ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ប្រកាស​ពីជំនួយ​គ្រោះ​មហន្តរាយ​ថ្មី​របស់​សហរដ្ឋអាមេរិក​សម្រាប់​តំបន់ Gaza


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ៊្សេរុយហ្សាលឹម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ៊្សេរុយហ្សាលឹម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​និយាយ​ថា លោក​នឹង​ស្នើ​សភា​នូវ​ទឹក​ប្រាក់​ជំនួយ​ចំនួន ៧៥ លាន​ដុល្លារ សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ Gaza បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​ក្នុង​ពេល​ថ្មីៗ​នេះ បាន​បញ្ចប់​ជម្លោះ​ថ្មីៗ​រវាង​អ៊ីស្រាអែល​និង​ក្រុម Hamas។

លោកBlinken បាន​ប្រកាស​បែប​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ក្រោយ​ជំនួប​នៅ​ទីក្រុង Ramallah ជា​មួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas។

លោកBlinken បាន​បញ្ជាក់​ថា៖ «យើង​ដឹង​ថា​អំពើ​ហិង្សា​ជុំ​ចុង​ក្រោយ​គឺជារោគ​សញ្ញា​នៃ​បញ្ហា​ធំៗ ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ ប្រសិនបើ​យើង​រារាំង​ការ​កើត​ឡើង​របស់​វា ហើយ​នេះ​ជា​អ្វី​ដែល​យើង​បាន​ពិភាក្សា​ថ្ងៃ​នេះ។ យើង​ស្វាគមន៍​បទ​ឈប់​បាញ់​ដែល​នៅ​តែ​បន្ត ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់នោះ​ទេ។ យើង​ត្រូវតែ​ពង្រឹង​បទ​ឈប់​បាញ់​និង​ព្យាយាម​បង្វែរ​ស្ថានការណ៍​ទៅ​ទិសដៅ​វិជ្ជមាន​ពិត​ប្រាកដ»។​

លោក Blinken ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ថា ជំនឿ​របស់​រដ្ឋបាល​លោក Biden គឺ​ថា​ដំណោះ​ស្រាយ​រវាង​រដ្ឋទាំង​ពីរ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​អនាគត​របស់​អ៊ីស្រាអែល​ក្នុង​នាម​ជា​រដ្ឋ​នៃ​ជនជាតិ​ជ្វីហ្វ​និង​ជារដ្ឋ​ប្រជាធិបតេយ្យ។ ហើយ​ ប្រាកដ​ណាស់ គឺ​ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋ​ប៉ាឡេស្ទីន​នូវ​រដ្ឋ​ដែល​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន។​

រដ្ឋ​មន្ត្រី​ការ​បរទេសរូប​នេះ បានឲ្យ​ដឹង​ទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​ស្ថាន កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Jerusalem បន្ទាប់​ពី​រដ្ឋបាល​លោក Trump បាន​បិទ​ទ្វា​វា​កាល​ពី​ឆ្នាំ ២០១៩ និង​ផ្ដល់​ជំនួយគ្រោះ​មហន្តរាយ​បន្ទាន់​ចំនួន៥លាន​៥សែន​ដុល្លារអាមេរិក ​និង​ជាង​៣២លាន​ដុល្លារ​អាមេរិក​ទៀត​សម្រាប់​យុទ្ធនាការ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់មួយ​របស់​អង្គការ​សហប្រជាជាតិ។​

លោក Blinken បាន​បញ្ជាក់​ទៀត​ថា ការ​បើក​ស្ថានកុងស៊ុល​នេះ​ឡើង​វិញ​គឺ​ជាមធ្យោបាយ​សំខាន់​មួយ​សម្រាប់​ឲ្យ​សហរដ្ឋអាមេរិក​ចូល​រួម​និង​ផ្ដល់​ការជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន។

លោក Blinken ក៏បាន​សន្យា​ជួយ​ពង្រីក​ឱកាស​ខាង​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ទាំង​នៅ​ក្នុង​តំបន់ Gaza និង​ក្នុង​តំបន់ West Bank ផង​ដែរ ដោយ​និយាយ​ថា ការធ្វើ​ដូច្នេះ​នឹង​ផ្តល់​បរិយាកាស​កាន់តែ​មាន​ស្ថិរភាព​ឡើង​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល៕

XS
SM
MD
LG