នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវវិស័យផលិតកម្មក្នុងប្រទេស ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងបង្កើនពន្ធគយខ្លាំងក្លាលើរថយន្តអគ្គិសនីរបស់ចិននិងពន្ធគយថ្មីលើបន្ទះឈីបកុំព្យូទ័រ បន្ទះផ្ទាំងស្រូបថាមពលព្រះអាទិត្យ និងអាគុយលីចូមអ៊ីយ៉ុង។
ពន្ធគយលើរថយន្តអគ្គិសនីរបស់ចិន ឬ EVs នឹងត្រូវកើនឡើងបួនដងដល់អត្រា ១០០%។ ការនាំចូលបន្ទះស្រូបថាមពលព្រះអាទិត្យ និងបន្ទះឈីប ពីប្រទេសចិននឹងត្រូវយកពន្ធ ៥០% ដែលកើនឡើងទ្វេដងលើអត្រាបច្ចុប្បន្ន។ អត្រាពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមួយចំនួននឹងកើនឡើងដល់ ២៥% គឺច្រើនជាងបីដងនៃកម្រិតបច្ចុប្បន្ន។
ការដំឡើងពន្ធគយនឹងគ្របដណ្តប់លើផលិតផលចិនដែលមានទឹកប្រាក់ចំនួន១៨ ពាន់លានដុល្លារ។ ពន្ធលើរថយន្តអគ្គិសនី ដែកថែប និងអាលុយមីញ៉ូម និងបន្ទះស្រូបឋាមពលព្រះអាទិត្យនឹងចូលជាធរមាននៅឆ្នាំនេះ និងឆ្នាំក្រោយសម្រាប់បន្ទះឈីប។
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា វិធានការនេះ «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសនៃកិច្ចសហប្រតិបត្តិការទ្វេភាគី»៕
វេទិកាបញ្ចេញមតិ