សហរដ្ឋអាមេរិក កំពុងជំរុញទៅមុខនូវ«ភាពជាដៃគូយុទ្ធសាស្ត្រ»របស់ខ្លួនជាមួយសមាគមអាស៊ាន (ASEAN) ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មានបំណងចាប់ផ្តើម«គម្រោងសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក»ថ្មីមួយ នៅដើមឆ្នាំ ២០២២ ខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំមួយចំនួនដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសមួយចំនួនមកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែធ្នូនេះ។
លោក Blinken មានគម្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍របស់ក្រុមប្រទេស G-7 ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេសនៅចុងសប្តាហ៍នេះ មុនពេលលោក បន្តដំណើរទៅកាន់ប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសប្ដាហ៍ក្រោយ។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោក Blinken នឹងថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគូសបញ្ជាក់អំពីសារៈប្រយោជន៍នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូណេស៊ី។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមានឱកាសពិភាក្សាអំពីគម្រោងសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលទើបប្រកាសកាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតី [Joe Biden]។ លោកប្រធានាធិបតី Biden បានតាំងចិត្តនៅក្នុងការលើកកម្ពស់ការចូលរួមរវាងសហរដ្ឋអាមេរិក និងអាស៊ានឲ្យដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក»។
បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី លោក Blinken នឹងទៅធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ដើម្បីជំរុញទៅមុខនូវចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងប្រទេសទាំងពីរនេះ និងដើម្បីដោះស្រាយបញ្ហារួមមួយចំនួនដូចជា ជំងឺកូវីដ១៩ ការកសាងសង្វាក់ផ្គត់ផ្គង់ដែលរឹងមាំ វិបត្តិអាកាសធាតុ និងការធានាឲ្យមាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរី និងបើកចំហ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក Blinken ក៏នឹងពិភាក្សាផងដែរអំពី«វិបត្តិកាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា» នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ៕