ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​និយាយ​រដិបរដុប​អំពី​ក្រុមហាម៉ាស់ ក្នុង​កិច្ច​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា


​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken​ ជួប​ជាមួយ​ប្រធានាធីបតី​ចិន​លោក Xi Jinping នៅ​ទីក្រុងប៉េកាំង​ប្រទេស​ចិន​កាលពីថ្ងៃទី​១៩ មិថុនា ឆ្នាំ២០២៣។REUTERS/Leah Millis/Pool
​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken​ ជួប​ជាមួយ​ប្រធានាធីបតី​ចិន​លោក Xi Jinping នៅ​ទីក្រុងប៉េកាំង​ប្រទេស​ចិន​កាលពីថ្ងៃទី​១៩ មិថុនា ឆ្នាំ២០២៣។REUTERS/Leah Millis/Pool

កិច្ចប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល ​ដើម្បី​ដាក់​ក្រុម​ហាម៉ាស់​ឲ្យ​នៅ​ឯកោ​ផ្នែក​ការទូត ផ្ទុយ​នឹង​តថភាព​ជាក់ស្តែង​ដែល​ថា​ការ​ឈប់​បាញ់​គ្នា​និង​ការ​ដោះលែង​ចំណាំង​ខ្មាំង​អ៊ីស្រាអែល​១២៩​នាក់ មិន​អាច​សម្រេច​បានដោយ​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​មនុស្ស​ប្រមាណ​១​ពាន់​២រយ​នាក់​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា។

ដោយ​ឈរ​ជាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken​ កាល​ពី​ចុង​ខែ​តុលា ​នាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ថ្លែង​ថា​ក្រុម​ហាម៉ាស់​«គួរតែ​ត្រូវ​បាន​ផាត់​ចេញ​ពី​សហគមន៍​ជាតិ​នានា។ មិន​គួរ​មាន​មេដឹកនាំ​ណា​ជួប​ក្រុម​នេះ​ទេ ហើយ​ក៏​គួរ​តែ​គ្មាន​ប្រទេស​ណា​ផ្តល់​ជម្រក​ដល់​ក្រុម​នេះ​ដែរ។ ប្រទេស​ណា​ដែល​ធ្វើ​ដូច្នេះ គួរ​តែ​រង​ទណ្ឌកម្ម»។

តែ​ជិត​៧​ខែ​ក្រោយ​មក មេដឹកនាំ​ក្រុម​ហាម៉ាស់ មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ផាត់​ចេញ​ទេ ​ប្រទេស​ដែល​ទាក់ទង​ជាមួយ​ពួកគេ​ក៏​មិន​ប្រឈម​នឹង​ទណ្ឌកម្ម​អ្វី​ដែរ។

គោលបំណង​ពិបាក​សម្រេច​បាន

នៅ​ចុង​ខែ​មេសា តំណាង​ក្រុម​ហាម៉ាស់ ស្ថិត​នៅ​ទីក្រុង​ប៉េកាំង​ពិភាក្សា​អំពី​ការ​ផ្សះផ្សារ​គ្នា​ជាមួយ​ក្រុម Fatah ដែល​ជា​ភាគី​ប៉ាឡេស្ទីន​មួយ​ទៀត។ មួយ​សប្តាហ៍​មុន​នោះ មេដឹកនាំ​ក្រុម​ហាម៉ាស់​លោក Ismail Haniyeh បាន​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី​លោក Tayyip Erdogan ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

លោក Ahmed Fouad Alkhatib អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ​Atlantic Council បាន​ប្រាប់​វីអូអេ​ជា​លាយលក្ខណ៍អក្សរ​ថា​គោលបំណង​ដែល​អ៊ីស្រាអែល​បាន​លើកឡើង​ជាញឹកញាប់​គឺ​ការ​លុបបំបាត់​ក្រុមហាម៉ាស់​ទាំងស្រុង​នោះ «គឺ​ជា​គោលបំណង​ដែល​ពិបាក​សម្រេច​បាន»។

អ្នកស្រី Sarah Parkinson សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Johns Hopkins ថ្លែង​ថា«វា​មិន​មែន​ជា​គោល​ដៅ​យោធា​ដែល​អាច​សម្រេច​បាន​នោះ​ទេ»។

តែ​អ្នក​ជំនាញ​ខ្លះ​ថា​ការ​ធ្វើ​ឲ្យ​ក្រុម​ហាម៉ាស់​ខ្សោយ​ដល់​កម្រិត​ដែល​ក្រុម​នេះ​សុខចិត្ត​យល់​ព្រមទទួល​យក​ដំណោះស្រាយ​នយោបាយ​ដែល​អ៊ីស្រាអែល​អាច​ទទួល​យក​បាន​ អាច​សម្រេច​បាន។

លោក Brian Katulis អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​មជ្ឈិមបូព៌ា ថ្លែង​ប្រាប់​វីអូអេ​ថា៖​«ការ​កែទម្រង់​និង​ការ​វិវត្ត​ក្រុម​ហាម៉ាស់​ដែល​ប្រតិបត្តិការ​ដោយ​ប្រើ​នយោបាយ​សន្តិវិធី​អាច​មាន​ប្រយោជន៍​សម្រាប់​សន្តិភាព​យូរ​អង្វែង»។

គោល​នយោបាយ​ចិន​និង​អាមេរិក

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​បាន​ព្យាយាម​ដើរ​តួ​មួយ​ដែរ។ តែ​ខុស​ពី​សហរដ្ឋ​អាមេរិក ចិន​មិន​បាន​ហៅ​ក្រុម​ហាម៉ាស់​ថា​ជា​ក្រុម​ភេរវជន​នោះ​ទេ។

នៅ​ខែ​មេសា ចិន​បាន​គាំទ្រ​សេចក្តី​សម្រេច​មួយ​ដែល​អំពាវនាវ​ឲ្យ​«រដ្ឋ​ប៉ាឡេស្ទីន» មាន​ឋានៈជា​សមាជិក​ពេញ​សិទ្ធិ​នៅ​អង្គការ​សហប្រជាជាតិ។ តែ​សហរដ្ឋ​អាមេរិក បាន​បោះឆ្នោត​វ៉េតូ​សេចក្តី​សម្រេច​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅ​ខែ​មេសា​ថា ចិន​គាំទ្រ​ម៉ឺងម៉ាត់​ចំពោះ«ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ» ព្រោះ​ការ​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​នេះ​ជា​ឫសគល់​នៃ​វិបត្តិ​ប៉ាឡេស្ទីន​ដែលមិនចេះ​ចប់។

ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ក៏​គាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ​ចំពោះ​ទំនាស់​ដ៏​យូរ​អង្វែង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទទូច​ថា​ក្រុម​ហាម៉ាស់​មិន​គួរ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ពេល​អនាគត​នោះ​ទេ។

លោក Blinken បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា​ថា​៖«យើង​ប្តេជ្ញា​ចិត្ត​ដូច​អ៊ីស្រាអែល​ដែរ​ ក្នុង​ការ​ធានា​ថា​ក្រុម​ហាម៉ាស់​មិន​អាច​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ទេ»។

មន្ត្រី​សហរដ្ឋ​អាមេរិក​ ទទួល​ស្គាល់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​នោះ​ហើយ​លើក​ឡើង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គួរ​តែប្រើ​ឥទ្ធិពល​នោះ​ប្រកប​ដោយ​ការ​ស្ថាបនា។

លោក​ Blinken ថ្លែង​ថា​ចិន​«គ្មាន​ប្រយោជន៍​អ្វី​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​ដែល​ឆេះ​សន្ធោសន្ធៅ ពោរពេញ​ដោយ​ជម្លោះ ហើយ​ដើម្បី​ផលប្រយោជន៍​ចិន​ផ្ទាល់ ខ្ញុំ​គិត​ថា​ចិន​កំពុង​សំឡឹង​រក​មើល​វិធានការ​សមស្រប»។

អ្នក​ជំនាញ​ថា​ទោះ​បី​ចិន​មាន​ប្រយោជន៍​ច្រើន​នៅ​ក្នុង​តំបន់​នោះ​ក៏​ដោយ ក៏​ឥទ្ធិពល​ចិន មិន​ស្មើ​ឥទ្ធិពល​អាមេរិក​ទេ។

លោក Katulis នៃ​វិទ្យាស្ថាន​មជ្ឈិមបូព៌ា ​និយាយ​ថា៖​«ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​នោះ នៅ​តែ​សំឡឹង​មើល​សហរដ្ឋ​អាមេរិក​ជា​ជម្រើស​ដៃគូ​យុទ្ធសាស្ត្រ​ព្រោះ​អាមេរិក​ផ្តល់​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​និង​ចូល​ប្រឡូក​ខាង​ការទូត​និង​សេដ្ឋកិច្ច​យ៉ាង​ក្លៀវក្លា»។

ខណៈ​សហរដ្ឋ​អាមេរិក​និង​ចិន ព្យាយាម​ជះ​ឥទ្ធិល​លើ​ស្ថានការណ៍​នៅ​ដែនដី​ប៉ាឡេស្ទីន ការ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​និង​ការ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ទៅ​រក​រដ្ឋ​ប៉ាឡេស្ទីន​មួយ អាស្រ័យ​ជា​ចម្បង​លើ​ការ​សម្រេច​ចិត្ត​របស់​អ៊ីស្រាអែល ពលរដ្ឋ​ប៉ាឡេស្ទីន និង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​។

មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុមហាម៉ាស់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press​ នៅ​ចុង​ខែ​មេសា​ថា​ក្រុម​នេះ​នឹង​ឈប់​តស៊ូ​ប្រដាប់អាវុធ​រយៈពេល​៥​ឆ្នាំ​ឬ​យូរ​ជាង​នេះ បើ​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ដោយ​កំណត់​យក​តាម​ព្រំដែន​មុន​ឆ្នាំ​១៩៦៧។ ធម្មនុញ្ញ​ក្រុម​ហាម៉ាស់​និង​សេចក្តី​ប្រកាស​បន្តបន្ទាប់​មក​ទៀត អំពាវនាវ​ឲ្យ​មាន​«ការ​រំដោះ»​ទឹក​ដី​ទាំង​អស់​នៅ​ចន្លោះ​ទន្លេ Jordan និង​សមុទ្រ​មេឌីទែរ៉ាណេ។​

លោក Netanyahu បាន​សម្តែង​ការ​ជំទាស់របស់​លោក​ម្តងហើយ​ម្តង​ទៀត​ចំពោះ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ជាពិសេស​រដ្ឋ​ដែលក្រុម​ហាម៉ាស់​មាន​តួនាទី​មួយ​នៅ​ក្នុង​នោះ។



ប្រែសម្រួល​ដោយ​លោក​សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG