ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken និង​លោក Lavrov គ្រោង​ចរចាគ្នា បន្ទាប់ពី​ការជជែក​ដ៏​តឹងតែង​រវាង​អាមេរិក​និង​រុស្ស៊ី​នៅ​អ.ស.ប.


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ចាប់រលាក់ដៃគ្នា​នៅមុនពេល​កិច្ចប្រជុំ​របស់​ពួកគេ កាលពី​ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ចាប់រលាក់ដៃគ្នា​នៅមុនពេល​កិច្ចប្រជុំ​របស់​ពួកគេ កាលពី​ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។

ពួក​អ្នក​ការទូត​កំពូលៗពី​សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី ​ត្រូវ​គេ​រំពឹង​ថា នឹង​និយាយ​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ មួយ​ថ្ងៃ​ បន្ទាប់​ពី​ពួក​អ្នក​តំណាង​នៅ​អង្គការ​សហប្រជាជាតិ​មក​ពី​ប្រទេស​ទាំង២ បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិអំពី​ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​បដិសេធ​ដោយ​រុស្ស៊ី​ថា ខ្លួន​កំពុង​រៀបចំ​ផែនការ​ឈ្លានពាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​នៅ​ជិត​ខាង​របស់​ខ្លួន។

កិច្ចប្រឹងប្រែង​ខាង​ការទូត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​នោះ ក៏​នឹង​រួម​បញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច​ដោយ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson ទៅកាន់​រដ្ឋធានី​កៀវដើម្បី​ចរចា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Vlodymyr Zelenskiy ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី Johnson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «យើង​ជំរុញ​ឲ្យ​រុស្ស៊ី​ថយក្រោយ​វិញ​ ហើយ​នឹង​ចូលរួម​ការ​សន្ទនា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការទូត​ ហើយ​បញ្ចៀស​ការបង្ហូរ​ឈាម​តទៅ​ទៀត»។

ចក្រភព​អង់គ្លេស ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ដែរ បាន​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន ហើយ​លោក Johnson កំពុង​ពិចារណា​បង្កើន​កងទ័ព​អង់គ្លេស​ទ្វេ​ដង​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​បាល់ទិក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ធ្វើ​ការចរចា​ទល់មុខ​គ្នា​កាលពី​ថ្ងៃ​ទី២១ ខែ​មករា​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ហើយ​ចាប់តាំង​ពីពេល​នោះ​មក ភាគី​ទាំង២ បាន​ឆ្លើយតបទៅ​វិញ​ទៅ​មក​ជា​លាយ​លក្ខណ៍​អក្សរ ​ដើម្បី​ព្យាយាម​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ជំហររៀងៗ​ខ្លួន៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មានរបស់​វីអូអេ​ប្រចាំ​មន្ទីរ​បញ្ចកោណ​ ​និងលោក Chris Hannas នៃ​វីអូអេ​រួម​ចំណែក​នៅក្នុងសេចក្តី​រាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​ នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ ​មាន​ប្រភព​ពី​ទី​ភ្នាកងារ​ព័ត៌មាន​ Reuters។

XS
SM
MD
LG