ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅព្រះមហាក្សត្រហ៊្សកដានីព្រះចៅ Abdullah ថា ជា«មិត្តភ័ក្តិល្អនិងស្មោះត្រង់»។ លោកថ្លែងដូច្នេះនៅក្នុងជំនួបកាលពីថ្ងៃចន្ទ នៅសេតវិមាន ដែលជាជំនួបដោយផ្ទាល់លើកទីមួយនៃជំនួបចំនួន៣ ដែលលោក Biden គ្រោងនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយមេដឹកនាំប្រទេសនៅតំបន់មជ្ឈិមបូព៌ា។
លោក Biden បានព៌ណនាព្រះមហាក្សត្រហ៊្សកដានីថា ជាសម្ព័ន្ធមិត្តដ៏ខ្លាំងមួយនៅតំបន់ដ៏តានតឹង។ នេះជាការបង្ហាញនូវការគាំទ្ររបស់អាមេរិកសម្រាប់មេដឹកនាំប្រទេសហ៊្សកដានី បន្ទាប់ពីមានការប្រជែងអំណាចដោយព្រះអនុជប្រុសបីតាទីទៃកាលពីខែមេសា។
ព្រះមហាក្សត្រ Abdullah មានបន្ទូលថា «អ្នកអាចពឹងពាក់មកលើខ្ញុំ ប្រទេសខ្ញុំ និងសហការីជាច្រើនរបស់យើងនៅក្នុងតំបន់»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរ មានឱកាសជួបប្រជុំជាលក្ខណៈឯកជនដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា និងបង្ហាញពីតួនាទីដឹកនាំរបស់ប្រទេសហ៊្សកដានីក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
អ្នកស្រី បានហៅប្រទេសហ៊្សកដានីថា «ជាដៃគូសន្តិសុខនិងជាសម្ព័ន្ធមតិ្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក»៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពី The Associated Press និង Reuters