ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ជួប​ជាមួយ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ដោយ​សរសើរ​ទំនាក់ទំនង «វិជ្ជមាន» រវាង​ប្រទេស​ទាំង​ពីរ


ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ជួបជាមួយ​នឹង​មេដឹកនាំ​របបយោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅ​ក្រៅ​កិច្ច​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត ក្នុង​ក្រុង Vladivostok ប្រទេស​រុស្ស៊ី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២២។ (SPUTNIK / AFP)

នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សរសើរ​ទំនាក់ទំនង «វិជ្ជមាន» របស់​ប្រទេស​រុស្ស៊ី​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing នៅ​ក្នុង​ទីក្រុង Vladivostok នៅ​ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Putin បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​ជំនួប​នោះ​នៅ​ក្រៅ​កិច្ច​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត (Eastern Economic Forum) ថា៖ «ប្រទេស​មីយ៉ាន់ម៉ា​គឺជា​ដៃគូ​ដ៏​យូរ​អង្វែង​និង​គួរ​ឱ្យ​ទុកចិត្ត​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ...ទំនាក់ទំនង​របស់​យើង​កំពុង​អភិវឌ្ឍ​ទៅ​មុខ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន»។

ទស្សនកិច្ច​របស់​លោក Min Aung Hlaing នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​ភាព​ឯកោ​ផ្នែក​ការទូត ដោយសារ​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ និង​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ​មុន។

ដោយសារតែ​ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​មាន​ភាព​ប្រេះស្រាំ​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ស្វះស្វែង​ងាក​ទៅ​រក​តំបន់​មជ្ឈិម​បូព៌ា ទ្វីប​អាស៊ី និង​ទ្វីប​អាហ្វ្រិក។

លោក Min Aung Hlaing បាន​ប្រាប់​លោក Putin ថា៖ «ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​លោក ដោយសារតែ​នៅ​ពេល​ដែល​លោក​បាន​ឡើង​កាន់​អំណាច ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​លេខ​មួយ​នៅ​លើ​ពិភពលោក»។ ការ​លើកឡើង​របស់​លោក Min Aung Hlaing នេះ​ត្រូវ​បាន​ដកស្រង់​ដាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​រុស្ស៊ី។

លោក​បាន​បន្ថែម​ថា៖ «យើង​មិន​ត្រឹមតែ​ហៅ​លោក​ថា​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ហៅ​លោក​ថា​ជា​មេដឹកនាំ​ពិភពលោក​ទៀត​ផង ដោយសារតែ​លោក​ត្រួតត្រា​និង​រៀបចំ​ឱ្យ​មាន​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក​ទាំង​មូល»។

របប​យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា «ដោយ​ស្និទ្ធស្នាល​និង​បើក​ចំហ» អំពី​កិច្ច​សហប្រតិបត្តិការ និង​បាន «ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​ទំនាក់ទំនង​នានា​និង​លើ​ស្ថានការណ៍​អន្តរជាតិ»៕

XS
SM
MD
LG