ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ស្ទង់មតិ​របស់​​​ក្រុមហ៊ុន Gallup ​រកឃើញ​​ថា​ អាមេរិក​នាំ​មុខ​​ចិន​​ខាង​ភាព​ជា​​អ្នកដឹកនាំ​សាកល


រូបឯកសារ៖ រូប​ផ្គុំ​រវាង​ប្រធានាធិបតី​អាមេរិកលោក ​Joe Biden ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ប្រធានាធិបតី​ចិនលោក Xi Jinping ក្នុង​ប្រទេស​ប្រេស៊ីល​កាលពីថ្ងៃទី​១៣​វិច្ឆិកា ឆ្នាំ២០២៩។
រូបឯកសារ៖ រូប​ផ្គុំ​រវាង​ប្រធានាធិបតី​អាមេរិកលោក ​Joe Biden ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ប្រធានាធិបតី​ចិនលោក Xi Jinping ក្នុង​ប្រទេស​ប្រេស៊ីល​កាលពីថ្ងៃទី​១៣​វិច្ឆិកា ឆ្នាំ២០២៩។

ការ​គាំទ្រ​ជា​សាកល​លើ​ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិកមាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ចិន។ នេះ​បើ​យោង​តាមការវិភាគ​របស់ក្រុមហ៊ុន​ស្ទង់មតិ​និង​វិភាគ​ទិន្នន័យ​ Gallup​ កាលពី​ថ្ងៃ​ទី​៦ខែ​ឧសភា​កន្លង​ទៅ។ របាយការណ៍របស់​ក្រុមហ៊ុននេះ​ ​បាន​និយាយ​ថា​ បើ​ទោះ​បី​ជា​មាន​ប្រទេស​កាន់​តែ​ច្រើនឡើង​មានកម្រិត​ការ​គាំទ្រ​សម្រាំង​លើ​ភាព​ជា​អ្នកដឹកនាំ​របស់អាមេរិក​ក្តី​ ​ក៏​ការ​គាំទ្រជា​សាកលចំពោះ​ទាំង​អាមេរិក​និង​ចិន​ មាន​ការ​ធ្លាក់​ចុះក្នុង​ឆ្នាំ​២០២៣។​

របាយការណ៍របស់​ក្រុមហ៊ុននេះក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ខណៈ​ដែល​អាមេរិក​ទទួល​បានកម្រិត​គាំទ្រ​ខ្ពស់​ជាង​ប្រទេស​ចិន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​សាកល​នោះ​ ការ​គាំទ្រ​នេះ​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​ថា តើ​គណបក្សមួយ​ណា​ជា​អ្នក​ដឹកនាំ​ប្រទេស​អាមេរិក។ ​ទិន្នន័យ​របស់​ក្រុមហ៊ុន​នេះក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​បង្ហាញ​ថា​ ការដឹកនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ហាក់​ដូច​ជាទទួល​បានការគាំទ្រ​ជា​សាកល​ខ្ពស់​ជាងការដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ​។

នៅ​ប្រទេស​ចំនួន​១៣៣​ ដែល​ត្រូវ​បាន​ធ្វើ​ការ​ស្ទង់មតិក្នុង​ឆ្នាំ​២០២៣​ ​សហរដ្ឋ​អាមេរិកនៅ​រក្សា​បាន​ការ​គាំទ្រ​នាំមុខចំនួន​៨១​ប្រទេសក្នុង​ចំណោម​១៣៣​ប្រទេស​នេះ​ ដោយ​ប្រទេស​ចិន​មានការ​គាំទ្រ​នាំ​មុខ​តែ​ចំនួន​៥២​ប្រទេស​ប៉ុណ្ណោះ។ ​ សហរដ្ឋ​អាមេរិក​មានប្រៀប​លើ​ចិន​ខ្លាំង​បំផុត​ក្នុងប្រទេស​កូសូវ៉ូ ខណៈ​ប្រទេស​ចិន​មាន​ភាគរយគាំទ្រ​មាន​ប្រៀប​លើ​អាមេរិកច្រើនបំផុត​ក្នុង​ប្រទេស​រុស្ស៊ី។

ក្រុមហ៊ុន Gallup បញ្ជាក់​នៅ​ក្នុង​របាយការណ៍​នោះ​ថា ការ​ទទួល​បាន​នូវ​ការគាំទ្រ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​នេះ​ ​មាន​សារៈសំខាន់ ​ក្នុង​ការធ្វើ​ឱ្យ​ប្រទេស​នោះមាន​លទ្ធភាព​ដើម្បី​បញ្ចេញឥទ្ធិពល​របស់​ខ្លួន។​ របាយការណ៍​នេះ​បញ្ជាក់​ថា៖ «បើ​កត្តា​ផ្សេង​ទៀត​មិន​មាន​ការ​ប្រែប្រួល​ នោះប្រទេស​មហាអំណាច​ណាដែល​មាន​កម្រិត​គាំទ្រ​ខ្ពស់ជាង​នៅ​ក្នុង​ប្រទេសដែល​ពេញ​ចិត្ត​ខ្លួន​ មហាអំណាច​នោះអាច​មាន​ឱកាស​ច្រើន​ជាង ដើម្បី​សម្រេច​បាននូវ​គោលបំណង​របស់​ខ្លួន‍»។

របាយការណ៍​នេះ​ក៏​និយាយ​ផង​ដែរ​ថា​ ពិន្ទុ​ការ​ទទួល​បាន​នូវ​ការគាំទ្រ​នេះ​ «ផ្តល់​នូវ​មធ្យោបាយ​គាំទ្រដ៏​សំខាន់​មួយ សម្រាប់​សមាសភាព​នៃ​អំណាច​ទន់ដែល​មាន​សារៈសំខាន់ក្នុង​ចំណោម​ពលរដ្ឋ»។

បើ​ទោះជា​អាមេរិក​ទទួល​បានការគាំទ្រ​ខ្ពស់​ខ្លាំង​ជាង​ប្រទេស​ចិនក្តី​ ក៏​ការគាំទ្រ​ជា​រួម​ដល់​ប្រទេស​មហាអំណាចទាំង​ពីរ​នេះបាន​ធ្លាក់ចុះ​ ដោយ​ក្រុមហ៊ុន​ Gallup បាន​និយាយ​នៅ​ក្នុង​របាយការណ៍​នោះ​ថា​ នេះ​«ជា​ការបង្ហាញ​នូវការ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​នូវ​ការ​សាទរ​ចំពោះប្រទេស​មហាអំណាច​ទាំងពីរ​នេះ»។

ហើយ​បើ​ទោះបី​ជា​ការគាំទ្រ​ដល់​ភាពជា​អ្នក​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះមាន​ការ​ធ្លាក់ចុះជា​ទូទៅ​ក្តី​ ក៏​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន បាន​ទទួល​ការ​គាំទ្រ​ច្រើនក្នុង​រយៈពេល​វែង​ នៅ​ក្នុង​ប្រទេសជាក់លាក់​មួយ​ចំនួន​ក្នុង​ពិភពលោក​ផង​ដែរ។ ប្រទេស​ចិន​បាន​ទទួល​ការ​គាំទ្រ​កើន​ឡើងនៅ​ក្នុងប្រទេស​តំបន់​ទ្វីប​អាហ្រ្វិក​ ដូច​ជា​ប្រទេស​តង់សានី​ អូហ្គង់ដា អាហ្វ្រិកខាងត្បូង​ និង​ប្រទេស​ម៉ាឡាវី​ជា​ដើម។ ​ចំណែក​អាមេរិក​បាន​ទទួល​ការ​គាំទ្រ​កើន​ឡើង​នៅ​ប្រទេស​ឥណ្ឌា ហ្វ៊ីលីពីន កូរ៉េខាងត្បូង និង​វៀតណាម។​

បើ​យោង​លើ​របាយការណ៍​នេះ​ «សកម្មភាព​ដ៏​ខ្លាំងក្លា​របស់​ចិន​ក្នុងតំបន់​ជិតខាង​របស់​ខ្លួន​ ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​ឆ្លើយតប​នៃ​ការគំរាមកំហែង​មួយ ​ដែល​បាន​ជំរុញ​ប្រទេស​ទាំង​នេះ​ឱ្យ​ងាក​កាន់​តែ​ជិត​ទៅ​រក​អាមេរិក​ ​ដែល​ទំនង​ជាចង់​និយាយ​សំដៅ​ទៅ​លើភាព​ដ៏​គឃ្លើន​ដែល​កំពុង​កើន​ឡើង​របស់​ចិននៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កម្រិត​ការគាំទ្រក្នុង​ឆ្នាំ​នេះផ្អែក​លើ​កត្តា​មួយ​ចំនួន​ ដូច​ជា​ការ​ផ្លាស់ប្តូរ​ក្នុង​ភាព​ជា​អ្នកដឹកនាំ ឬ​ការវិវត្ត​ទៅ​មុខ​នៃ​ជម្លោះ​សាកល​សំខាន់ៗ​មួយ​ចំនួន។​ ​ឆ្នាំ​២០២៤នេះ​ ជា​ឆ្នាំ​បោះឆ្នោត​ដ៏​ធំ​បំផុត​មួយនៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​បាន​កត់ត្រា​ទុក ដោយ​មាន​ពលរដ្ឋ​ជាង​ពាក់កណ្តាល​ពិភពលោក​ នៅ​ក្នុង​ប្រទេស​ជាង​៥០​ រៀបចំ​ធ្វើ​ការ​បោះឆ្នោត។

អ្នកស្រី ​Julie Ray ​សហស្ថាបនិក​នៃរបាយការណ៍​របស់​ក្រុមហ៊ុន​ Gallup នេះ​ បាន​និយាយ​ថា ផល​ប៉ះពាល់នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំនេះ​ នឹង​មាន​ការ​លំបាកក្នុង​ការ​ព្យាករ​ទុក​ ប៉ុន្តែ​ថា​«ហានិភ័យនានា​ ប្រាកដ​ជា​នឹងកើន​ឡើងខ្ពស់​ក្នុង​ឆ្នាំ​នេះ»។

ការគាំទ្រ​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក​អាច​ក្លាយ​ជា​សំណួរ​មួយ​ ខណៈពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden បាន​ទទួល​រងការរិះគន់​ពីក្នុងស្រុក​និង​ក្រៅ​ប្រទេសលើ​ការ​បន្ត​ការ​គាំទ្ររបស់អាមេរិក​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​ ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាមរបស់​ប្រទេស​នេះ​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​អស់​ជាង​៣ម៉ឺន​នាក់​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ​ អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​យោធាប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​ ក្រោយពី​យុទ្ធជន​នៃក្រុម​នេះ​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ឆ្នាំ​ទៅ​ ដោយ​សម្លាប់​មនុស្ស​អស់១.២០០​នាក់ ​ និង​ចាប់ចំណាប់​ខ្មាំង​ប្រមាណ២៥០​នាក់​។ ​

​អ្នកស្រី​ Ray និយាយ​ថា​ ផល​ប៉ះពាល់​ពី​ការ​គាំទ្ររបស់​អាមេរិកលើ​ប្រទេស​អ៊ីស្រាអែល​ នៅ​មិន​ទាន់​ឃើញ​ច្បាស់​នៅ​ឡើយ។ អ្នក​ស្រី​បន្ថែម​ថា​ «នៅ​ពេល​ដែល​យើង​វិភាគ​លើ​ប្រទេស​ដែល​ត្រូវ​បានស្ទង់​មតិកាល​ពី​ឆ្នាំ​២០២៣​ ​ជាមួយ​នឹង​ការ​ចុះ​ទៅ​ធ្វើ​ការ​ដល់ទី​កន្លែង​នៅ​មុន​និង​ក្រោយ​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​នោះ​ ​យើង​មិនឃើញ​មាន​ការ​ខុស​ប្លែក​គ្នា​ខ្លាំង​ឡើយនៅ​ក្នុង​ការ​គាំទ្រ​នេះ»។

​អ្នក​ស្រី ​Ray​ បន្ថែម​ទៀត​ថា​ ការ​គាំទ្ររបស់​អាមេរិកលើ​ប្រទេស​អ៊ីស្រាអែល​ ​ពិត​ជា​មាន​ផល​ប៉ះពាល់​គួរ​ឱ្យ​កត់សម្គាល់ក្នុង​ប្រទេស​អ៊ីស្រាអែល សម្រាប់​ការ​គាំទ្រលើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក ​ដោយអ្នក​ស្រី​និយាយ​ថា​ កម្រិត​នៃ​ការ​គាំទ្រ​នេះមាន​ការ​កើន​ឡើង​ខ្ពស់មិនធ្លាប់​មានក្នុង​ពេល​កន្លង​ទៅ។

ការ​ស្ទង់​មតិ​របស់​អង្គការ ​Gallup ​វិភាគ​ទៅ​លើ​កម្រិតនៃ​ការ​គាំទ្រសម្រាំង ឬ net approval​ ដែល​ជា​ផល​ដករវាងភាគរយ​ដែល​គាំទ្រ​ និង​ភាគ​រយ​ដែល​មិន​គាំទ្រជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ប្រទេស​មួយ។​

សម្រាប់​ប្រទេស​និមួយៗ​ ​ ​គេ​យក​ការគាំទ្រ​សម្រាំងលើ​ប្រទេស​អាមេរិក​ដក​នឹង​ការ​គាំទ្រសម្រាំង​លើ​ប្រទេស​ចិន​ ​ដោយ​ចេញ​ជា​លទ្ធផល​នៃ​ពិន្ទុ​មួយ​ ដែល​មានរង្វង់​ពី +២០០ ដល់​ -២០០។

ពិន្ទុក​ +២០០ បង្ហាញ​នូវ​ការ​គាំទ្រ​សរុប​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់អាមេរិក​ ​ និង​ការ​មិន​គាំទ្រ​សរុប​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់ប្រទេស​ចិន។ ពិន្ទុ​ -២០០​ បង្ហាញ​ពីលទ្ធផលបញ្ច្រាស់​គ្នា​វិញ​ ហើយ​ពិន្ទុ​សូន្យ​បង្ហាញ​ពី​ភាព​ស្មើគ្នា​ក្នុង​ការគាំទ្រ​នៃ​ប្រទេស​ទាំង​ពីរ។

ប្រទេស​កូសូវ៉ូ​ដែល​ជា​អ្នក​គាំទ្រ​ដ៏ធំ​បំផុត​លើភាព​ជា​អ្នក​ដឹកនាំរបស់​អាមេរិក​ មាន​ពិន្ទុ​គាំទ្រ +១៥៤ ចំណែករុស្ស៊ី​ដែល​ជាប្រទេស​គាំទ្រចិន​ដ៏ធំ​បំផុត​នោះ​ មាន​ពិន្ទុ​គាំទ្រ​ -១៣២៕

ប្រែសម្រួល​ដោយ​ លោក ជ្រា​ វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG