ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើដំណើរ​ទៅ​អេហ្សីប​និង​ហ្សកដានី​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ជា​លើកដំបូង


រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ឡើង​យន្ដហោះ ពេល​លោក​ចាកចេញ​ពី​អាកាស​យានដ្ឋាន Tel Aviv Ben Gurion នៅ​ថ្ងៃពុធ​ទី២៦ ខែឧសភា ឆ្នាំ២០២១ នៅ​ទីក្រុង Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល។

មួយ​ថ្ងៃ​ក្រោយ​ការបង្ហាញ​ពី​ការគាំទ្រ​ដល់សន្តិសុខ​របស់​ប្រទេស​អ៊ីស្រាអែល​ និង​ការប្រកាស​ពី​ការផ្តល់​ជំនួយ​ស្ថាបនា​ឡើង​វិញដល់​តំបន់​ Gaza​ នោះ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Antony Blinken ​បាន​ចេញ​ដំណើរ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ ​ទៅ​កាន់​ប្រទេស​អេហ្សីប​ ដែល​ជា​ប្រទេស​មួយ​បាន​ជួយ​យ៉ាង​សកម្ម​ ក្នុង​ការសម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់គ្នា​មួយ​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុងជម្លោះ​រវាងប្រទេស​អ៊ីស្រាអែល ​និង​ក្រុម​សកម្មជន​ប៉ាឡេស្ទីនក្នុង​តំបន់​ Gaza។

នៅ​ក្នុង​រដ្ឋធានី​ Cairo (គែ)​ លោក​ Blinken ​បាន​ជួប​ជាមួយប្រធានាធិបតី​អេហ្សីប លោក Abdel Fattah el-Sissi និង​រដ្ឋមន្ត្រី​ការបរទេស​អេហ្សីបលោក​ Sameh Shoukry មុន​ពេល​បន្តដំណើរ​ទៅ​កាន់​ប្រទេស​ហ្សកដានី​ នៅ​ថ្ងៃ​ដដែល​នោះ។

លោក ​Blinken ​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ថា​៖ «ដូចអស់លោក​លោកស្រីដឹងហើយ​ ប្រទេស​អេហ្សីប ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ ក្នុង​ការជួយ​ឲ្យ​មាន​បទ​ឈប់​បាញ់គ្នា​ ហើយ​ប្រទេស​ហ្សកដានី​ ក៏​ធ្លាប់​បាន​លើក​ឡើងជា​យូរ​មក​ហើយ​ ដល់​ដំណើរការ​សន្តិភាព ​និង​ស្ថិរភាពនៅ​ក្នុង​តំបន់នោះ»។

លោក Blinken ​ក៏​បាន​ជួប​ប្រជុំកាលពី​ថ្ងៃពុធជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​លោក​ Reuben Rivlin ដែល​នេះ​ជាដំណើរ​ទស្សនកិច្ចដំបូង ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ាចាប់​តាំងពីលោកក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ «រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​ពិភាក្សាជា​មួយ​ប្រធានាធិបតីអ៊ីស្រាអែល​ អំពី​វីធី​សាស្ត្រ​ដើម្បី​លើក​កម្ពស់​ការ​អត់​ឱន​ និង​ការ​រួមរស់​ជាមួយគ្នា​ ​ដល់​គ្រប់​ពលរដ្ឋ​អ៊ីស្រាអែល​ទាំងអស់​ ដោយ​មិន​ប្រកាន់​ពី​ប្រវត្តិ​ ឬ​កេរ្តិ៍តំណែល​អ្វី​នោះ​ទេ។ មេដឹកនាំ​ទាំង​ពីរ​ ក៏​បានលើក​ឡើង​ផង​ដែរ​ ​ពី​សារៈ​សំខាន់​នៃភាព​ជា​ដៃគូ​ដ៏រឹង​មាំរវាង​អាមេរិក​ និង​អ៊ីស្រាអែល​ និង​ភាពចាំបាច់​ ក្នុង​ការលើក​កម្ពស់សន្តិភាព​ និង​ស្ថិរភាព​សម្រាប់​ទាំងអស់គ្នា៕

XS
SM
MD
LG