើញរដ្ឋមន្ត្រីការបរទេសថៃទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន «នៅពេលឆាប់ៗ ហើយបាននិយាយទៀតថា លោករំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅពេលឆាប់ៗតាមដែលអាចធ្វើបាន»៕
អ្នកស្រី Nike Ching អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិក រួមចំណែកដល់សេចក្តីរាយការណ៍នេះពីទីក្រុងគូឡា ឡាំពួ។