ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ថា គោលដៅ​ការពារ​អាកាសធាតុ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ទេ


អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សម័យ​ប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពិភពលោក​ធ្វើ​មិន​ត្រឹមត្រូវ​ដើម្បី​សម្រេច​គោលដៅ​បន្ទាន់​មួយ​ចំនួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ។ ​

លោក ​Guterres ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​«ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​បច្ចុប្បន្ន​របស់​រដ្ឋ​ជា​សមាជិក​ ​ពិភព​លោក​កំពុង​ដើរ​តាម​ផ្លូវ​មហន្តរាយ​ គឺ​ឡើង​កំដៅ​ ២,៧​អង្សាសេ​ មិនមែន​ ១,៥​ អង្សាសេ​ ដូច​ដែលយើង​ទាំងអស់​គ្នា​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ។​ វិទ្យាសាស្ត្រ​ប្រាប់​យើង​ថា​ កំណើន​លើស​ពី​ ១,៥​ អង្សាសេ ​នឹង​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ»។​

អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា ​ដើម្បី​សម្រេច​គោលដៅ​កំណើន​កំដៅ​ត្រឹម​តែ ​១,៥​អង្សាសេ​ ​ប្រទេស​អ្នក​មាន​ត្រូវ​បង្កើន​ការ​ចំណាយ​ចំនួន​ ១០០​ពាន់ លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ពេលនេះ​ រហូត​ដល់​ឆ្នាំ​២០២៥។​

ការ​បញ្ចេញ​ឧស្ម័ន​បំពុល​អាកាសធាតុ​ ក៏ត្រូវ​កាត់​បន្ថយ​ជិតពាក់​កណ្តាល​ត្រឹម​ឆ្នាំ​២០៣០​ ដើម្បី​ឱ្យ​ប្រទេស​នានា​សម្រេច​គោលដៅ​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​អ៊ុកស៊ីដ​ (ឧស្ម័ន​កាបូនិក)​ ត្រឹម​គោល​ដៅ​ឆ្នាំ​២០៥០។​ កិច្ចការ​នេះ​ រួម​បញ្ចូល​ការងារ​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​នានា​ឈប់​ប្រើ​រោងចក្រ​ធ្យូងថ្ម​ដែល​បំពុល​អាកាសធាតុ។​

លោក ​Guterres ​បាន​និយាយ​ថា​ «បញ្ហា​ដែល​ខ្ញុំ​ជឿ​ថា​ ត្រូវ​ប្រឹងប្រែង​វែង​ឆ្ងាយ​តទៅ​ទៀត​ គឺ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​អាកាសធាតុ»។​

ជិត​៨០%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​អាកាសធាតុ​ គឺ​មក​ពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ គឺ​ប្រទេស​ G-20។

នៅ​ខែ​វិច្ឆិកា​ ប្រទេស​នានា​នឹង​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង ​Glasgow​ ប្រទេស​ស្កុតលែន​សម្រាប់​សន្និសីទ​អាកាសធាតុ​សំខាន់​មួយ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​វឌ្ឍភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​ចាប់តាំង​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥។​

កាលពី​ថ្ងៃ​ចន្ទ​លោក ​Guterres ​បាន​សហការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក ​Boris Johnson​ ​រៀបចំ​កិច្ច​ប្រជុំ​តូចមួយ​នៃ​ប្រទេស​សំខាន់ៗ​ដែល​ជា​ការ​ជួបជុំ​ចុងក្រោយនៅមុន​សន្និសីទ​នោះ។​ លោក Guterres ​និង​លោក ​Johnson​ បាន​និយាយ​អំពី​សញ្ញា​អាសន្ន​ថា​ ​សន្និសីទ​ពិនិត្យ​ឡើង​វិញ​នេះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាសន្និសីទ​អ.ស.ប.​ស្តីពី​អាកាសធាតុ​លើក​ទី​២៦ ​(26th Conference of the Parties)​ នេះ​មិន​អាច​បរាជ័យ​បានទេ ​ហើយ​ការ​ប្តេជ្ញា​ប្រកប​ដោយ​មហិច្ឆតា​ គឺ​ត្រូវការ​ជា​ចាំបាច់។​

លោក​ Johnson​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ «ខ្ញុំគិត​ថា​ សន្និសីទ​ស្តីពី​អាកាសធាតុ​លើក​ទី​២៦​ នៅ​ទីក្រុង​ Glasgow ​(Glasgow – COP26)​ គឺជា​ចំណុច​របត់​មួយ​សម្រាប់​ពិភពលោក។ វា​គឺជា​ពេល​ដែល​អាច​ប្រើ​បាន​ថា​ យើង​ជា​មនុស្ស​ធំ​ដឹង​ក្តី​ ​ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ»។​

អ.ស.ប.​និយាយ​ថា​ ពាក់​កណ្តាល​នៃ​ទឹក​ប្រាក់​១០០​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​បញ្ហា​អាកាសធាតុ​សាធារណៈ​នេះ​ ត្រូវការ​សម្រាប់កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រប​ខ្លួន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក ​Guterres ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ បញ្ហា​នេះ​មិន​មាន​វឌ្ឍភាព​គ្រប់​គ្រាន់​ទេ។​ ទោះ​ជាយ៉ាងណា​លោក​ពិតជា​បាន​ចង្អុល​ពី​ចលនា​មួយ​ចំនួន​ រួមទាំង​ការ​ប្តេជ្ញា​ចិត្ត​ថ្មីៗ​របស់​ប្រទេស​ស៊ុយអែត​ និង​ប្រទេស​ដាណឺម៉ាក​ កាលពី​ថ្ងៃ​ចន្ទ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំជឿ​ថា ​ថវិកា​៥០​ភាគ​រយ​នេះ​ អាច​នឹង​ទទួល​បាន​ការ​ទាក់ទាញ​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ទៅ​ដល់​ដំណាក់​កាល​នោះ​ទេ»៕

XS
SM
MD
LG