ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ប្តេជ្ញា​បង្កើន​អំណាច​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងសុន្ទរកថាអំពីយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាល លោក Biden នៅ សាកលវិទ្យាល័យ Indonesia ក្នុងទីក្រុងហ្សាការតា នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ (AP)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងសុន្ទរកថាអំពីយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាល លោក Biden នៅ សាកលវិទ្យាល័យ Indonesia ក្នុងទីក្រុងហ្សាការតា នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ (AP)

សហរដ្ឋ​អាមេរិក​នឹង​ពង្រីក​ទំនាក់ទំនង​ខាង​យោធា​និង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ដៃគូ​នៅ​ក្នុង​តំបន់​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ភាព​គគ្លើនកាន់​តែកើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Blinken បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​តាំងចិត្ត​ថែរក្សា​សន្តិភាព​និង​វិបុលភាព​នៅ​ក្នុង​តំបន់​ហើយ​នឹង​ធ្វើ​កិច្ចការ​នោះ​ដោយ​ការ​បង្កើន​សម្ព័ន្ធភាព​របស់​សហរដ្ឋ​អាមេរិក បង្កើន​ទំនាក់ទំនង​ថ្មី​ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា យោធា​សហរដ្ឋ​អាមេរិក​រក្សា​«សមត្ថភាពមាន​ប្រៀប»​របស់​ខ្លួន។

លោក Blinken បាន​បញ្ជាក់​ពី​ផែនការ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋបាល​លោក Biden នេះ​នៅក្នុង​អំឡុង​ការថ្លែង​សុន្ទរកថាមួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​នឹងបញ្ចូល​គ្នា​នូវ​ឧបករណ៍​ទាំងអស់​របស់​យើង​គឺ ការទូត យោធា ស៊ើបការណ៍​សម្ងាត់​ជាមួយ​នឹង​ឧបករណ៍​របស់សម្ព័ន្ធមិត្ត​និង​ដៃ​គូ​នានា​របស់​យើង»។ លោក​ថា ការណ៍​នេះ នឹង​រួម​ទាំង​ការភ្ជាប់​ឧស្សាហកម្ម​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​និង​អាស៊ី ដាក់​បញ្ចូល​សង្វាក់​ផ្គត់ផ្គង់ ហើយ​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ខាងបច្ចេកវិទ្យា​ថ្មីៗ។

លោក Blinken បាន​ទទូច​ថា សហរដ្ឋ​អាមេរិក មិន​បាន​ព្យាយាម​បង្ខំ​ប្រទេស​នានា​ឲ្យ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ឬ​កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ចិននោះ​ទេ។ ក៏ប៉ុន្តែ លោក​បាន​លាត​ត្រដាង​ពីការ​ត្អូញត្អែរ​ជា​ច្រើនអំពី​«សកម្មភាព​ដ៏​គគ្លើន​របស់​ចិន» ចាប់តាំង​ពី​«តំបន់​អាស៊ី​ភាគ​ឦសាន​រហូត​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​និង​ចាប់តាំង​ពី​ទន្លេ​មេគង្គ​រហូត​ដល់​បណ្តា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

លោក Blinken បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី១​រយៈ​ពេល​មួយ​សប្តាហ៍​ទៅ​កាន់​ប្រទេស៣​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​លោក​ក៏​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ថៃផង​ដែរ។ ការ​ទប់ទល់​នឹង​ភាព​គគ្លើន​ដែល​កំពុង​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ទីក្រុង​ហុងកុង​និង​ប្រឆាំង​កោះ​តៃវ៉ាន់​ជា​កិច្ចការ​ដ៏​សំខាន់​នៅ​ក្នុង​របៀប​វារៈ​ទស្សនកិច្ចរបស់​លោក Blinken៕

XS
SM
MD
LG