ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន ​​Peace Corps​ ​​ជា​​មធ្យោបាយ​​​ពង្រឹក​​ទំនាក់​ទំនង​ល្អ​រវាង​អាមេរិក-កម្ពុជា


លោក William Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងពិធីដល់អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងពិធីដល់អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)

លោក​ វិល្លៀម​ ហែដ៍​ (William A.Heidt) ​ឯក​អគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី​របស់​ស.រ.អា.​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ​ទី​ភ្នាក់ងារ​ Peace Corps ​គឺ​ជា​មធ្យោបាយ​ល្អ​មួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ជាពិសេស​គឺ​ការ​លើក​កម្ពស់​ការ​អប់រំ ​​និង​​វិស័យ​សុខាភិបាល​នៅ​តាម​ជនបទ។

លោក​ វិល្លៀម​ ហែដ៍​ (William A.Heidt) ​ឯក​អគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី​របស់​ស.រ.អា.​ប្រចាំ​នៅ​កម្ពុជា ​កាលពីព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​បង្ហាញ​មុខ​ជា​សាធារណេៈ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពិធីស្បថ​ចូល​បំពេញការងារ​របស់​យុវជន​ស្ម័គ្រ​ចិត្ត​ Peace Corps ​នៅ​ឯ​ស្ថាន​ទូត​អាមេរិក។​ ​លោក​ថ្លែងថា ទី​ភ្នាក់ងារ​ Peace Corps ​គឺ​ជា​មធ្យោបាយ​ល្អ​មួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ ជាពិសេស​គឺ​ការ​លើក​កម្ពស់​ការ​អប់រំ និងវិស័យ​សុខាភិបាល​នៅ​តាម​ជនបទ។​

ក្រុមយុវជន​ស្ម័គ្រ​ចិត្ត ​Peace Corps​ គឺ​ជា​មធ្យោបាយ​ល្អ​មួយក្នុង​ការ​ពង្រឹក​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ វិល្លៀម ហែដ៍ ​(William A.Heidt) ​ឯកអគ្គ​រដ្ឋ​ទូត​ស.រ.អា.​តែង​តាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា។​

​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដំបូង​គេ​បង្អស់​របស់​លោកជា​សាធារណៈ​ នៅ​ក្នុង​ពិធី​ស្បថ​ចូល​បំពេញ​ការងារ​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តនៃ​ទី​ភ្នាក់ងារ​ Peace Corps នៅ​ឯ​ស្ថានទូត​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​វិល្លៀម ហែដ៍ ​(William A.Heidt) ​ដែល​ចូល​មក​កាន់​តំណែង​បន្ត​ពី​លោក ​William Todd ​ថ្លែង​ជា​ភាសាខ្មែរ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ដោយ​បាន​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃនេះ​ តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ចុង​សប្តាហ៍​មុន។​ ទី​ភ្នាក់ងារ ​Peace Corps​ តំណាង​ឲ្យការ​ទាក់​ទង​គ្នា​ដ៏​ល្អ​រវាង​ប្រជាជន​ និង​ប្រជាជន​ដែល​យើង​មាន​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

Peace Corps ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ និង​មាន​សមាជិក​សរុប​ជាង​៤០០​នាក់។​

Peace Corps ​កម្ពុជា​ធ្វើការ​ទៅ​លើ​ការលើក​កម្ពស់​វិស័យសុខភាព​ និង​ការ​អប់រំ​តាម​រយៈ​ការ​បង្រៀន​ភាសា​អង់គ្លេស​នៅ​តាម​សហគមន៍​ជនបទ​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា។

​ទី​ភ្នាក់ងារ​ Peace Corps​ គឺ​ជា​ទីភ្នាក់ងារ​សហ​រដ្ឋអាមេរិក ដែលសហការ​ជាមួយ​និង​ ​លោក​ស្រី​ Michelle Obama ​ភរិយា​របស់​ប្រធានាធិតី​បារ៉ាក់អូបាម៉ា​ដែល​បានធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ជា​លើកទី​១​ តាមរយៈ​គម្រោង​ Let Girls Learn​ ​នា​ខែមិនា​កន្លង​ទៅ។ គម្រោង ​Let Girls Learn​ ឬ​កម្មវិធី​«ចូរ​ឲ្យ​ក្មេង​ស្រី​ទៅ​រៀន»​នេះ​បាន​ជំរុញ​និង​លើក​កម្ពស់​ឲ្យ​ក្មេងស្រី​នៅ​កម្ពុជា​ ​ទទួល​បានការ​អប់រំកម្រិត​ខ្ពស់​កាន់តែ​ច្រើន​ឡើង។​

លោក William Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងពិធីដល់អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងពិធីដល់អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)

ថ្លែង​នៅ​ក្នុង​ពិធី​ស្បថ​របស់​ទី​ភ្នាក់ងារ​ Peace Corps​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ លោក​ វិល្លៀម ហែដ៍ ​ថ្លែង​កោត​សរ​សើរ​ក្រុម​ការងារ​នេះ​ ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះថា៖​

«ពួកគេ​គឺ​ជា​មុខមាត់​ពិត​ប្រាកដ​នៃ​ប្រទេស​អាមេរិក​ ក្នុង​ការ​កសាង​ទំនាក់​ទំនង​នេះ​ តាម​រយៈ​ទឹកចិត្ត​បម្រើការងារ​ ការ​ចង់​រៀន​សូត្រ​ ការ​ចង់​ចែក​រំលែក​ជំនឿ​លើ​ការ​ផ្លាស់ប្តូរ​ និង​ភាព​សោមនស្ស​យ៉ាង​ច្រើន។​ នៅ​ពេល​ប្រជាជន​កម្ពុជា​រៀន​ពី​ពួកគេ​ ពួក​គេ​ក៏​នឹង​រៀន​ពី​ប្រជាជន​កម្ពុជា​វិញ​ដែរ ​ពិសេស​គ្រួសារ​ដែល​គេ​នៅ​ជាមួយ»។​

លោក​ Blaal Ahmadi ​នៅក្នុង​ចំណោម​យុវជន​ស្ម័គ្រ​ចិត្ត ​Peace Corps​ទាំង​៦៤​នាក់​ ដែល​នឹង​ចុះ​បំពេញ​ការងារ​សហគមន៍​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​បន្ទាប់​ពី​លោក​បាន​សាក​ល្បង​រស់​នៅ​ និង​ស្វែង​យល់អំពី​ជីវភាព​រស់នៅក្នុង​សហគមន៍​មួយ​ នា​ជនបទ​របស់​ប្រទេស​ដ៏​ក្រីក្រ​នេះ​អស់​រយៈ​ពេល​ជាង​២ខែ​មក​នេះ។​

លោក​ Blaal Ahmadi ​បង្ហាញចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​ជា​ខេមរ​ភាសាយ៉ាងដូច្នេះ​ថា៖​

​«ប៉ុន្តែ​យើង​មាន​ចំណុចដូចគ្នា​មួយ​គឺ​ពួក​យើងជា​ជន​ជាតិអាមេរិក​ ហើយ​ពួក​យើង​ជា​កូន​សិស្ស​របស់​ប្រទេស​កម្ពុជា​ជា​រឿង​រហូត។ ​ប្រជាជន​ខ្មែរ​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ តែ​ពួកគេ​នៅតែ​ស្វាគមន៍​ឲ្យ​យើង​នៅ​ជាមួយ​ពួក​គេ ​និង​ចាត់​ទុក​ពួក​យើង​ដូច​គ្រួសារ​តែ​មួយ។ ​លើស​ពីនេះ​ទៅ​ទៀត មក​ទល់​ពេល​នេះ ​ប្រជាជន​កម្ពុជា​នៅ​តែ​មាន​ការ​លំបាក»។​

ស្រប​គ្នា​នោះ​ដែរ​ លោក​ អ៊ឹម គុជ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ដែល​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប​នៅ​ក្នុង​ពិធី​ស្បថ​របស់​ Peace Corps​នេះ​ ​បាន​លើក​ឡើង​ថា​ ការ​សិក្សា​ភាសា​អង់គ្លេស​ជា​រឿង​សំខាន់មួយ ជា​ពិសេស​នៅពេល​សមា​ហរណកម្ម​អាស៊ាន​កាន់​តែ​ខិត​ជិត​មក​ដល់។​ ហេតុ​នេះ ​អ្វី​ដែល ​Peace Corps ​ធ្វើ​កន្លង​មក​បាន​និង​កំពុង​តែ​រួម​ចំណែក​ក្នុង​ការ​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​សម្រាប់ប្រជាជន​កម្ពុជា​នៅតាម​សហគមន៍​ជនបទ​ ខណៈ​ដែល​ប្រព័ន្ធ​អប់រំ​កម្ពុជា​នៅ​តាម​ជន​បទ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​ឡើយ។​

ទីភ្នាក់ងារ​ Peace Corps ​គឺ​ជា​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​អាមេរិក ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១​ ដោយ​លោក​ប្រធានាធិបតី ​Jonh F. Kennedy​ ដើម្បី​លើក​កម្ពស់​សន្តិភាព​ពិភព​លោក​ និង​មិត្តភាព។ ​ជា​សរុប ​ទីភ្នាក់ងារ​ Peace Corps ​មាន​សមាជិក​ជាង​២០​ម៉ឺន​នាក់ ​នៅក្នុង​ប្រទេស​ចំនួន​១៣៩​ទូទាំង​ពិភព​លោក៕

XS
SM
MD
LG