ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​នឹង​ពិភាក្សា​អំពី​បច្ចេកវិទ្យា AI នៅ​ប្រទេស​ស្វីស


រូបឯកសារ៖ យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក F-16 ដែល​ប្រើបច្ចេកវិទ្យា AI កំពុងប្រតិបត្តិការ​ នៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤។
រូបឯកសារ៖ យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក F-16 ដែល​ប្រើបច្ចេកវិទ្យា AI កំពុងប្រតិបត្តិការ​ នៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​ចិន​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅក្នុង​ប្រទេស​ស្វីស​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ក្ដី​បារម្ភ​ទាក់ទិន​នឹង​សន្តិសុខ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឬ​ហៅថា​ AI។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា ការ​ពិភាក្សា​នៅក្នុង​ទីក្រុង​ហ្សឺណែវ​នេះ​នឹង​មិន​បើក​ទ្វារ​ឱ្យ​ចិន​ជះ​ឥទ្ធិពល​លើ​គោល​នយោបាយ​បច្ចេកវិទ្យា​ឡើយ។ អ្នក​តំណាង​មកពី​ប្រទេស​ទាំងពីរ​នឹង​ពិភាក្សា​អំពី​វិធី​នៅក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា AI។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក។

មន្ត្រី​អាមេរិក​មួយ​រូប​បាន​លើកឡើង​ថា ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​ប្រជែង​គ្នា​យ៉ាង​តឹងតែង​ដើម្បី​គ្រប​ដណ្ដប់​លើ​ទិដ្ឋភាព​បច្ចេកវិទ្យា AI។ ចិន​កំពុង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា AI «នៅ​ទូទាំង​ផ្នែក​ស៊ីវិល​ក៏ដូចជា​ផ្នែក​យោធា​និង​សន្តិសុខ»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ការ​ប្រើប្រាស់​របស់​ចិន​នូវ​បច្ចេកវិទ្យា AI អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ «សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក»។

មន្ត្រី​អាមេរិក​មួយ​រូប​ទៀត​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រកួត​ប្រជែង​ជាមួយ​ចិន​ដើម្បី​កំណត់​បទបញ្ញត្តិ​លើ​បច្ចេកវិទ្យា AI និង «ស្ទាបស្ទង់​មើល​ថាតើ​បទបញ្ញត្តិ​មួយ​ចំនួន​អាច​ទទួល​យក​បាន​ដោយ​ប្រទេស​ទាំងអស់​ឬ​ក៏​អត់»។

ការ​ពិភាក្សា​អំពី​បច្ចេកវិទ្យា AI នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​កាលពី​ខែ​មុន​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដែល​នៅ​ទីនោះ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG