រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅតំបន់មជ្ឈិមបូព៌ាដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ Gaza ដោយបានសរសើរការដឹកនាំដ៏សំខាន់របស់ព្រះមហាក្សត្រ Abdullah នៃប្រទេសហ៊ក្សដានីនៅក្នុងការជួយឲ្យមានការឈប់បាញ់គ្នានេះ។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះបន្ទាប់ពីជំនួបជាមួយព្រះមហាក្សត្រ Abdullah នៅក្នុងរាជធានីអាម៉ាន់ (Amman)។
លោក Blinken បានអញ្ជើញទៅដល់ប្រទេសហ៊ក្សដានីដែលជាប្រទេសចុងក្រោយក្នុងទស្សនកិច្ចនេះដើម្បីជួបជាមួយព្រះមហា្សត្រ Abdullah ដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
ចំពោះកិច្ចប្រឹងប្រែងស្តារឡើងវិញនៅក្នុងតំបន់ Gaza លោក Blinken បានបញ្ជាក់ថា «បញ្ហាបន្ទាន់បំផុតគឺជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋក្នុងតំបន់ Gaza ជាពិសេសទឹក អនាម័យភ្លើងអគ្គិសនី។ យើងត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយសេចក្តីត្រូវការជាបន្ទាន់ទាំងនោះ។ ក្រៅពីនោះគឺការសាងសង់តំបន់នោះឡើងវិញ»។
លោក Blinken បានអញ្ជើញទៅដល់ប្រទេសហ៊ក្សដានីដែលទីនោះប្រជាពលរដ្ឋចំនួនពាក់កណ្តាលនៃចំនួន១០លាននាក់មានដើមកំណើតប៉ាឡេស្ទីន បន្ទាប់ពីជំនួបកាលពីព្រឹកថ្ងៃនោះនៅក្នុងរដ្ឋធានីគែរជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah el-Sissi និងលោករដ្ឋមន្ត្រីការបរទេស Sameh Shoukry។
ប្រទេសអេហ៊្សីប មានការទាក់ទិនយ៉ាងខ្លាំងនៅក្នុងការធ្វើឲ្យសម្រេចការឈប់បាញ់គ្នានៅក្នុងជម្លោះនៅពេលថ្មីៗនេះ។
ក្នុងអំឡុងពេលនៃជំនួបរបស់លោកនៅក្នុងប្រទេសអេហ្ស៊ីប លោកBlinken បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតី el-Sissi អំពីការដោះលែងជនជាតិអាមេរិកាំងដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអេហ្ស៊ីប៕