ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Antony Blinken ធ្វើ​ទស្សនកិច្ច​នៅ​​​ឥណ្ឌូណេស៊ី​ ខណៈ​អាមេរិក​ស្វះស្វែង​បង្កើន​ចំណង​ទាក់ទង​ជាមួយ​អាស៊ីអាគ្នេយ៍


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុង Tangerang ក្បែរទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (Reuters)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុង Tangerang ក្បែរទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (Reuters)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បីចាប់ផ្តើម​ដំណើរ​ទស្សនកិច្ចនៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​គោលបំណង​ពង្រឹង​ចំណង​ទាក់ទង​នៅ​ក្នុង​តំបន់​មួយដែល​បាន​ក្លាយ​សមរភូមិ​យុទ្ធសាស្ត្រ​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នេះ​ជាដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ចាប់តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​កាន់​តំណែងកាលពី​ខែ​មករា​មក ហើយ​លោក Blinken ក៏​គ្រោង​នឹង​ទៅប្រទេស​ម៉ាឡេស៊ី​និង​ថៃ​នៅ​សប្តាហ៍​នេះដែរ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅរដ្ឋធានី​ហ្សាការតា​របស់ឥណ្ឌូណេស៊ី ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបយី Joko Widodo ហើយ​នឹង​ថ្លែងសន្ទរកថា​ស្តីពី​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​អង្គារ​ស្អែក។

តំបន់​អាស៊ី​អាគ្នេយ៍ ជា​ទីកន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​ការប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ជា​ប្រទេស​២​មាន​សេដ្ឋកិច្ច​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក ដោយ​សមរភូមិ​ដើម្បី​បញ្ចេញ​ឥទ្ធិពល​នេះ​កាន់​តែ​ក្តៅ​គគុក​នៅពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden បាន​ស្វះស្វែង​រក​ការទាក់ទង​ឡើង​វិញ​ជាមួយអាស៊ី​អាគ្នេយ៍​ក្រោយ​ការប្តេជ្ញា​ចិត្ត​របស់អាមេរិកចំពោះ​តំបន់​នេះ​ក្នុង​អាណត្តិ​ប្រធានាធិបតី Donald Trump មិន​ច្បាស់​លាស់។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក បាន​និយាយ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​នេះ​ថា លោក Blinken នឹង​បន្ត​នូវ​គោលបំណង​របស់​លោក​ប្រធានាធិបតី Biden ក្នុងការ​បង្កើន​ទំនាក់ទំនងជាមួយ​សមាជិក​ទាំង១០​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬអាស៊ាន ហើយ​នឹង​ពិភាក្សា​ពី​ចក្ខុវិស័យរបស់​លោក​ប្រធានាធិបតី​សម្រាប់​គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។​

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច កំពុង​វាយបក​ប្រឆាំង​នឹង​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​សម្រាប់បរិមាណ​ទំនិញ១​ភាគ​៣​នៃ​ពាណិជ្ជកម្ម​សាកលលោក​ហើយ​បាន​ចោទប្រកាន់​កង​នាវា​របស់​ចិនថា​បានសំឡុត​គំរាម​ប្រទេស​នានា​រួម​ទាំង​ប្រទេស​វៀតណាម ហ្វីលីពីន ​និង​ឥណ្ឌូណេស៊ី ដោយ​ការបង្អាក់​សកម្មភាព​ថាមពល​និង​នេសាទ៕

XS
SM
MD
LG