ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ប្រជុំ​ជាមួយ​អូតង់ សហភាព​អឺរុប និង​ក្រុម​ប្រទេស G-7 អំពី​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden ថ្លែង​សុន្ទរកថា​នៅ​ក្នុងកិច្ច​ប្រជុំ​ Business Roundtable's CEO ប្រចាំត្រីមាស​ នៅរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២២។

ប្រធានាធិបតី​អាមេរិក​លោក Biden ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ដើម្បី​ប្រជុំ​ជាមួយ​អង្គការ​អូតង់ សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស G-7 ក្នុង​គោល​បំណង​បញ្ចប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

សេតវិមាន​ថា ទស្សនកិច្ច​នេះ​មាន​បំណង​សម្រេច​ឲ្យ​បាន​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី ដោយ​លោក Biden នឹង​ប្រជុំ​ជាមួយ​អង្គការ​អូតង់​នៅ​ថ្ងៃ​ព្រហស្បតិ៍។

អ្នកស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន ថា៖ «លោក Biden នឹង​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តាំងចិត្ត​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​អូតង់​និង​ចំពោះ​ការ​ការពារ​ទឹកដី​អូតង់។ បន្ទាប់មក លោក​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ដើម្បី​ពិភាក្សា​អំពី​ក្ដី​បារម្ភ​រួម​រឿង​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​នៅក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ការ​គាំទ្រ​ផ្នែក​មនុស្សធម៌​ដល់​អ្នក​រងគ្រោះ​ពី​សង្គ្រាម និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នេះ។ នៅ​ថ្ងៃ​ដដែល​នោះ លោក​នឹង​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G-7ដើម្បី​ពិភាក្សា​បន្ថែម​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​អំពី​ទណ្ឌកម្ម​ដែល​យើង​កំពុង​ដាក់​លើ​រុស្ស៊ី»។

ក្រៅពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​យោធា​និង​មនុស្សធម៌​ចំនួន ១៣ ពាន់ ៦ រយ​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ផងដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy បាន​សុំ​ឲ្យ​អាមេរិក​បង្កើត​តំបន់​ហាមឃាត់​ការ​ហោះហើរ​លើ​អ៊ុយក្រែន ប៉ុន្តែ​មិន​បាន​ជោគជ័យ។

លោក​ព្រមាន​ថា រុស្ស៊ី​នឹង​មិន​បញ្ឈប់​ត្រឹម​អ៊ុយក្រែន​នោះទេ។ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Lviv គឺ​មាន​ចម្ងាយ​តែ ៨០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប៉ូឡូញ។

លោក Zelenskyy ថា៖ «[រុស្ស៊ី​នឹង​វាយ​ប្រហារ​បន្ទាប់​លើ] ប្រទេស​ឡេតូនី លីទុយអានី អេស្ដូនី ម៉ុលដាវី ហ្សកហ្ស៊ី និង​ប៉ូឡូញ។ បន្ទាប់មក ពួកគេ​នឹង​សម្រុក​រហូត​ដល់​ជញ្ជាំង​ក្រុង​ប៊ែរឡាំង របស់​អាល្លឺម៉ង់»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​បាល់ទិក​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្តាប់​ក្តីបារម្ភ​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​នោះ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡេតូនី​លោក Artis Pabriksថា ប្រទេស​សមាជិក​អូតង់​នៅ​ជិត​អ៊ុយក្រែន​ចង់​ឃើញ​ការ​ប្រែប្រួល។

លោក​ថា៖ «យើង​ត្រូវការ​វត្តមាន​ជួរមុខ​បែប​ផ្សេង​សម្រាប់​ប្រទេស​ទាំងអស់​ចាប់ពី​ភាគ​ខាង​ត្បូង​តួកគី​រហូត​ដល់​ភាគ​ខាង​ជើង​តំបន់​បាល់ទិក។ ហើយ​យុទ្ធសាស្ត្រ​ការពារ​របស់​អូតង់​គួរតែ​ធ្វើ​ឡើង​តាម​វិធី​ផ្សេង»។

រដ្ឋមន្ត្រី​ការបរទេស​ឡេតូនី​លោក Edgars Rinkevicsថា អឺរ៉ុប​ខាង​កើត​យល់​ថា មិន​មាន​ដំណោះស្រាយ​ភ្លាមៗ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ទេ។

លោក​ថ្លែង​ថា៖ «ជំហរ​របស់​យើង​គឺ​ថា អ៊ុយក្រែន​គួរតែ​ជា​អ្នក​សម្រេច​អំពី​កិច្ច​ព្រមព្រៀង​ដែល​ខ្លួន​ចង់​បាន គឺ​មិន​ត្រូវ​ដាក់​ពេល​កំណត់​បង្ខំ​អ៊ុយក្រែន​នោះទេ ដោយសារតែ​រុស្ស៊ី​ជា​អ្នក​វាយ​ប្រហារ​អ៊ុយក្រែន។ ហើយ​យើង​ត្រូវតែ​ជួយ​អ៊ុយក្រែន​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន មិន​ត្រូវ​ព្យាយាម​ដាក់​បង្ខំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ដែល​មិន​មែន​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​អ៊ុយក្រែន​នោះឡើយ។ ដូច្នេះ ខ្ញុំ​គ្រាន់តែ​ចង់​មាន​ទស្សនៈ​ប្រាកដ​និយម​តែ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា វា​អាច​ត្រូវ​ចំណាយ​ពេល​ខ្លះ»។

ប៉ុន្តែ​អ្នក​វិភាគ​នានា​ឆ្ងល់​ថា​តើ​ការ​ពិភាក្សា​ដែល​គ្មាន​វត្តមាន​អ៊ុយក្រែន​ឬ​រុស្ស៊ី​ចូលរួម​នេះ​នឹង​មាន​ប្រយោជន៍​បែប​ណា។

លោក James Nixeyប្រធាន​កម្មវិធី​រុស្ស៊ី​និង​អាស៊ី​អឺរ៉ុប​នៃ​អង្គការ Chatham House ថា៖ «ខ្ញុំ​យល់​ថា ដំណោះស្រាយ​ចំពោះ​សង្គ្រាម​នេះ​ពិបាក​នឹង​សម្រេច​បាន ដោយ​ហេតុ​ថា គោលដៅ​សំខាន់​របស់​រុស្ស៊ី​គឺ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ៊ុយក្រែន​មិន​អាច​ក្លាយជា​សមាជិក​របស់​អង្គការ​អូតង់ ហើយ​បើ​ការ​ក្លាយជា​សមាជិក​របស់​អង្គការ​អូតង់​នេះ​គឺ​ពិតជា​គោល​បំណង​និង​មហិច្ឆតា​ដ៏​ចម្បង​របស់​អ៊ុយក្រែន​មែន នោះ​អង្គការ​អូតង់​មិន​អាច​ជួយ​ដោះស្រាយ​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នេះ​បាន​នោះឡើយ»។

បន្ទាប់ពី​ទស្សនកិច្ច​នេះ លោក Biden នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាសូរី ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​សុក្រ។ រដ្ឋធានី​នោះ​មាន​ចម្ងាយ​តិច​ជាង ១.០០០ គីឡូម៉ែត្រ​ពី​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG