ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បញ្ជា​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ថ្មី​អំពី​ប្រភព​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២១។

នៅ​ពេល​ដែល​ការ​ប្រមើលមើល​មាន​កាន់តែ​ច្រើនឡើង​ថា ជំងឺ​កូវីដ១៩​ប្រហែល​បាន​លេចចេញ​ពី​មន្ទីរ​ពិសោធន៍​ចិន​មួយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ពុធ​បាន​បង្គាប់​ឲ្យ​ទីភ្នាក់ងារ​សហព័ន្ធ​នានា​«បង្កើន​ការ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ប្រមូល​និង​វិភាគ​ព័ត៌មាន​ដែល​អាចនាំ​យើង​ខិត​កាន់​តែ​ជិត​ដល់ការ​សន្មត​ជាក់លាក់​មួយ»។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក​ប្រធានាធិបតី Biden បាន​ប្រាប់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​«ឲ្យ​រាយការណ៍​ជូន​លោក​ក្នុង​រយៈពេល​៩០​ថ្ងៃ»បន្ទាប់​ពី​លោក​បាន​ទទួល​របាយការណ៍​មួយ​នៅ​ខែ​នេះ​ដែល​មិន​មាន​ការ​សន្មត​ជាក់លាក់។

អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​រង​របស់​សេតវិមាន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​ថា «ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​ប្រឹងប្រែង​មួយ​ទៀត​ដោយ​រដ្ឋាភិបាល​ទាំង​មូល ដោយ​មន្ទីរ​ពិសោធន៍​ជាតិ​និង​ទីភ្នាក់ងារ​នានា​របស់​យើង»។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​អស់​ជាច្រើន​ខែ​មក​ហើយ​ថា ការ​ខ្វះ​កិច្ចសហ​ប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រារាំង​ដល់​ការប្រឹងប្រែង​ពី​ខាង​ក្រៅ​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រភព​នៃ​វីរុស​កូរ៉ូណាដែល​បង្ក​ជំងឺ​កូវីដ១៩ ហើយ​ដែលបាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​៣លាន​៤សែន​នាក់​នៅ​ទូទាំង​ពិភពលោក​រួម​មាន​ ជិត​៦សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង។

កាសែត The Wall Street Journal កាលពី​ថ្ងៃ​ចន្ទ បាន​ដកស្រង់​សេចក្តី​រាយការណ៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ដែល​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ទីក្រុង Wuhan ក្នុង​ប្រទេស​ចិន បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី ខែ​វិច្ឆិកា ឆ្នាំ​២០១៩ គឺ​មួយ​ខែ​មុន​រដ្ឋាភិបាល​ចិន បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក​អំពី​ករណី​ទី១​នៃ​ជំងឺ​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG