សេតវិមានប្រធានាធិបតីអាមេរិកបានបង្ហាញឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលគេរង់ចាំជាយូរមកហើយកាលពីថ្ងៃពុធ ដែលឯកសារនេះមានបំណងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននិងសង្កត់ធ្ងន់ឡើងវិញអំពីសារៈសំខាន់នៃការធ្វើការជាមួយនឹងសម្ព័ន្ធមិត្តនានាដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបណ្ដាប្រទេសប្រជាធិបតេយ្យកំពុងប្រឈម។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឯកសារយុទ្ធសាស្ត្រដែលមានកម្រាស់ ៤៨ ទំព័រនេះ ដែលត្រូវបានពន្យារពេលដោយសារតែវិបត្តិអ៊ុយក្រែននោះ បានបង្ហាញឱ្យឃើញថា មិនមានការប្រែប្រួលខ្លាំងក្លាណាមួយនៅក្នុងគោលគំនិតនិងមិនបានស្នើនូវគោលការណ៍សំខាន់ថ្មីណាមួយសម្រាប់គោលនយោបាយការបរទេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នោះឡើយ។
ឯកសារយុទ្ធសាស្ត្រនេះបានបញ្ជាក់ថា បើទោះបីជាបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនក៏ដោយ ក៏ប្រទេសចិននៅតែតំណាងឱ្យបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតចំពោះរបៀបរៀបរយពិភពលោក។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បានបញ្ជាក់នៅក្នុងការបង្ហាញអំពីឯកសារយុទ្ធសាស្ត្រនេះកាលពីថ្ងៃពុធថា៖ «សាធារណរដ្ឋប្រជាមានិតចិននៅតែរក្សាគោលបំណងនិងសមត្ថភាពដើម្បីកែប្រែរបៀបរៀបរយអន្តរជាតិឱ្យក្លាយទៅជារបៀបរៀបរយមួយដែលធ្វើឱ្យផ្អៀងដល់ [តុល្យភាព] ប្រកួតប្រជែងនៅលើសាកលលោកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសយើងទាំងពីរប្រកបដោយការទទួលខុសត្រូវក៏ដោយ»។
លោក Sullivan បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងទំនាក់ទំនងជាមួយនឹងប្រទេសចិន នៅពេលដោះស្រាយជាមួយនឹងបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់មនុស្សនៅគ្រប់ទីកន្លែងទាំងអស់ ដែលបញ្ហាប្រឈមទាំងនោះមានដូចជាបញ្ហាប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ ជំងឺឆ្លង ភេរវកម្ម ការផ្លាស់ប្ដូរថាមពលប្រើប្រាស់ និងអតិផរណាជាដើម៕
ផែនការសន្តិសុខជាតិរបស់លោក Biden ផ្តោតខ្លាំងលើប្រទេសចិន
- Reuters
