ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពតាន​តឹង​ទ្វេភាគី​មាន​កម្រិត​ខ្ពស់​មុន​ជំនួប​រវាង​លោក​ Erdogan ​និង​លោក Trump


រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងអំឡុងពេលទិវា Republic Day នៅក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងអំឡុងពេលទិវា Republic Day នៅក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ប្រធានា​ធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ជួប​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ។ ជំនួប​នៅ​សេតវិ​មានត្រូវបាន​គេ​មើលឃើញ​ថា ​ជាឱកាស​មួយ​ដើម្បី​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ឡើង​វិញ​ដែល​មានការ​តានតឹងដោយ​ការ​ខ្វែងគំនិត​លើ​គោលនយោ​បាយជា​ច្រើន។

កិច្ចប្រតិបត្តិការ​យោ​ធា​របស់​តួកគី​ប្រឆាំង​នឹងពួក​កងជីវពលស៊ីរីឃឺដ​ត្រូវគេ​រំពឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​លើគេ​នៅ​ក្នុងការ​ចរចា​រវាង​ប្រធានា​ធិបតី​តួកគី​លោក Erdogan និង​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិកលោក​ដូណាល់ ​ត្រាំ។

​រដ្ឋាភិបាល​ក្រុង​អង់ការ៉ាបាន​ចាត់​ទុកពួក​កងជីវពល​ស៊ីរីឃឺដ​ជា​ភេរវជន ​ក៏ប៉ុន្តែ​ពួកកងជីវពល​នោះជា​សម្ព័ន្ធ​មិត្ត​ដ៏សំខាន់​មួយ​នៅ​ក្នុង​សង្គ្រាម ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

សភា​សហរដ្ឋ​អាមេរិកកំពុងគំរាម​កំហែង​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​តួក​គី ​ដែល​ការ​ដាក់​ទណ្ឌកម្ម​ខ្លះ​ដៅលើ​លោក Erdogan តែ​ម្តង។ ​ជំនួប​របស់​ប្រធានា​ធិបតី​នៅ​សប្តាហ៍​នេះកើត​មាន​ឡើង​នៅពេល​វេលា​ដ៏សំខាន់​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សម្ព័ន្ធ​មិត្ត​របស់​អង្គការ​អូតង់។

លោកស្រី Asli Aydintasbas តំណាង​ទំនាក់​ទំនង​ការ​បរទេស​នៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប​និយាយ​ថា៖ «មាន​បញ្ហាយ៉ាងច្រើនរវាង​ប្រទេស​ទាំង២។ តាមការ​ពិត ​ទំនាក់​ទំនង​នោះមិន​ដែល​មានភាព​អាក្រក់​ដូច​នៅពេលសព្វ​ថ្ងៃ​នេះ​ទេ។ ហើយជា​ការ​ពិត ​បញ្ហាដែល​កំពុង​បន្ត​កើត​មាន​ឡើងគឺ ​ការលុកលុយ​របស់​តួកគី​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី​និងការ​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក។ អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ទី​នោះ​ជាការ​គ្រោះ​ថ្នាក់​បំផុត»។

ថ្វីបើភាពតានតឹង​ទ្វេភាគី​រីកកាន់​តែ​ធំ​ឡើង​ក៏ដោយ ប្រធានា​ធិបតីប្រទេស​ទាំង២ ​ហាក់​ដូចជា បាន​ស្ថាបនា​ទំនាក់​ទំនង​ការ​ងារ​ដ៏ល្អ ជា​ការ​ត្រូវរ៉ូវគ្នា​ ដែល​រដ្ឋាភិបាល​អង់ការ៉ាជឿ​ថា ​អាច​ផ្តល់ឱកាស​ធ្វើ​ឲ្យ​ល្អឡើង​វិញ។​ លោកMesut Casin ទី​ប្រឹក្សា​ខាង​គោល​នយោ​បាយការបរទេស​របស់​ប្រធានា​ធិបតី​តួកគីបាន​និយាយ​ថា៖ «ជំនួប​កំពូល​ជា​ប្រវត្តិសាស្រ្ត​នេះ ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ភាគីទាំង២។ ខ្ញុំ​កំពុងចាត់​ទុកថា ជា​ទស្សនវិស័យ​សុទិដ្ឋិនិយម។​ ការណ៍​នេះនឹង​ធ្វើ​ឲ្យ​មាន​ដំណោះ​ស្រាយ​និង​វិធីសាស្រ្ត​ថ្មី​រវាង​ប្រទេសទាំង២»។

ក៏ប៉ុន្តែ ​អ្នក​វិភាគ​ខ្លះបាន​ព្រមានរដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ដែល​ពឹង​ផ្អែកតែ​លើ​លោក​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែងគំនិត​គ្នា ​អាចជា​យុទ្ធ​សាស្រ្ត​គ្រោះ​ថ្នាក់​មួយ។នេះតាម​លោកស្រី Asli Aydintasba ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​ក្រុម​ប្រឹក្សា​អឺរ៉ុប​សម្រាប់​ទំនាក់​ទំនង​ការ​បរទេស។ លោកស្រី​បាន​ថ្លែង​ថា៖ «កំហុសខាង​យុទ្ធសាស្រ្ត​ដ៏​ធំមួយផ្នែករបស់​តួកគី គឺ​ស្ថាបនា​ទំនាក់ទំនង​ទាំង​មូល​ដោ​យ​ពឹង​ផ្អែកលើ​ប្រធានាធិបតី​ត្រាំ​តែម្នាក់ ភាគ​ច្រើន​តាមសារ Twitter ។ ដូច្នេះការ​ធ្វើ​របៀប​នេះគ្រោះ​ថ្នាក់​ណាស់។ ខ្ញុំចង់​និយាយ​ថា នេះ​ជា​ល្បែង​ទំនាក់​ទំនង​រកាំរកូស​ដែល​មាន​ជាង​មួយសតវត្សរ៍​មក​ហើយ»។

លោក​ប្រធានា​ធិបតី Erdogan កំពុង​ស្វះស្វែង​ឲ្យ​ប្រធានាធិបតី​ត្រាំ​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​លើ​ការទិញ​យន្តហោះ​ចំបាំង​ទំនើប​បំផុត​របស់​អាមេរិក។ លោក​ប្រធានាធិបតី​ត្រាំបាន​ផ្អឹប​ការលក់​យន្តហោះ​នេះ​ បន្ទាប់​ពីរដ្ឋាភិបាល​ក្រុង​អង់ការ៉ា ​បាន​ទិញកាំជ្រួច S-400 របស់​រុស្ស៊ី។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនមាន​ការភ្ញាក់​ផ្អើល​ចំពោះ​ចំណង​ទាក់​ទង​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រុង​អង់​ការ៉ា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។ លោក​ប្រធានា​ធិបតី​ Erdogan ​ត្រូវគេ​រំពឹង​នឹង​សុំទិញ​កាំជ្រួច​មីស៊ីល Patriot របស់​អាមេរិក​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ចរ​បស់​លោក​នេះ។

ក៏ប៉ុន្តែរដ្ឋាភិបាល​ក្រុង​អង់ការ៉ាបាន​ប្រាប់​ថា ប្រសិនបើជំនួប​នៅ​សប្តាហ៍​នេះ​ជា​មួយ​លោក​ប្រធានា​ធិបតី​ត្រាំ មិន​អាច​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់ទង​ល្អ​ទេ ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កំពុង​រង់​ចាំ។

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG