ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​​យុវជន​កម្ពុជា​នឹង​បង្កើន​សមត្ថភាព​យុវជន​ជា​អ្នក​ដឹកនាំ​តាម​រយៈ​ការ​រៀបចំ​កម្ម​វិធី​នានា


រូបឯកសារ៖ ​យុវជន​រាជា​​និយម​ថ្មី​របស់​​​​ព្រះ​អង្គ​ម្ចាស់​​នរោត្តម​​រណ​ឫទ្ធិ​ត្រៀម​ការ​បោះឆ្នោត​ឆ្នាំ២០១៨​​ (ថត​ដោយ​ប៉ាង ចំណាន ​ថ្ងៃ២៥​កក្កដា​ឆ្នាំ​២០១៥)

យុវជន​​ភាគច្រើន​មិន​ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​នេះ​ទេ​ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើ​​បាន​ឱ្យ​ជោគជ័យ​ ដោយ​សារ​មាន​ការ​តាំង​ចិត្ត​ និង​ការ​ធ្វើ​ការងារ​ជាក្រុម។​

យុវជនកម្ពុជា​បច្ចុប្បន្ន​ ដែល​ភាគ​ច្រើន​ជា​និស្សិត​ បាន​ចាប់​ផ្តើម​ចេះ​រៀបចំ​កម្មវិធី​សាធារណៈ​ដោយ​ខ្លួនឯង។​ ពួកគេ​ភាគច្រើន​មិន​ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​នេះ​ទេ​ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើបាន​ឱ្យ​ជោគជ័យ​ ដោយ​សារ​មាន​ការ​តាំង​ចិត្ត​ និង​ការ​ធ្វើ​ការងារ​ជាក្រុម។​

ទំនោរ​ថ្មី​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​យុវជន​កម្ពុជា។​ នោះ​គឺការ​រៀបចំ​បង្កើត​ឲ្យ​មាន​កម្មវិធី​សាធារណៈ​ក្នុង​គោល​បំណង​ជួយ​ឲ្យមាន​ការ​អភិវឌ្ឍ​សង្គម ​និង​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​សង្គម។​ ពួកគេ​មិនធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ក្នុង​ការរៀបចំ​កម្មវិធី​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​បាន​សម្រេច​ជោគជ័យ​ ដោយ​មាន​ការ​តាំងចិត្ត​ និង​ការ​សហការ​គ្នា​ជាក្រុម​យ៉ាង​មុតមាំ។

លោក​ឡុក សុផារិទ្ធ ​អនុ​ប្រធាន​គណៈ​កម្មការ​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​គឺ​ជាអ្នក​ផ្តួច​ផ្តើម​គំនិតរៀបចំ​ពិព័រណ៍​«ទេព​កោសល្យ​និង​ស្នាដៃ​ឆ្នាំ២០១៥»​កាល​ពី​ខែ​មេសា​កន្លង​ទៅ។​ កម្មវិធី​នេះ​ត្រូវ​បានរៀបចំ​ឡើង​ដោយ​ក្រុម​និស្សិតដែល​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​នេះ​ ក្នុង​គោល​បំណងតាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ពួកគេ។​

សុផារិទ្ធ​បាន​ប្រាប់​ VOA​ ​ថា​ ការ​រៀបចំ​កម្មវិធី​នេះ​មិន​មាន​ភាពងាយ​ស្រួល​ឡើយ។

«យើង​ត្រូវ​រៀបចំ​ គ្រោង​គោល​ការណ៍​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​អ្វី ហើយ​យើង​នឹង​ធ្វើ​អ្វី​ដើម្បី​កម្មវិធី​ហ្នឹង ហើយយើង​នឹង​រៀបចំ​កម្មវិធី​ហ្នឹង​យ៉ាង​ដូចម្តេច?»​

យុវជន​អាយុ​២០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​ ការ​រៀប​ចំ​កម្មវិធី​នេះ​បាន​ជួយ​ឱ្យ​មាន​ទំនាក់​ទំនង​កាន់តែ​ល្អ​រវាងនិស្សិត​នៅ​ក្នុង​មហា​វិទ្យាល័យ​ផ្សេង​ទៀត​ក្នុង​សាកល​វិទ្យាល័យ​សិល្បៈ​នេះ​ ដោយពួក​គេ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​បាន​ជួប​ប្រទះ។​

សុផារិទ្ធបាន​បន្ត​ថា៖

«យើង​លើក​គោល​គំនិត​ថា ​យើង​នឹងធ្វើ​មួយ​ ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ហ្នឹង​មាន​អ្នកស្រប​ និង​អ្នក​ប្រឆាំង។ ប៉ុន្តែ​អ្នក​ស្រប​ភាគច្រើន។​យើង​ត្រូវ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​អ្នក​ប្រឆាំង​គាត់​លើក​គោល​គំនិត​ប្រឆាំង​ហ្នឹង​ឡើង​មក?​ ​បន្ទាប់​មក​យើងរក​គំនិត​គោល​ គំនិត​កណ្តាល​មួយ​ដើម្បី​បញ្ចូល​គំនិត​ពួក​គាត់​គឺ​យល់​ស្រប​ទាំងអស់​គ្នា»។​

ដោយមាន​ស្មារតី​ដូចគ្នា​ក្នុង​ការ​លើក​កម្ពស់​តម្លៃ​សិល្បៈ​ និង​វប្បធម៌​នៅ​កម្ពុជា ​កម្មវិធី​«បុណ្យភូមិ»​ក៏​ត្រូវបាន​រៀបចំ​ឡើង​នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ ក្នុង​វត្ត​ព្រែក​ថ្លឹង​ ដែល​មាន​ចម្ងាយជាង​១១​គីឡូមែត្រ​ពី​រាជធានី​ភ្នំពេញ។

ដូចគ្នាដែរ​ កម្មវិធី​នេះ​ក៏ត្រូវ​បានរៀប​ចំឡើង​ដោយ​ក្រុម​យុវជន​ក្នុង​គោល​បំណងផ្តល់​ឱកាស​ដល់​សិល្បករខ្មែរបញ្ចេញ​សមត្ថភាព​របស់​ពួក​គេ។​

អ្នក​ចូលរូម​ទស្សនា​ក្នុង​កម្ម​វិធី​បុណ្យ​នេះ​មាន​ប្រហែល​៣០០០​នាក់​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​បី​ដង​ បើ​ធៀប​ទៅ​នឹងឆ្នាំ​មុន។

កញ្ញា​រិទ្ធី លំអរពេជ្រ អ្នក​ផ្តួចផ្តើម​កម្មវិធី​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​កម្មវិធី​«បុណ្យភូមិ»​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​គឺ​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ និង​ទទួល​បាន​ការ​ជឿជាក់​ពី​សមាជិក​ក្រុម។​

«ដើម្បី​អាច​នាំ​មនុស្ស​មួយ​ក្រុម​ដើរ​តាម​យើង​បាន​ ​លុះត្រា​តែ​មនុស្ស​មួយ​ក្រុម​ហ្នឹងយល់​ពីទស្សន​វិស័យ ​ពីរូបភាព​ដែល​យើង​មាន។ ​មាន​ន័យ​ថា​ ​រាល់មនុស្ស​ដែលនៅ​ជាមួយ​យើង​មាន​រូបភាព​ដូច​យើង​ ហើយ​ដើម្បី​ឱ្យ​ពួកគេ​មាន​រូបភាព​ដូច​យើង​លុះត្រា​តែគេ​ជឿលើ​យើង។​ បើ​គាត់​អត់​ជំនឿ​ រឿងហ្នឹង​អត់អាច​កើត​ឡើង​ទេ។ រូបភាព​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​គឺគាត់​លុបចោល​ ហើយ​គាត់​ដើរ​ផ្លូវ​ផ្សេង បែក​ឆ្វេង​ បែកស្ថាំ​ហើយ»។​

កញ្ញាបន្ថែម​ទៀត​ថា ​អ្នក​ដឹកនាំ​មិន​ត្រឹមតែ​ដឹកនាំ​នោះទេ​ ប៉ុន្តែ​ត្រូវ​ស្តាប់ ​និង​ទទួល​គំនិត​របស់​សមាជិក​ផង​ដែរ។

លំអរពេជ្រ​បាន​ឲ្យ​ដឹងទៀត​ថា​ ​ នាង​បាន​ជួប​ប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​សាធារណៈ​បែប​នេះ​នៅ​ឆ្នាំ​ដំបូង។​

ផ្តើមចេញ​ពីការ​ធ្វើ​និក្ខេប​បទ​បញ្ចប់​ឆ្នាំ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យតាម​ការធ្វើ​វីដេអូ​ឯកសារ​អំពី​ល្ខោនស្បែកធំ​ ​ លំអរពេជ្រ​បាន​ជំរុញ​បង្កើត​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​ដើម្បី​រៀបចំ​កម្មវិធី​«បុណ្យភូមិ»​នេះ​ឡើង​ ដោយ​មាន​ការ​សហការ​ជាមួយ​វិទ្យុ​ ABC​ ​ដែល​ជា​វិទ្យុ​ក្នុង​ស្រុក​មួយ។

លោក​នាគ ចាន់ដារិទ្ធ ​ប្រធាន​ដេប៉ាតឺម៉ង់​ផ្នែក​សិក្សា​អន្តរជាតិ​ នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​កម្មវិធី​សាធារណៈ​បែប​នេះគឺ​ជា​ការ​ល្អ​ដើម្បី​ធ្វើ​ឲ្យ​និស្សិតអាចរៀនពី​ការ​សរសេរ​គម្រោង​ ​ការ​ធ្វើ​ការងារ​ជាក្រុម​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ ជាដើម។

«ចំពោះយុវជន​ ចំពោះ​កិច្ចការ​ដែលគាត់ធ្វើ​ ត្រូវតែ​ដាក់​ចិត្ត​ធ្វើការងារ​ជាក្រុម​ បាន​ន័យ​ថា ​គាត់​ត្រូវ​ពិភាក្សា​គ្នា​ ពីព្រោះ​បើ​គាត់​ធ្វើការ​តែ​ម្នាក់​ឯង​ គាត់​អត់​អាច​យល់​ទិដ្ឋភាព​គ្រប់ជ្រុង​ជ្រោយ​នោះ​ទេ។​ ភាព​ជាអ្នក​ដឹកនាំមិន​ត្រឹមតែ​ចេះ​ដឹកនាំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​មើលថា ​តើ​មាន​តម្រូវការ​អ្វី​ខ្លះ​ ​ហើយត្រូវធ្វើ​វា​យ៉ាង​ណា?»​

ទំនោរ​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ជា​សារធារណៈ​នេះ​ក៏បាន​កើន​ឡើង​ ហើយ​ក្រុម​យុវជន​ក៏​បាន​រួមចំណែក​ក្នុង​ការងារ​សប្បុរស​ធម៌​កាន់​តែ​ច្រើន​ឡើង​ដែរ។​ ​ ក្នុង​នាមជា​អ្នក​ដឹកនាំ​នា​ពេល​អនាគត​ ក្រុម​យុវជនយល់​ថា​ កម្មវិធី​ទាំង​នោះ​គឺ​ជាមធ្យោបាយ​មួយ​ដែល​អាច​ឱ្យ​ពួកគេប្រើប្រាស់​កម្លាំង និងដុះ​ខាត់​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ។​

លោក​រស់ វុទ្ធថា​ ​ជា​សាស្រ្តាចារ្យ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​កម្មវិធីប្រគុំ​តន្រ្តី​សប្បុរស​ធម៌​មួយ​ឈ្មោះ​ថា ​«One Ticket One Child»។​ ក្រៅ​ពី​រៀបចំ​ដើម្បីរៃ​អង្គាស​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ លោក​ក៏​ចង់​បង្ហាញដល់យុវជន​ខ្មែរ​ថា ​ពួកគេ ដែល​ជា​និស្សិត​កំពុង​សិក្សា​ ក៏​អាច​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​របស់​ពួក​គេ​ផង​ដែរ។​

«ចង់​ជំរុញ​ឲ្យ​សិស្ស​ និស្សិត​ដឹង​អំពី​បញ្ហា​សង្គម​ ​ថា​តើ​ក្នុង​នាម​គាត់​ជា​យុវជន​ហ្នឹង​ គាត់​អាច​អ្វីបាន​ខ្លះ?»​

«One Ticket One Child»​ជា​កម្មវិធី​តន្រ្តី​ប្រចាំ​ឆ្នាំ​ ដែល​បាន​ចាប់​ផ្តើម​ដំបូង​កាល​ពី​ឆ្នាំ​២០១១។​ លោក​វុទ្ធថាគ្រោងថា​ ​នឹង​ផ្ទេរ​ភារ​កិច្ច​ជា​អ្នក​ដឹកនាំ​កម្មវិធី​នេះ​ ទៅឲ្យនិស្សិត​ជំនាន់​ក្រោយវិញ​ ក្នុង​ការ​ដឹក​នាំ​រៀប​ចំ​នៅ​ឆ្នាំ​បន្ទាប់។

«គម្រោង​ឆ្នាំក្រោយ​ចង់​ឱ្យ​ពួកគាត់​ជាអ្នក​ដឹកនាំ​ម្តង។ ​ពួក​យើង​គ្រាន់តែ​ផ្តល់​ជា​យោបល់​ ឬ​ក៏​ជួយ​មើល​ពួក​គាត់​ខ្លះ​អញ្ចឹង»។​

កម្មវិធី​ «Asean Festival 2015»​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​ប្រមាណ​១០០​នាក់​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេសសមាជិកសមាគម​អាស៊ាន​ទាំង​១០​ ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​អាហារ​ប្រពៃណី ល្បែងប្រជាប្រិយ​ និង​ការ​សម្តែង​សិល្បៈ​ជាដើម។​

លោក​ហេង​ សន្យា​ និស្សិត​ឆ្នាំទី៣​នៃ​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ បានរៀបរាប់​ពី​បញ្ហា​ប្រឈម​មុខ​របស់​គេ​ នៅ​ពេល​ដែល​ពួក​គេ​រៀប​ចំ​កម្មវិធី «Asean Festival 2015»​ ក្នុង​នោះ​រួម​មាន​កង្វះបទ​ពិសោធន៍ និង​កង្វះ​ភាព​ជឿ​ទុកចិត្ត ​ដើម្បី​រក​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​នេះ។​

«ប្រសិន​បើ​យើង​ចង់​ចាប់​ផ្តើម​គម្រោង​ណាមួយ​ យើង​ត្រូវតែ​ប្រាកដ​ថា​ គម្រោង​នោះ​ប្រាកដ​និយម។​ វា​អាច​ទៅរួច។​ ​ វា​មិន​ខុស​ទេ ​បើយើង​ស្រមៃ​ខ្ពស់។ ​ក៏​ប៉ុន្តែ​ប្រសិន​ជា​ពីដំបូង​ស្រមៃ​ខ្ពស់​ពេក ​វា​ទាមទារ​ពេល​វេលា។ ពេលនោះ យើង​ជា​យុវជន​ គ្មាន​បទ​ពិសោធន៍​ ធ្វើ​បាន​ពាក់​កណ្តាល​ផ្លូវ​ វា​នឹង​ជាប់​គាំង។ ពេលនោះ​យើង​នឹង​ខាត​ទាំង​ពេលវេលា​ខាត​ទាំង​ធនធាន​ ហើយ​បរាជ័យ​ ហើយ​និង​បាក់​ទឹកចិត្ត​ មិន​អាច​ធ្វើ​គម្រោង​បន្ត​ទៀត​បាន។​អញ្ចឹង នៅ​ពេល​ចាប់​ផ្តើម​គម្រោង​ យើង​ត្រូវចាប់​ផ្តើម​ពី​គម្រោង​តូចៗ​មុន​ ហើយ​ប្រាកដ​និយម​ថា ​វា​អាច​ទៅ​រួច។​ បន្ទាប់​មក​បើ​ជោគជ័យ ចាំ​យើង​ចាប់​ផ្តើម​ធំ​ជាង​ហ្នឹង។បើ​សិន​ជា​យុវជន​មិនទាន់​មាន​បទ​ពិសោធន៍​ទេ​ គួរតែ​មាន​ការ​ជួយ​ណែនាំ​បង្ហាញ​ផ្លូវ​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​ខ្លះ»។​

លោក​សំបូរ មាណ្ណារ៉ា​ ជា​សាស្ត្រាចារ្យ​ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិ​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​បញ្ចេញ​គំនិត​គាំទ្រ​ចំពោះ​ទំនោរ​ថ្មី​របស់​យុវជន​ ដោយ​មាន​ប្រសាសន៍​ដូច្នេះ​ថា៖​

«យុវជន​របស់​យើង ​ពេល​បច្ចុប្បន្នេនេះ​ ដឹង​ថា​ តើ​ខ្លួនឯង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង​ និង​ប្រទេសជាតិ​ហើយ។​ខ្ញុំ​មាន​មោទនភាព​ចំពោះ​យុវជន​នេះ​ ដែល​ចេះ​បង្កើត​កម្ម​វិធី​ល្អៗ​ ដែល​ខ្លួន​ឯង​ខំ​ប្រឹង​ធ្វើ​។ ​នេះ​ជា​អ្នក​បន្ត​វេន។​ នេះជា​ផ្លែផ្កា​នៃ​ការ​បណ្តុះ​បណ្តាល​នៃ​ការ​បង្រៀន។ ​អញ្ចឹង​យើង​អាច​ទទួល​ស្គាល់​ថា​ ការ​បង្រៀន​របស់​យើង​ត្រូវ​ហើយ​ ដែល​ធ្វើ​ឱ្យ​យុវជន​ធ្វើអ្វី​ដោយ​ខ្លួនឯង​បាន»។​

លោក​បាន​បន្ថែម​ថា ភាព​ជា​អ្នក​ដឹកនាំ​គ្រាន់តែ​អាច​ធ្វើ​ឱ្យ​មនុស្ស​ប្រើ​ការ​គិត​ពិចារណា​របស់​ពួកគេ​ដើម្បី​បង្កើតអ្វី​មួយ​ឡើង​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​គិត​ផង​ដែរ​ថា​ តើ​លទ្ធផល​ដែល​ពួកគេ​បាន​ធ្វើ​នោះ ​មាន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដែរ​ឬ​ទេ។​ លោក​បន្ថែម​ថា ​ពួកគេ​នឹង​ប្រើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​

លោកនាគ ចាន់ដារិទ្ធ​ ​ប្រធាន​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ​ បាន​បន្ថែមទៀត​ថា​ ទម្លាប់​នៃ​ការ​រៀប​ចំ​កម្មវិធី​សាធារណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ជា​អ្នកដឹកនាំ​កាន់តែ​ប្រសើរ​ជាងមុន។​

«យើង​គ្រាន់​ផ្តល់​ការ​គាំទ្រ​ដល់​គាត់​ ថា​យើង​មាន​អ្វី​ខ្លះ? យើង​ពន្យល់​ទៅគាត់។ អញ្ចឹង​តាំង​ពី​ការ​រចនា​រូបភាព​ ការ​ប្រមូល​សមាជិក​ តាំងពី​ការ​ទំនាក់​ទំនង​ជា​សន្និសីទ​បែបសិក្សា ​និស្សិត​យើង​អាច​មាន​លទ្ធភាព​ធ្វើ​បាន»។​

លោក​បាន​បង្ហាញ​សុទិដ្ឋិ​និយម​ថា​ និស្សិតនឹង​យល់​អំពី​របៀប​ដែល​សហគមន៍​នៃ​អ្នក​សិក្សា​ស្រាវជ្រាវ​ រៀបចំ​សន្និសីទ ​រៀបចំ​សិក្ខា​សាលា​ ទាំង​លក្ខណៈ ទាំង​ថ្នាក់ជាតិ​ និងទាំងថ្នាក់​អន្តរជាតិ៕

XS
SM
MD
LG