នៅក្នុងឆ្នាំ២០១២ បុគ្គលិកពីមជ្ឈមណ្ឌលសិក្សា Liger បានសម្ភាសកុមាររាប់រយនាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីស្វែងរកសិស្សដែលមានសមត្ថភាពខ្លាំងបំផុត។ ទីបំផុតកុមារាចំនួន២៥នាក់ និងកុមារីចំនួន២៥នាក់ត្រូវបានជ្រើសរើស។ ពួកគេទាំងអស់គ្នាទទួលបានអាហារូបករណ៍សិក្សាពេញលេញ។
សីហា អាយុ ដប់បីឆ្នាំ គឺជាកុមារម្នាក់ដែលបានជ្រើសរើស។ ឪពុកម្តាយដែលមានជីវភាពក្រីក្ររបស់សីហាមានក្តីរំភើបក្រៃលែង។
«ឪពុកម្តាយខ្ញុំបានគាំទ្រខ្ញុំយ៉ាងខ្លាំង ដោយសារតែពួកគាត់មានបំណងចង់ទៅរៀនដែរ នៅពេលដែលពួកគាត់មានអាយុស្របាលខ្ញុំ។ ហើយដោយសារតែ នៅពេលដែលពួកគាត់មានអាយុស្របាលខ្ញុំ វាតម្រូវឱ្យមានប្រាក់ច្រើន និងការខិតខំធ្វើការដើម្បីបានទៅសាលារៀន។ ហើយថ្លៃសាលានេះ យើងបានទទួលអាហារូបករណ៍ ដូច្នេះវាឥតគិតថ្លៃ» ។
សិស្សភាគច្រើននៃចំនួន៥០នាក់ របស់សាលា Liger មកពីគ្រួសារក្រីក្រ ដូចជាសីហាដែរ។ នៅក្នុងប្រទេសកម្ពុជាដែលមានប្រព័ន្ធអប់រំទន់ខ្សោយ អ្នកដែលកើតមកជាអ្នកក្រ គឺមានន័យថា ពួកគេមានឱកាសតិចតួច ឬគ្មានឱកាសទាល់តែសោះ។
សាលា Liger ចង់ផ្លាស់ប្តូរស្ថានភាពនេះសម្រាប់សិស្សទាំង៥០នាក់នេះ នឹងសម្រាប់ ៥០នាក់ផ្សេងទៀតនៅឆ្នាំក្រោយហើយនៅក្នុងរយៈពេលវែងសម្រាប់ប្រទេសនេះ។
ពាណិជ្ជករអាមេរិកលោក Trevor Gile ដែលចូលរួមបង្កើតសាលានេះជាមួយប្រព័ន្ធរបស់លោកបានមកកាន់ប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន ហើយបានប្រាប់VOAថា គោលបំណងគឺដើម្បីជួយមនុស្សឲ្យជួយខ្លួនឯងបាន ជាជាងគ្រាន់តែឱ្យលុយ។ នោះមានន័យថា អ្នកដែលបានចូលរៀននៅសាលានេះនឹងសន្យាជួយផ្ដល់ឲ្យសហគមន៍វិញ។
«យើងបានធ្វើការសន្យាដ៏សំខាន់មួយដល់កុមារទាំងនេះថា បើអ្នកមកពួកយើង យើងជួយអ្នករហូតដល់ចប់ថ្នាក់វិទ្យាល័យ។ សម្រាប់ការផ្តល់មកវិញ ហើយក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលយើងកំពុងផ្ដោតយ៉ាងខ្លាំងលើការធ្វើឱ្យប្រាកដថា ពួកគេកំណត់អត្តសញ្ញាណខ្លួនឯងជាមួយនឹងវប្បធម៌របស់ពួកគេផ្ទាល់។ ហើយវានឹងក្លាយជាការវិនិយោគអាក្រក់មួយ បើយើងធ្វើឲ្យមនុស្សវ័យក្មេងដ៏អស្ចារ្យទាំងនេះដែលត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកពិភពលោកដោយពួកគេចាកចេញយ៉ាងប្រញ៉ាប់ពីប្រទេសកម្ពុជា ហើយមិនត្រឡប់មកវិញ។ នោះនឹងមិនមែនជាលទ្ធផលដែលយើងចង់បានមិនមែនក្នុងរយៈពេលវែងនោះទេ»។
ទោះបីជាការអប់រំនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងយឺតៗក៏ដោយ រដ្ឋមន្ត្រីក្រសួងអប់រំដែលទទួលបានការគោរព ទើបបានទទួលតំណែងនេះពីរឆ្នាំប៉ុណ្ណោះហើយលោកមានភារកិច្ចយ៉ាងមហិមាសម្រាប់ពេលខាងមុខ។
វិធីសាស្រ្តបង្រៀននៅសាលារដ្ឋ ជាឧទាហរណ៍នៃការរៀនសូត្របែបទន្ទេញវិលជុំវិញអំពីមុខវិជ្ជាជាក់លាក់ជាមួយនឹងការផ្ដោតលើការប្រឡងជាប់។
ដោយសារធនធានដ៏សម្បូររបស់លោកGile សាលា Liger បានក្លាយជាមជ្ឈមណ្ឌលសិក្សានាំមុខគេទូទាំងប្រទេស។ សិស្សរបស់ Liger គ្រប់គ្នាជាឧទាហរណ៍ មានកុំព្យូទ័រយួរដៃមួយ ពួកគេចូលរួមក្នុងការរៀនផ្អែកលើគម្រោង និងការរៀនសូត្រតាមការធ្វើពិសោធន៍ក្នុងគោលបំណងជួយឱ្យពួកគេឈានដល់សក្ដានុពលរបស់ពួកគេ។
លោក Dom Sharpe នាយកសាលា Liger ប្រចាំប្រទេសនេះបានបញ្ជាក់ថា៖
«ការរៀនសូត្រតាមការធ្វើពិសោធន៍គឺជាផ្នែកយ៉ាងធំមួយនៃអ្វីដែលយើងធ្វើនៅទីនេះ។ សិស្សនិស្សិតនៅទីនេះបានចំណាយពេលវេលាជាច្រើនចេញពីថ្នាក់រៀន ចេញពីរាជធានីភ្នំពេញ ហើយពេលខ្លះសូម្បីតែចេញពីប្រទេសនេះផងដែរ។ នេះហើយជាការខុសគ្នាយ៉ាងខ្លាំងមួយ។ ការរៀនដោយប្រើបទពិសោធន៍ជួបប្រទះនឹងអ្វីមួយ ធ្វើឲ្យអ្នកមិនអាចបំភ្លេចវាបានទេ»។
សីហា ជាឧទាហរណ៍មួយ គេបានធ្វើការជាមួយក្រុមសិស្សរបស់ Liger ដើម្បីស្រាវជ្រាវ និងសរសេរសៀវភៅអំពីសត្វព្រៃរបស់កម្ពុជា។ សៀវភៅនេះនឹងត្រូវចេញផ្សាយនៅក្នុងខែមករា ហើយវានិងសៀវភៅមួយទៀត ដែលសិស្ស Liger សរសេរអំពីសេដ្ឋកិច្ច នឹងត្រូវចែកចាយនៅតាមសាលានៅទូទាំងប្រទេស។
សិស្ស Liger ផ្សេងទៀតបានចូលទៅក្នុងការប្រកួតប្រជែងមនុស្សយន្តនៅប្រទេសសិង្ហបុរី ឬថតផ្សាយតាមរយៈប្រព័ន្ធផតខាស់អំពីប្រធានបទរបស់កម្ពុជា។
ទីបំផុត លោកGile និយាយថាមជ្ឈមណ្ឌលសិក្សា Liger គឺមានប្រយោជន៍ច្រើនជាងការជួយឱ្យប្រទេសកម្ពុជារីកចម្រើន។
«មនុស្សមួយចំនួននៅពេលខ្លះគិតថា នេះអាចជាគម្រោងមួយរបស់អ្នកមានសម្បូរបែប។ វាមិនពិតនោះទេ ក្នុងករណីនេះ។ យើងបានចូលមកប្រទេសនេះ ក្នុងគោលបំណងដើម្បីបង្កើតជាគម្រូមួយ។ វាជាគម្រូដែលអាចត្រូវបានធ្វើតាមនៅក្រៅប្រទេសកម្ពុជា ស្ទើរតែគ្រប់ទីកន្លែងទាំងអស់។ ហើយការធ្វើគម្រោងបែបនេះយើងត្រូវតែមានការទទួលខុសត្រូវលើផ្នែកថវិកា។ គម្រូនេះដែលត្រូវមាននិរន្តរភាពដោយខ្លួនឯង និងសមស្របតាមការចំណាយ»។
រហូតដល់ពេលនេះ លោក Gile រីករាយនឹងការរីកចម្រើននេះ។ លោកបន្ថែមថា៖
«រហូតមកដល់ពេលនេះ វាកំពុងដំណើរការយ៉ាងល្អបំផុត។ ដូច្នេះហើយ ខ្ញុំពិតជាមានទំនុកចិត្តថា យើងអាចបង្ហាញលទ្ធផលតាមដែលយើងបានសន្យាធ្វើ និងជាចំណុចដែលសមហេតុផល ហើយយើងជឿថាមនុស្សដែលមានគំនិតដូចគ្នា និងអង្គការនៅជុំវិញពិភពលោកចូលចិត្តគំនិតនេះ និងចង់ធ្វើការរួមគ្នានិងពង្រីកវា»។
លោក Gile រំពឹងថានៅឆ្នាំ២០២៥ខាងមុខនេះ យើងនឹងឃើញមានយ៉ាងហោចណាស់សាលារៀន Liger ១០ក្នុងតំបន់និងគ្រប់ទិសទី។
ដល់ពេលនោះកុមារ អាយុ១២ និង១៣ឆ្នាំទាំងនេះដែលកំពុងសិក្សាក្នុងថ្នាក់នេះនឹងបានបញ្ចប់ការសិក្សា ហើយប្រសិនបើវាទៅតាមផែនការ ពួកគេនឹងអាចប្រើជំនាញដែលពួកគេកំពុងរៀនដើម្បីជួយប្រទេសកម្ពុជាក្នុងដំណើរឆ្ពោះទៅមុខ៕
ប្រែសម្រួលដោយលោក មាន ឥស្សរាយស