ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​រវាង​​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​​និង​រងគ្រោះ​យ៉ាង​ច្រើន​​​​ក្នុង​តំបន់ ​Gaza


ក្មេង​ប្រុស​ប៉ាឡេស្ទីន​ម្នាក់​អង្គុយ​មើល​​ម្ចាស់​ហាង​ដែល​​មក​ពិនិត្យ​ការ​ខូចខាត​នៅ​ហាង​មួយ​កន្លែង​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល​ទៅ​លើ​ជំរំ​ជន​ភៀសខ្លួន Jabaliya នៃ​តំបន់ Gaza កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០២១។
ក្មេង​ប្រុស​ប៉ាឡេស្ទីន​ម្នាក់​អង្គុយ​មើល​​ម្ចាស់​ហាង​ដែល​​មក​ពិនិត្យ​ការ​ខូចខាត​នៅ​ហាង​មួយ​កន្លែង​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល​ទៅ​លើ​ជំរំ​ជន​ភៀសខ្លួន Jabaliya នៃ​តំបន់ Gaza កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០២១។

ការ​ឈប់​ចាញ់​គ្នា​រវាងអ៊ីស្រាអែលនិង​ក្រុម Hamas បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ វេលា​ម៉ោង​២ ទៀប​ភ្លឺ ម៉ោង​នៅក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​ប្រទេស​អ៊ីស្រាអែល និង​តំបន់ Gaza វិល​ត្រឡប់​ទៅ​កាន់​ភាព​ស្ងប់ស្ងាត់មិន​ប្រាកដប្រជា​មួយ។

ប៉ុន្តែ​អ្វី​ដែល​ប្រាកដប្រជា​នោះ​គឺ​ការ​ការ​ខូចខាត​និង​វិបត្តិ​ខាង​មនុស្សធម៌​ទាំង​សងខាងត្រូវ​គេមើល​ឃើញ​កាន់​តែ​ច្បាស់ ជា​ពិសេស​នៅ​តំបន់​ Gaza ទោះ​ជា​មាន​បទ​ឈប់​បាញ់ថ្មីៗ​នេះ​ក្តី។​

កាល​ពី​ដើម​សប្តាហ៍​នេះ ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ស្ថានភាព​ក្នុង​តំបន់ Gaza នៅតែ​ដុនដាបត​ទៅ​ទៀត​ក្នុង​វិបត្តិ​រវាងជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅក្នុង​តំបន់​ Gaza នេះ មាន​សេចក្តីរាយការណ៍​ថា​មនុស្សប្រមាណ​២០០នាក់ត្រូវ​បាន​សម្លាប់ ហើយ​ជាង​៦.០០០​នាក់​ទៀត​បាន​ត្រូវ​របួស មក​ទល់​នឹង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ មនុស្ស​២០នាក់ត្រូវ​បានសម្លាប់​ក្នុង​តំបន់​West Bank ហើយ​ការ​វាយ​ប្រហារ​ដោយរ៉ុក្កែតប៉ាឡេស្ទីនទៅ​ក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​នៃ​ប្រទេសអ៊ីស្រាអែលត្រូវ​រាយការណ៍ថាថា​បាន​សម្លាប់​មនុស្ស​១០​នាក់​ហើយ​ធ្វើ​ឱ្យ​របួស​៨០០នាក់ផង​ដែរ។

អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ពន្លត់​អគ្គិភ័យ​នៅ​កន្លែងកើត​ហេតុ​មួយ​ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត​បាញ់​ពី​តំបន់​ Gaza បាន​ធ្លាក់​ចំ​កសិដ្ឋាននៅ​តំបន់ Moshav Ohad ភាគ​ខាង​ត្បូង​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់។
អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ពន្លត់​អគ្គិភ័យ​នៅ​កន្លែងកើត​ហេតុ​មួយ​ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត​បាញ់​ពី​តំបន់​ Gaza បាន​ធ្លាក់​ចំ​កសិដ្ឋាននៅ​តំបន់ Moshav Ohad ភាគ​ខាង​ត្បូង​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់។

ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ហៅ កាត់ថា OCHA​និយាយ​ថា​ខ្លួន​ស្វាគមន៍សេចក្តី​សម្រេច​របស់អ៊ីស្រាអែលក្នុង​ការ​បើក​កន្លែង​ឆ្លង​កាត់​ព្រំដែន Kerem Shalom ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌​សំខាន់​ចាំ​បាច់​ចូលទៅ​ក្នុង​តំបន់ Gaza។ ការិយាល័យ​នេះ​ក៏​បាន​សុំ​ឱ្យ​អ៊ីស្រាអែល​បើកកន្លែង​ឆ្លងកាត់​ព្រំដែន Erez ដែរ​ដើម្បី​ឱ្យ​បុគ្គលិកខាង​មនុស្សធម៌​ចាំបាច់​អាច​ចេញ​ចូល​ដែនដី​ប៉ាឡេស្ទីន​បាន។

OCHA និយាយ​ថាការ​ប្រយុទ្ធគ្នា​ខ្លាំង​ច្រើន​ថ្ងៃ​និង​ការ​បំផ្លាញ​ព្រមទាំងការ​ខូចខាត​ផ្ទះ​សម្បែង​និង​អគារ​រាប់​រយ​ខ្នងបាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​៤៧.០០០​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ក្នុង​តំបន់ Gaza។ គេ​រាយការណ៍​ថា​ក្រុម​ជនទាំង​នេះបាន​ស្វះស្វែង​រក​ទី​ជ្រកកោន​ក្នុង​សាលាររៀន​៥៨​ដែល​ចាត់ចែង​កិច្ចការ​ដោយទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ខាងជំនួយ​និង​ការងារ​ហៅ​កាត់​ថា​ UNRWA។

លោក Jens Laerke អ្នកនាំពាក្យ OCHA និយាយ​ថារោងចក្រ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​សាប​ក្នុង​ប៉ែក​ខាងជើង​តំបន់ Gaza មិន​ទាន់មាន​ដំណើរការ​បាន​ទេ​ នាំ​ឱ្យ​មនុស្ស​២៥០.០០០​នាក់​គ្មានទឹក​បរិភោគ។

លោក Laerke បាននិយាយ​ថា៖ «សរុប​ទៅ​មាន​មនុស្ស​ប្រមាណ​៨​សែន​នាក់គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ...សេចក្តី​ត្រូវការម្ហូបអាហារនិង​ប្រាក់កាស​ក៏​កើន​ជាង​មុន​ដែរ។​សកម្មភាព​នេសាទ​នៅ​តែ​ត្រូវ​ហាមប្រាមក្នុងលំហ​សមុទ្រ​ទល់មុខ​នឹង​ឆ្នេរ​តំបន់ Gaza។ អង្គការ​សហប្រជាជាតិ​ និង​ដៃគូ​មនុស្សធម៌​របស់​យើង​កំពុង​ផ្តល់​ម្ហូបអាហារ​និងវត្ថុប្រើប្រាស់​ជូនក្រុមគ្រួសារ​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែងក្នុង​តំបន់ Gaza និងជំនួយ​ប្រាក់កាស​ជា​បន្ទាន់ដល់​មនុស្ស​ជាង​៥២.០០០​នាក់»។

ចាប់តាំង​ពី​ដើម​ខែ​តប​អាហារ Ramadan មក អង្គការ​សុខភាព​ពិភពលោក​បាន​កត់ត្រាការ​វាយ​ប្រហារ​៩១​ដង​លើ​កន្លែង​ថែទាំសុខភាព​ក្នុង​តំបន់ Gaza និងតំបន់​ត្រើយ​ខាង​លិច West Bankដោយ​មាន​រួម​បញ្ចូលប៉ែក​ខាង​កើត​នៃក្រុង​ហ្សេរុយសាឡិម (Jerusalem) ផង​ដែរ។ អង្គការ​នេះ​ថ្លែង​ថា កន្លែង​ថែទាំសុខភាព​១៩​បានខូច​ខាត​ក្នុង​តំបន់​Gaza​ដោយ​មាន​រួមបញ្ចូល​មន្ទីរ​ពេទ្យ​៦​និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព៩។

អ្នកស្រី Margaret Harris អ្នកនាំពាក្យ​អង្គការ WHO បាននិយាយ​ថាតំបន់ Gaza មាន​ឱសថចាំបាច់​តែ៤៦​ភាគរយនិង​ឧបករណ៍​ពេទ្យចាំបាច់តែ​៣៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងស្តុក។ ចំនួននេះ​គឺ​តិច​ជាង​ការ​ផ្គត់ផ្គង់​ដែល​គេត្រូវ​ការ​សម្រាប់​ពេល​មួយ​ខែ​ដើម្បី​ព្យាបាល​អ្នកជំងឺ​និង​អ្នក​របួស។

អ្នកស្រី Harris បានថ្លែង​ថា៖ «ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ WASH សម្រាប់​ឱ្យ​មនុស្សគ្រប់​គ្នាមាន​ទឹក​ស្អាតប្រើក្នុង​រយៈ​ពេល​យូរដោយ​មានរួម​បញ្ចូលបណ្តាញ​ទឹក​នៅក្នុង​រោងចក្រ​ធ្វើឱ្យ​ទឹក​សមុទ្រ​សាប​ក្នុងប៉ែក​ខាងជើង​តំបន់ Gaza​ប៉ែក​ខាង​ជើងនៃ​តំបន់​Gaza មាន​ផល​ប៉ះពាល់​ដល់​វិធានការ​សុខភាព​សាធារណៈ​ដែល​គេ​ត្រូវការនៅ​ក្នុង​ការ​ព្យាបាល​ជំងឺកូវីដ១៩​តែក៏មាន​ហានិភ័យដោយសារ​ជំងឺ​ឆ្លង​តាម​ទឹក​ដែរ...ហើយនៅពេលមានការឆ្លង​ជំងឺ​កូវីដ១៩ គេត្រូវការ​ជៀសវាងការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​នាក់​និងជៀសវាង​ហ្វូងមនុស្ស»។

អ្នក​ស្រី Harris បាន​ពោល​ថា​ការណ៍​នេះ​មិន​អាច​ធ្វើ​បាន​ទេ​ពីព្រោះមនុស្ស​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋានរាប់​ម៉ឹន​នាក់​ស្វះស្វែង​រក​ទី​ជ្រកកោន​ក្នុងសាលារៀន​មាន​មនុស្ស​ណែនណាន់​តាន់តាប់។ អ្នកស្រីនិយាយ​ថា​ អង្គការ WHO ត្រូវការ​ប្រាក់​១១លាន​ដុល្លារដើម្បី​ធ្វើការ​ឆ្លើយ​តបខាង​សុខភាព​ជា​បន្ទាន់​ក្នុង​ពេលបី​ខែខាងមុខ។

លោក Laerke បាននិយាយ​ប្រាប់​វីអូអេ​ថា​ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌​មិន​បានទទួល​ការឆ្លើយ​តប​ឬការ​ច្រានចោល​ពី​អាជ្ញាធរអ៊ីស្រាអែលស្តី​ពី​ការវាយ​តម្លៃស្ថានភាពក្នុង​តំបន់ Gaza ទេ។ ការហៅ​ទូរស័ព្ទ​របស់វីអូអេ​ទៅ​អាជ្ញាធរ​អ៊ីស្រាអែល​អំពី​បញ្ហា​នេះក៏គ្មាន​ការឆ្លើយ​តប​ដែរ៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា​

XS
SM
MD
LG