កាលពីដើមខែនេះ យោធាជប៉ុនបានបញ្ជូនឧបករណ៍យោធាជាច្រើនតាមយន្តហោះទៅកាន់ប្រទេសអ៊ុយក្រែន។ ឧបករណ៍យោធាទាំងនោះ មានដូចជាអាវក្រោះ មួកការពារ និងឧបករណ៍យោធាមិនប្រល័យផ្សេងៗទៀត។
ឧបករណ៍យោធាទាំងនេះ គឺខុសពីមីស៊ីលបាញ់ពីលើស្មា យន្តហោះដ្រូន និងសព្វាវុធផ្សេងៗទៀតដែលបស្ចិមប្រទេសជាច្រើនបានបញ្ជូនទៅឱ្យពលរដ្ឋអ៊ុយក្រែនដែលប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ការនេះនៅតែជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសជប៉ុន ដែលមានរដ្ឋធម្មនុញ្ញបែបសន្តិភាពនិយម។ រដ្ឋធម្មនុញ្ញនេះ បានជួយធ្វើឱ្យប្រទេសជប៉ុនរួចផុតពីជម្លោះយោធាបរទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ទោះបីជាមន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ពួកគេគ្មានផែនការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនក៏ដោយ ក៏ជប៉ុនបានស្ថិតនៅជួរមុខនៃកិច្ចប្រឹងប្រែងដែលដឹកនាំដោយក្រុមបស្ចិមប្រទេសនៅក្នុងការដាក់សម្ពាធលើរុស្ស៊ី តាមរយៈមធ្យោបាយការទូតនិងសេដ្ឋកិច្ច។
វិធានការរបស់ជប៉ុននេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការងាកខ្លាំងជាងមុនរបស់ប្រទេសជប៉ុនទៅរកគោលនយោបាយការបរទេសមោះមុតជាងមុន។ នេះ បើតាមការបញ្ជាក់របស់លោក Corey Wallace អ្នកជំនាញផ្នែកការពារនៃសាកលវិទ្យាល័យ Kanagawa ក្នុងទីក្រុង Yokohama នៃអាណាខេត្ត Kanagawa ប្រទេសជប៉ុន។
លោក Wallace ថ្លែងដូច្នេះថា៖ «សម្រាប់ប្រទេសជប៉ុន ការផ្ដល់ឧបករណ៍យោធាទៅឱ្យប្រទេសមួយនៅពេលកំពុងមានសង្គ្រាម បើទោះបីជាឧបករណ៍ទាំងនោះមិនមានលក្ខណៈប្រល័យក៏ដោយ គឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត»។
ជាងនេះទៀត ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើក្រុមអប្បជនមានឥទ្ធិពលរបស់រុស្ស៊ី បង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៊ី និងដករុស្ស៊ីចេញពីឋានៈអនុគ្រោះបំផុតផ្នែកពាណិជ្ជកម្ម។
ប៉ុន្តែអ្វីដែលប្រហែលជាគួរឱ្យកត់សម្គាល់បំផុតនោះ គឺជប៉ុនបានចាប់ផ្ដើមទទួលយកជនភៀសខ្លួនអ៊ុយក្រែន។ ការស្ទង់មតិបានបង្ហាញថា គោលនយោបាយនេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។
លោក Wallace បានបញ្ជាក់ថា៖ «ចំណុចនេះធ្វើឱ្យខ្ញុំគិត ដោយសារតែរឿងនេះមិនមែនជារឿងដែលសាធារណជនជប៉ុនតែងគាំទ្រនោះទេ។ ចូរអ្នកមើលស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសស៊ីរី សាធារណជនជប៉ុនពិតជាមានការស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ»។
ទោះជាយ៉ាងណាក៏ដោយ ក៏មានហានិភ័យផងដែរចំពោះវិធានការមោះមុតជាងមុននេះរបស់ប្រទេសជប៉ុន។ ជប៉ុននាំចូលប្រេងឥន្ធនៈនិងឧស្ម័នក្នុងបរិមាណយ៉ាងច្រើនពីប្រទេសរុស្ស៊ី។ ការនាំចូលទាំងនេះ ទំនងជានឹងកាន់តែមានការចំណាយច្រើនជាងមុន។
លោក Artyom Lukin សាស្ត្រាចារ្យសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា (Far Eastern Federal University) ក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី បាននិយាយថា៖ «ជាការពិត ទំនាក់ទំនង [រវាងជប៉ុននិងរុស្ស៊ី] បានរងការប៉ះពាល់យ៉ាងអាក្រក់បំផុត ហើយការខូចខាតនេះនឹងមានរយៈពេលយូរ។ ជារួម ទំនាក់ទំនង [រវាងប្រទេសទាំងពីរ] នឹងធ្លាក់ចុះខ្លាំងផ្នែកសេដ្ឋកិច្ច»។
លោក Lukin បាននិយាយថា ជប៉ុននឹងប្រហែលជានៅរក្សាការធ្វើពាណិជ្ជកម្មសំខាន់ៗខ្លះ [ជាមួយរុស្ស៊ី] ប៉ុន្តែនឹងមិនមានគម្រោង ឬក៏ការវិនិយោគថ្មីនោះទេ។ លោកបានបន្ថែមថា រុស្ស៊ីប្រហែលជានឹងមានឥរិយាបថគឃ្លើនជាងមុនចំពោះជប៉ុន។
លោកលើកឡើងដូច្នេះថា៖ «ជាឧទាហរណ៍ យើងនឹងឃើញមានការបង្ហាញបែបយោធាច្រើនជាងមុននៅជិតជប៉ុន ដូចជាការធ្វើដំណើររបស់នាវាទាហានជើងទឹករុស្ស៊ីនៅតាមបណ្ដោយសមុទ្ររបស់ប្រទេសជប៉ុន ការហោះហើររបស់យន្តហោះរុស្ស៊ីជិតដែនអាកាសរបស់ជប៉ុនជាដើម»។
លោក Lukin បានបញ្ជាក់ថា រុស្ស៊ីអាចងាកកាន់តែជិតទៅរកប្រទេសចិន ដែលនេះ គឺជាក្ដីបារម្ភដ៏ខ្លាំងក្លាសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុន។
ប៉ុន្តែ រដ្ឋាភិបាលជប៉ុនបានទទូចថា ការប្រថុយប្រថានទាំងនេះ គឺជារឿងដែលគួរហ៊ានធ្វើ។
លោក Matsumoto Koichiro អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា៖ «ខ្ញុំគិតថា ប្រទេសនីមួយៗនៅលើពិភពលោកមានជម្រើសមួយ ដែលនោះគឺថាតើអ្នកនឹងប្រយុទ្ធដើម្បីគុណតម្លៃជាសាកលដែលនាំឱ្យមានពិភពលោកដូចពេលសព្វថ្ងៃនេះ ឬក៏អ្នកបដិសេធគុណតម្លៃទាំងនេះ ឬក៏អ្នកធ្វើជាមើលមិនឃើញអំពីព្រឹត្តិការណ៍ដែលកំពុងកើតឡើង។ ប្រទេសជប៉ុនជ្រើសយកជម្រើសទីមួយ ហើយនឹងឈរយ៉ាងរឹងមាំជាមួយប្រទេសអ៊ុយក្រែន។ ខ្ញុំលើកទឹកចិត្តខ្លាំងក្លាឱ្យបណ្ដាប្រទេសផ្សេងទៀតជ្រើសយកជម្រើសទីមួយ»។
ការស្ទង់មតិបានបង្ហាញថា សាធារណជនជប៉ុនមានការគាំទ្រភ្លូកទឹកភ្លូកដីលើវិធានការម៉ឺងម៉ាត់ជាងមុនរបស់ជប៉ុននេះ។
លោក Matsumoto បានបញ្ជាក់ថា វាជារឿងធម្មតា ដោយសារតែប្រទេសជប៉ុនទទួលបានប្រយោជន៍ច្រើនពីប្រព័ន្ធរៀបរយអន្តរជាតិនៅពេលបច្ចុប្បន្ន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ