ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​និង​ក្រុម ​Hamas ចាប់​ផ្ដើម​បទ​ឈប់​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​លក្ខខណ្ឌ


ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ Gaza អបអរ​បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម Hamas កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២១។
ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ Gaza អបអរ​បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម Hamas កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២១។

ការ​ឈប់​ចាញ់​គ្នា​រវាងអ៊ីស្រាអែលនិង​ក្រុម Hamasបាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ វេលាម៉ោង​២ ទៀប​ភ្លឺ ម៉ោង​នៅក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​ប្រទេស​អ៊ីស្រាអែល និង​តំបន់ Gazaវិល​ត្រឡប់​ទៅ​កាន់​ភាព​ស្ងប់ស្ងាត់មិន​ប្រាកដប្រជា​មួយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ប្រាប់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ៊ីស្រាអែល​បាន​យល់​ព្រម​ទៅ «ការ​ឈប់​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​លក្ខខណ្ឌ» ជាមួយ​ក្រុមHamas។

ក្រុមHamas បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ចេញពី​តំបន់ Gaza ចូល​ក្នុង​ទីក្រុង​មួយ​ចំនួន​របស់​អ៊ីស្រាអែល​ចាប់​តាំង​ពី​ថ្ងៃទី១០ ខែ​ឧសភា​មក​ចំពោះ​អ្វី​ដែលក្រុម​នេះ​បាន​និយាយ​ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិដែល​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល​ទៅ​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុ​ហ្ស៊េរុយសាឡិម (Jerusalem)។

អ៊ីស្រាអែល​បាន​សងសឹក​វិញ​ដោយ​បាញ់​គ្រាប់​កាំភ្លើងធំ​និង​វាយ​ប្រហារ​តាម​អាកាស​សំដៅ​មេដឹក​នាំ​ក្រុមHamas និង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ក្រុម​នេះ។ អ៊ីស្រាអែល​បាន​រង​ការ​ថ្កោលទោស​ពី​មជ្ឈដ្ឋាន​អន្តរជាតិចំពោះ​ការ​កម្ទេច​អគារ​ខ្ពស់ៗ និង​ការវាយ​ប្រហារ​លើ​ជំរំ​ជនភៀសខ្លួន​និង​គោលដៅ​ផ្សេងៗទៀត​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ជន​ស៊ីវិល​ជា​ច្រើន​នាក់។

លោកBiden លើក​ឡើង​ថា «យើងបាន​ធ្វើ​ការ​ពិភាក្សា​កម្រិត​ខ្ពស់» ដែល​លោក​ហៅ​ថា «កិច្ចការ​ការទូត​បែប​ស្ងៀមស្ងាត់» របស់​សហរដ្ឋអាមេរិក ដើម្បី​ឈានដល់​ការ​ព្រម​ព្រៀង​បាញ់​គ្នា​នេះ។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ថា អាជ្ញាធរ​ប៉ាឡេស្ទីន​ដែល​ត្រួតត្រា​តំបន់ West Bank និង​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា​ក៏​បានទាក់ទិន​នៅ​ក្នុង​ការពិភាក្សា​នេះ​ដែរ។

មន្ត្រី​សុខាភិបាល​និង​អាជ្ញាធរ​នៅ​ទីនោះ បាន​បញ្ចាក់​ថា ចំនួន​មនុស្ស​ស្លាប់​មក​ពី​ការប្រយុទ្ធ​គ្នា​ក្នុង​រយៈពេល​១១​ថ្ងៃ​មាន​ចំនួន​២៣០នាក់​នៅ​ក្នុង​តំបន់ Gaza រួមមាន​កូនក្មេង​៦៥នាក់​និងមនុស្ស​១២នាក់​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ជនជាតិ​ប៉ាឡេស្ទីន​ជាង៧២.០០០​នាក់ គ្មាន​ទីកន្លែង​រស់​នៅ​ក្នុង​តំបន់ Gaza៕

XS
SM
MD
LG